លោក ឃួង ស្រេង៖ រថយន្តដឹកទំនិញធំៗ មិនអនុញ្ញាតឱ្យចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ខណៈដោយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ឃួង ស្រេង៖ រថយន្តដឹកទំនិញធំៗ មិនអនុញ្ញាតឱ្យចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ខណៈដោយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង

 


ភ្នំពេញ៖ រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ឡើយ ពិសេសចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែលតម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូលលើអាកាស បាននិងកំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពី ស្នងការដ្ឋានរាជធានី, បញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា “កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះចរាចរ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំឱ្យបានរលូន និងកាត់បន្ថយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។” លោកលើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់បើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សារកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេស
នៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តការដោះស្រាយ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ បានបញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។
លោក ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ លោកបានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះមានផ្លូវវាងឱ្យពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីឱ្យពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។
លោក ឃួង ស្រេង បន្ថែមទៀតថា ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាពម៉ត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕

No comments:

Post a Comment

Pages