លោក ស៊ុយ និមល ចេញលិខិតជូនដំណឹងនិងបំភ្លឺ ពាក់ព័ន្ធទំនាស់ដីធ្លីជាង២០ហិកតា នៅបឹងតាមោក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ស៊ុយ និមល ចេញលិខិតជូនដំណឹងនិងបំភ្លឺ ពាក់ព័ន្ធទំនាស់ដីធ្លីជាង២០ហិកតា នៅបឹងតាមោក

 

(ភ្នំពេញ)៖ ក្រោយបណ្តាញសារព័ត៌មាន(គេហទំព័រសាន់ដេ)(គេហទំព័រដើមរាំង)(គេហទំព័រTNM)(គេហទំព័រផែនដីថ្មី)និង(គេហទំព័រពេញចិត្តមេឌា) បាន ធ្វើការផ្សព្វផ្សាយ ដោយដកស្រង់យោងតាមការអះអាងរបស់ ភាគីលោកស្រី ឈិន សុគន្ធារី ដែលថា”អាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីចេញអនុក្រឹត្យ កាត់ឆ្វៀលដីគាត់២០ហិកតា ឱ្យទៅបុគ្គលផ្សេង”នោះមក(ពោល)ឥឡូវៈ នៅថ្ងៃទី២៦.០៣.២០២៤ ភាគីអ្នកទទួលបានដី ពីរាជរដ្ឋាភិបាល.និងជាបុគ្គលដែលរងការចោទប្រកាន់គឺលោក ស៊ុយ និមល បានចេញលិខិតបដិសេធចោលនូវ៖ រាល់ការចោទប្រកាន់របស់ភាគីលោកស្រី ឈិន សុគន្ធារី ពាក់ព័ន្ធទំនាស់ដីធ្លីទំហំជាង២០ហិកតា ត្រង់ចំណុច”បឹងតាមោក.បឹងកប់ស្រូវ”ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


-នេះបើយោងតាម លិខិតជូនដំណឹងរបស់លោក ស៊ុយ និមល អមដោយមេធាវី គីម សុវណ្ណ នៅថ្ងៃទី២៦.០៣.២០២៤។នៅក្នុងលិខិតនោះលោក ស៊ុយ និមល បានជូនដំណឹងមកកាន់បណ្តាញសារព័ត៌មានខាងលើ ដោយលោក សូមបដិសេធចោល ចំពោះខ្លឹមសារនៃការអះអាងរបស់លោកស្រី ឈិន សុគន្ធារី តាមបណ្ដាញសារព័ត៌មាន កាលពីកន្លងទៅ..!។ទន្ទឹមនិងនោះលោក ស៊ុយ និមល ក៏បានបំភ្លឺនិងបញ្ជាក់ថាៈ ដីត្រង់ចំណុចខាងលើ កាលពីអំឡុង ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យ លេខ៖ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣,២៣៩.៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។


ក្រោយមកនៅឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីការកែសម្រួលផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតក្នុង រាជធានីភ្នំពេញ ។ដោយនៅក្នុងការកែសម្រួលផ្ទៃដីបឹងតាមោកខាងលើនេះ រាជរដ្ឋាភិបាលបាន សម្រេចធ្វើប្រទានកម្មដី ដោយការកាត់ឆ្កៀលផ្ទៃដីទំហំ២០៣,៦៨៧ម (ម្ភៃម៉ឺនបីពាន់ប្រាំមួយរយ ប៉ែតសិបប្រាំពីរម៉ែត្រការ៉េ) ជូនមកឲ្យរូបលោក ធ្វើជាម្ចាស់កម្មសិទ្ធិ..!។បន្ថែមលើសពីនេះទៅទៀត លោក ក៏ទទួលបានការចុះបញ្ជីជាម្ចាស់កម្មសិទ្ធិដីខាងលើតាមនីតិវិធីច្បាប់។ដែលតាងដោយវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈ ១២១២០១០៦-០៤០៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ផងដែរ។


