ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យពិនិត្យនិង ស្ថាបនាផ្លូវ និងទំនប់ឡើងវិញ ក្រោយប្រជាពលរដ្ឋផ្ទុះការតវ៉ាថា មិនមានគុណភាព - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យពិនិត្យនិង ស្ថាបនាផ្លូវ និងទំនប់ឡើងវិញ ក្រោយប្រជាពលរដ្ឋផ្ទុះការតវ៉ាថា មិនមានគុណភាព

 

ខេត្តកំពង់ចាម ÷ គម្រោងដេញថ្លៃជួសជុលទំនប់ប្រវែង១០១៥ម៉ែត្រ មានខ្នងលើ៤ម៉ែត្រ ដាក់លូ៤ កន្លែង ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម តម្លៃដាក់ឲ្យដេញថ្លៃជាង២០៣លានរៀល ក្នុងនោះមានក្រុមហ៊ុន៨ បានចូលរួមប្រកួតប្រជែងដេញថ្លៃ, ហើយការដេញថ្លៃបានទៅលើលោក និល ចាន់នៅ ក្នុងតម្លៃជាង៨៣លានរៀល។ អ្វីដែលចាប់អារម្មណ៍នោះ គឺការជួសជុលផ្លូវមិនទាន់រួចរាល់ផង គឺក្រុមហ៊ុនបានបើកលុយពីរតនាគារខេត្តអស់ទៅហើយ ចំពោះការស្ថាបនានេះ ត្រូវបានគេសង្ស័យថា មានភាពមិនប្រក្រតី គឺមិនមានគុណភាព ហើយប្រជាពលរដ្ឋផ្ទុះការតវ៉ាដោយថាយកដីស្អុយមកក្រាលធ្វើផ្លូវ។ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានមួយរូបសូមមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា សូមបញ្ជាក់ថា រយៈពេលកន្លងមកនៅសាលាឃុំស្រក បានរៀបចំដំណើរការដាក់ឲ្យដេញថ្លៃការជួសជុលទំនប់ប្រវែងជាង១០០០ម៉ែត្រ ក្នុងនោះមានការចូលរួមពីក្រុមប្រឹក្សាឃុំព្រមទាំងជំនាញពាក់ព័ន្ធ ហើយការប្រកួតប្រជែងមានលក្ខណៈចាញ់ឈ្នះហួសកម្រិតដោយអ្នកដេញបានចុះមកនៅជាង៨៣លានរៀល កត្តានេះដែលធ្វើឲ្យមានការព្រួយបារម្ភពីគុណភាពទំនប់ផងដែរ។


ប្រភពអាជ្ញាធរមូលដ្ឋានសូមមិនបញ្ចេញឈ្មោះបន្តឲ្យដឹងទៀតថា តាមលក្ខណៈបច្ចេកទេសការជួសជុលទំនប់មួយខ្សែនេះត្រូវរៀបចំដាក់ប្រព័ន្ធលូចំនួន ៤កន្លែង, ក្នុងនោះមានប្រព័ន្ធលូចំមុខទឹកធំតែម្ដងតែនេះគេដាក់នៅចុងទំនប់ទៅវិញ ចំពោះផ្លូវប្រវែងប្រមាណជិត៤០០ម៉ែត្រទៀតពេលគេស្ថាបនាទើបដាក់លូតាមក្រោយ។ ចំពោះក្រុមហ៊ុនដែលដេញថ្លៃបានមិនដឹងជាយ៉ាងណានោះទេសូម្បីតែក្រុមហ៊ុនដែលដេញបាននេះឱ្យបន្តស្ថាបនាផ្លូវដែលនៅសេសសល់គឺលោកមេឃុំ មិនបានប្រជុំពិគ្រោះយោបល់ឱ្យក្រុមប្រឹក្សាឃុំបានដឹងនោះទេ គឺគេរៀបចំដោយស្ងាត់ៗតែម្ដង។ ហើយថវិកាដែលនៅសល់មានប្រមាណ ១១៩លានរៀល គឺត្រូវបានបន្តឲ្យក្រុមហ៊ុនដដែលធ្វើការស្ថាបនាផ្លូវគេមិនដឹងថាលៃលោកយកថវិកាពីខាងណាមកបន្ថែមដើម្បីធ្វើផ្លូវដូច្នេះមានតែក្រុមបច្ចេកទេសទេដែលដឹង។ 


