កណ្តាល/នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ អាណត្តិទី៤ ក្រោមអធិបតីភាព លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក-នាយករងរដ្ឋបាលសាលាក្រុង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាពរបស់ក្រុង ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម-ខ្សាច់កណ្ដាល ប្រធានការិយាល័យ-អង្គភាព ចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំង១១ ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តឱ្យបាននូវឯកសារតម្រូវដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាក្រុងនេះ។
កិច្ចប្រជុំនេះ បានធ្វើការពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន ០៣ រួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ អាណត្តិទី៤ ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ អាណត្តិទី៤ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ អាណត្តិទី៤ សម្រាប់រយៈពេល ១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ដល់ លោក លោកស្រីទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំ និងបានជម្រាបជូនអំពីរបៀបវារៈដែលត្រូវពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងន័យជំរុញការអនុវត្តការងាររបស់រដ្ឋបាលក្រុងឱ្យប្រព្រឹត្តទៅបានរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមការណែនាំរបស់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ បន្ទាប់មក លោកប្រធានអង្គប្រជុំ បានដឹកនាំដំណើរការនៃកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុក។
ថ្លែងបូកសរុបនៅក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់នៃអង្គប្រជុំ ត្រូវបន្តឆន្ទៈមោះមុតក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ខិតខំដោះស្រាយនូវរាល់បញ្ហា និងឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបាននូវវឌ្ឍនភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀតជូនរដ្ឋបាលក្រុង៕
No comments:
Post a Comment