តាកែវ៖ មួយរយះចុងក្រោយនេះ ឃើញថា? អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតជាបន្តបន្ទាប់ អោយមន្ត្រីពាក់ព័ន្ធ ដើម្បីបកស្រាយបំភ្លឺទាក់ទងនិងករណីរឿងអំពើពុករលួយ ។
ជាក់ស្តែងអភិបាលរងស្រុកបុរីជលសារ ម្នាក់ទៀតហើយគឺលោកសាន់ សុះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)អោយបំភ្លឺជុំវិញករណីពីភាពមិនប្រក្រតីរឿងប្រាក់ចំនួន៦ ០០០ដុល្លារ នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលអង្គភាពគេហទំព័រ(សាន់ដេ)ទើបទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអោយលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ បំភ្លឺជុំវិញករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦ ០០០ដុល្លារ ជាការឧបត្ថម្ភរបស់លោកកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ។
នៅក្នុងលិខិតរបស់អង្គភាព ACU បានបញ្ជាក់ថា សូមជម្រាបជូនលោក សាន់ សុះ ថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួល និងពិនិត្យលេីពាក្យបណ្តឹងដែលបានលេីកឡើងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកបានទទួលប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តតាកែវ ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាមភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយ៉ាបមុខវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរ តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនោះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិ និងការសុំជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុក។
អង្គភាព ACU បានបញ្ជាក់បន្ថែមថា តើប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាមភូមិកំពង់យោល លោកយកទៅចាត់ចែង និងចំណាយលើគម្រោងអ្វីខ្លះ? សេចក្ដីដូចបានរៀបរាប់ខាងលើ សូមលោកអភិបាលរងស្រុក បំភ្លឺករណីនេះ និងផ្ដល់ឯកសារពាក់ព័ន្ធ មក អ.ប.ព. វិញឱ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់ នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕
No comments:
Post a Comment