ស្របពេលដែលក្រុមហ៊ុនស្ថាបនាជួសជុលទំនប់ប្រវែងជាង១០០០ ម៉ែត្រ និងការស្ថាបនាផ្លូវបន្តទាំងមិនទាន់រួចរាល់ផង គឺក្រុមហ៊ុនបានបើកលុយពីរតនាគារខេត្តរួចបាត់ទៅហើយ។តាមគោលការណ៍ទាល់តែស្ថាបនាទំនប់និងផ្លូវរួចរាល់ទើបមានសិទ្ធិអនុញ្ញាតឱ្យក្រុមហ៊ុនបើកលុយពីរតនាគារតែនេះមិនដូច្នោះឡើយ។ ពេលផ្ទុះរឿងនេះក៏ឃើញក្រុមហ៊ុនលេចមុខមកស្ថាបនាផ្លូវបន្ត ដែលគេសន្យាថាចុងឆ្នាំ២០២៣ នេះទើបស្ថាបនារួចរាល់។លោក ស៊ត ស៊ន់ ជំទប់ទីមួយឃុំស្រក មានប្រសាសន៍ឲ្យដឹងថា ការដេញថ្លៃគម្រោងជួសជុលទំនប់ប្រវែងមួយពាន់ម៉ែត្រនេះគឺពុំទាន់រួចរាល់ពិតមែន។ហើយក្រុមហ៊ុនបានបើកលុយពីរតនាគារចំនួនពីរលើករួចទៅហើយចំណែកលើកទីបីគឺជាប្រាក់ចំនួន១០% គឺជាថវិការសម្រាប់ថែទាំផ្លូវក្នុងរយៈពេល៦ខែ។ ចំពោះគុណភាពផ្លូវឥឡូវនេះមិនទាន់អាចធ្វើការវាយតម្លៃបាននោះទេទាល់តែក្រុមហ៊ុនស្ថាបនារួចរាល់ទើបក្រុមគណៈកម្មការចម្រុះចុះវាតម្លៃទៅកើតដោយមានការពិភាក្សាជាមួយក្រុមប្រឹក្សាឃុំដែលមានគ្នាប្រមាណ៦ទៅ៧ នាក់។


សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងឃុំស្រក បាននាំគ្នាប្រតិកម្មទៅនឹងក្រុមហ៊ុនរបស់លោកចាន់ នៅ ដែលដេញការស្ថាបនាជួសជុលទំនប់និងផ្លូវបានបែរជាយកដីស្អុយមកចាក់ធ្វើផ្លូវទៅវិញ។ទង្វើបែបនេះប្រជាពលរដ្ឋមិនអាចទទួលយកបាន។លោកឌុច ឡេង មេឃុំស្រកមានប្រសាសន៍ឲ្យដឹងថា ចំពោះគម្រោងស្ថាបនាទំនប់ប្រវែងជាង ១០០០ម៉ែត្រ នៅភូមិល្ពាក ឃុំស្រក គឺក្រុមប្រឹក្សាឃុំខ្លះដឹងនិងខ្លះមិនដឹងដោយសារតែមិនមានការជួបជុំគ្នា។ហើយរូបលោកទទួលស្គាល់ថាស្មៀនឃុំបានយកលិខិតមកឲ្យរូបលោកចុះហត្ថលេខាក្នុងនោះលោកមិនបានចាប់អារម្មណ៍ពីក្រុមហ៊ុនដែលដេញថ្លៃបាននោះទេរួមបញ្ចូលទាំងចុះហត្ថលេខាដើម្បីបើកលុយឲ្យក្រុមប្រឹក្សាឃុំ ហើយស្មៀនឃុំក៏មិនបាននិយាយប្រាប់ពិស្ដារ ដោយក្នុងគ្រានោះរូបលោកឈឺភ្នែកព្រោះក្រោយពីការដេញថ្លៃរួចរូបលោកក៏មានជំងឺតែម្ដង។ ឥឡូវនេះក្រុមហ៊ុនបានកំពុងតែយកគ្រឿងចក្រមកដើម្បីធ្វើការជួសជុលផ្លូវបន្តធ្វើយ៉ាងណាឲ្យរួចរាល់។



លោក សុខ នៅ ដែលដេញថ្លៃគម្រោងស្ថាបនាទំនប់ប្រវែង ជាង១០០០ម៉ែត្រ បានឱ្យដឹងតាមទូរស័ព្ទដែលថា ក្រុមហ៊ុនរបស់លោកក្រោយពីដេញថ្លៃបានចុះស្ថាបនាជួសជុលទំនប់ក្នុងនោះមានទាំងលូចំនួន៤កន្លែង តែដោយសារភ្លៀងត្រូវបានអាក់ខានមួយរយៈ, បន្ទាប់ពីដាច់ទឹកភ្លៀងក្រុមហ៊ុនបានចុះស្ថាបនាឡើងវិញ។ដោយមានការស្នើសុំពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឃុំក្រុមហ៊ុនបានបន្ថែមលូចំនួន៥ទៀត ដើម្បីងាយស្រួលបើកទឹកចេញចូលសម្រាប់បង្កបង្កើនផលដាំដំណាំស្រូវ។លោក ប្រាក់ ទិត នាយកទីចាត់ការនិងផែនការវិនិយោគខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថា ក្រោយពីមានរឿងនេះបានកើតឡើងឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានកោះហៅក្រុមប្រឹក្សាឃុំស្រកទាំងអស់មកប្រជុំនិងធ្វើកិច្ចសន្យា ដោយតម្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដែលដេញថ្លៃបាននោះស្ថាបនាទំនប់នឹងការជួសជុលផ្លូវទៅតាមកិច្ចសន្យានិងមានគុណភាព៕ 








No comments:

Post a Comment

Pages