កំពង់ចាម៖នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវអញ្ជើញដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមទស្សនា និងប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីខេត្តកំពង់ចាមក្នុង ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ និងពិធីបណ្ដែតប្រទីប អុចកាំជ្រួច ការប្រគំតន្រ្តី និងការតាំងពិព័រណ៍សមិទ្ធិផលនានាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអ្នកដែលពាក់ព័ន្ធ ដែលបានប្រារព្ធកម្មវិធីនេះឡើងដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព។
សូមជម្រាបថា ពិធីប្រណាំងទូកនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ហើយក្នុងនោះ ក៏មានពិធីបណ្ដែតប្រទីប អុជកាំជ្រួច ដែលបានចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ និងលេីកស្ទួយវិស័យកីឡាប្រណាំងទូកកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានពិធីតាំងពិព័រណ៍សមិទ្ធិផលនានាដែលបង្ហាញពីការរីកចម្រេីននៃរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពនានាទូទាំងខេត្តកំពង់ចាម៕
No comments:
Post a Comment