ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

កំពង់ចាម៖នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្ម ។ពិធីនេះដែរក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ ។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងចំពោះការខិតខំប្រឹង កសាងសមិទ្ធផលនានា និងការអភិវឌ្ឍអង្គភាព នារយៈពេលជិត១ឆ្នាំ កន្លងមកនេះ មានដូចជា: ការកសាងប៉ុស្តិ៍ចំនួន៧បុឺស្តិ៍ ក្នុងនោះមានប៉ុស្តិ៍ចំនួន០៣ បានសាងសង់រួចជាស្ថាពរ100% និងទទួលបានប៉ុស្តិ៍ចំនួន៤បន្ថែមទៀតពីក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះ អាគារមួយខ្នង ដែលមានកម្ពស់២ជាន់ និងមានទំហំ២៤*១០ម៉ែត្រ បច្ចុប្បន្នបាននឹងកំពុងសាងសង់ សម្រាប់ផ្ដល់កន្លែងធ្វើការសមរម្យជូនលោក-លោកស្រីស្នងការរង ព្រមទាំងបានជួសជុលសាលប្រជុំធំ របស់ស្នងការដ្ឋាន ផងដែរ ។ ក្រឡេកទៅមើលការបណ្ដុះបណ្ដាលសមត្ថភាពមន្រ្ដីជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចាត់បញ្ជូនមន្រ្ដី តាមឋានានុក្រម តាមវគ្គជំនាញ ទៅសិក្សានៅក្រៅប្រទេស និងក្នុងប្រទេស ព្រមទាំងបើកវគ្គបណ្ដុះបណ្ដាលនៅស្នងការដ្ឋានផ្ទាល់ បានជាច្រើនវគ្គ នាពេលកន្លងមកនេះ ។ 


ជាការពិតណាស់ ការងារសវនកម្មផ្ទៃក្នុង គឺផ្ដោតសំខាន់លើការពង្រឹងអភិបាលកិច្ចល្អ សុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ក្នុងអង្គភាពទាំងមូល ។ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនបានយ៉ាងល្អប្រសើរដូចជា ការគ្រប់គ្រងបុគ្គិលិកច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្ដល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ បានអនុវត្តកិច្ចការហិរញ្ញវត្ថុរួមមាន ការគ្រប់គ្រងចំណូល-ចំណាយ និងឯកសារនានាបានត្រឹមត្រូវតាមនីតិវិធីជាធរមាន ។ មិនតែប៉ុណ្ណោះ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងត្រឹមត្រូវ ស្របតាមច្បាប់គោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសបានជំរុញការងារចុះបញ្ជីកម្មសិទ្ធិដីធ្លីទាំងអស់របស់សវនដ្ឋាន ដើម្បីជៀសវាងការកើតមានបញ្ហាទំនាស់ដីធ្លីដោះស្រាយមិនចប់ ។


ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកសវនកម្ម បានថ្លែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងយកអស់កំលាំងកាយចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច ដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងការអភិវឌ្ឍអង្គភាពបានយ៉ាងល្អប្រសើរ និងជាមោទនភាព ក្នុងរយៈពេលកន្លងមកនេះ និងថ្លែងបន្ថែមទៀតថា ទាំងនេះក៏មានចូលរួមយ៉ាងស្រសះស្រសាំ ការលះបង់ការនឿយហត់ ការតស៊ូ អត់ធ្មត់ និងការចូលរួមគោរពវិន័យកងកម្លាំងនគរបាលជាតិ កត្តាសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទើបស្នងការដ្ឋានមានការរីកចំរើនទៅមុខជាលំដាប់ និងជាបន្ដបន្ទាប់ ។ ចំណែកឯ ចំណុចខ្វះខាត់ និងត្រូវខិតខំបំពេញបន្ថែម ដើម្បីបន្ដ និងធានាបាននូវនិរន្តរភាពការងារ ឆ្ពោះទៅបន្ដទៀត ៕






















No comments:

Post a Comment

Pages