កំពង់ចាម៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មានសារព័ត៌មានមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ បានធ្វើការចែកចាយវីដេអូឃ្លីបបង្ហាញពីសកម្មភាពកំពុងបំពេញភារកិច្ច របស់កម្លាំង នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីបុណ្យអុំទូក “ង” តាំងពិព័រណ៍ផលិតផល និងបណ្ដែតប្រទីប ក្នុងក្រុងកំពង់ចាម ។
ស្នងការដា្ឋននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងថ្ងៃដ៏អធិកអធមនេះមានមនុស្សចូលរួមយ៉ាងច្រើនកុះករប្រមាណជាង៣៥ម៉ឺននាក់ ដូច្នេះហើយស្នងការដ្ឋាន បានអនុវត្តតាមបទបញ្ជ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អភិបាល នៃគណៈអភិបាល និង ជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងកម្លាំង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរៀបចំ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ ទាំងកិច្ចការពារសន្តិសុខ ទាំង ការរៀបចំសណ្តាប់ធ្នាប់ និងការជួយសង្គ្រោះដល់កីឡាករជាដើម ។
ដោយឡែកនៅថ្ងៃទី២៩ សមត្ថកិច្ចយើងខ្ញុំ បានធ្វើការបញ្ចៀសមធ្យោបាយ(រថយន្ត និងម៉ូតូ) បង្វែទៅផ្លូវផ្សេងជៀសវាងការកកស្ទះ ដោយទុកឲ្យថ្មើរជើងធ្វើ ដំណើរក្នុងបរិវេណទីតាំងប្រារព្ធពិធី ស្រាប់តែមានបុរសម្នាក់ អះអាងថាខ្លួនជាអ្នកសារព័ត៌មានប្រើប្រាស់មធ្យោបាយ (ម៉ូតូ)ជិះចុះជិះឡើងបង្កការរំខានសមត្ថកិច្ច កំពុងបំពេញភារកិច្ចនៅគោលដៅក្រោមស្ពាន ដែលជាទីតាំងមួយ ធ្លាប់មានការកកស្ទះកំឡុងពេលពិធីកំសាន្តនេះនៅឆ្នាំមុនៗកន្លងមក។
ជាមួយគ្នានេះ បុរសម្នាក់នេះបានព្យាយាម ផ្សាយបន្តផ្ទាល់(Live) បង្ហោះដើម្បីផលចំណេញប្រយោជន៍ផ្ទាល់ខ្លួន ។ ផ្ទុយមកវិញ គាត់បានប្រើប្រាស់ពាក្យ ពេចន៍អសុរោះវាចាមើលងាយ សមត្ថកិច្ចយើងខ្ញុំ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច និងអនុវត្តតាមបទបញ្ជ យ៉ាងហ្នឹងម៉ាត់ មិនថាវេលាយប់ ឬវេលាថ្ងៃ មិនថាអាកាសធាតុក្តៅ ត្រជាក់ ភ្លៀងធ្លាក់ ឬកណ្ដាលទន្លេនោះឡើយ ដោយសម្អាងថាគាត់មានទីលំនៅនៅទីតាំងនេះ ។
ក្រោយពីមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងសហការ ស្រាវជ្រាវពីសមត្ថកិច្ច ម្ចាស់ទំព័រហ្វេសប៊ូកនេះ បានធ្វើការលុបរូបវីដេអូនេះ តែមានអ្នកប្រើប្រាស់មួយចំនួន នៅតែ បន្តការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានការពិចារណា និងគ្មានមូលដ្ឋានច្បាស់លាស់ ហេតុនេះសមត្ថកិច្ចយើងខ្ញុំ អំពាវនាវ ដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែកចាយព័ត៌មានខាងលើ និងកុំបន្តការគាំទ្រទំព័រសារព័ត៌មានអនឡាញ ដែលប្រកបខុសពីវិជ្ជាជីវៈ ដែលធ្វើឲ្យមានការយល់ច្រឡំពីសាធារណជន និង សា្ថប័នមានសមត្ថកិច្ចកំពុងបំពេញការងារ ។
No comments:
Post a Comment