ដោយឡែក មួយរយៈក្រោយមកនេះ ក៏មានឈ្មោះ ឈិន សុគន្ធារី មកធ្វើការអះអាងថា ដីខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន ។ដែលបានកាន់កាប់អស់រយៈពេលជាយូរ ទាំងមិនមានឯកសារបញ្ជាក់អំពី ភាពជាម្ចាស់កម្មសិទ្ធិណាមួយទាល់តែសោះ។លើសពីនេះទៅទៀត ឈ្មោះ ឈិន សុគន្ធារី ក៏បានធ្វើ ការស្នើសុំ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍លើដីខាងលើ ដូចមានក្នុងលិខិត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ជាលទ្ធផល ក្រោយពីក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យនិងផ្ទៀងផ្ទាត់លើដីខាងលើរួចរាល់។គឺឃើញថា ការផ្ទេរសិទ្ធិកាន់កាប់ចំពោះដីខាងលើពីម្ចាស់ដីដើមឲ្យទៅឈ្មោះ ឈិន សុគន្ធារី កាលពីឆ្នាំ២០០៨ គឺពុំមានអានុភាពឡើយ។ព្រោះដីនោះ គឺជាដីសាធារណៈរបស់រដ្ឋ ដែលជាផ្ទៃដីបឹងតាមោក ដូចមានក្នុងលិខិតលេខៈ ៣០២៧ ដនស/ខុទ្ទ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


ដោយឈ្មោះ ឈិន សុគន្ធារី មិនអស់ចិត្ត នៅតែធ្វើការអះអាងក្នុងន័យបំភ្លើសបំភាន់អង្គហេតុ រំលោភបំពានមកលើលោក ស៊ុយ និមល មិនតែប៉ុណ្ណោះ សូម្បីតែម្ចាស់អង្គភាពសារព័ត៌មានខាងលើ ក៏បានធ្វើការចុះផ្សាយព័ត៌មានមិនពិតតាមការញុះញង់របស់ឈ្មោះ ឈិន សុគន្ធារី ជាសាធារណៈផងដែរ។ដែលអំពើនេះគឺពិតជាធ្វើអោយប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោក ស៊ុយ និមល ជាខ្លាំង។បន្ថែមពីនេះលោក ស៊ុយ និមល ក៏បានស្នើឱ្យ«បណ្តាញសារព័ត៌មានខាងលើ ធ្វើការលុបចំពោះព័ត៌មាន ដែលបានផ្សាយចោទប្រកាន់ ទៅលើរូបលោក តាមការអះអាងរបស់លោកស្រី ឈិន សុគន្ធារី កាលពីកន្លងមក។ទន្ទឹមនិងនោះលោក ស៊ុយ និមល ក៏បានព្រមានថា បើនៅតែបន្តផ្សព្វផ្សាយចោទប្រកាន់មកលើរូបលោកទៀត លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់មិនខាន!។សូមជម្រាបថា ករណីវិវាទដីធ្លីជាង២០ហិកតា ត្រង់ចំណុចខាងលើ៖-មានភាគីម្ខាងជាលោកស្រី ឈិន សុគន្ធារី អាយុ៦៩ឆ្នាំ នៅផ្ទះលេខ០៣ ផ្លូវ ៣១៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ.។រីឯភាគីម្ខាងទៀតគឺលោក ស៊ុយ និមល អាយុ៣៨ឆ្នាំ នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ..!។


-ជុំវិញការជូនដំណឹងនិងទំនាស់រវាងលោកស្រី ឈិន សុគន្ធារី និងលោក ស៊ុយ និមល នេះដែរ.!។បណ្តាញសារព័ត៌មានខាងលើ ចុះផ្សាយដោយគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។(ពោល)គឺ មុនចុះផ្សាយ បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធ គ្រប់ជ្រុងជ្រោយ ។ហើយថែមទាំងបានសុំការបំភ្លឺពីលោក ស៊ុយ និមល ដោយផ្ទាល់ទៀតផង ពុំមែនជឿតែម្ខាងៗ ប៉ុន្តែពេលនោះ បែរជាមិនមានការបកស្រាយពីលោក ស៊ុយ និមល !។លុះពេលនេះលោក ស៊ុយ និមល ចេញលិខិតជូនដំណឹង និងបំភ្លឺ! ម្យ៉ាងវិញទៀត ដើម្បីឱ្យមានចំលើយទាំងសងខាង«បណ្តាញសារព័ត៌មាន»យើងខ្ញុំសម្រេចធ្វើការផ្សព្វផ្សាយឡើងវិញ នូវលិខិតបំភ្លឺទាំងស្រុង របស់លោក ស៊ុយ និមល ដើម្បីអនុវត្តនូវក្រមសិលធម៌អ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវ:អ្នកសារព័ត៌មាន។






No comments:

Post a Comment

Pages