ខេត្តមណ្ឌលគិរី÷ នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ របស់មេឃុំប៊ូស្រាមានបោះត្រា និងចុះហត្ថលេខាដោយលោកយ៉ើត សារិន បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់ កំពុងមានចរន្តការបែងចែកដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្នុង១គ្រួសារទំហំ ៣០ ម៉ែត្រគុណនិង៧០ម៉ែត្រ និងដីកសិកម្មទំហំ៣ហិចតាទៀតផង។ នៅក្នុងលិខិតរបស់លោកមេឃុំផ្ញើជូនចៅហ្វាយស្រុកប៊ូស្រាបានឲ្យដឹងថា សុំរាយការណ៍បឋម ស្តីពីព័ត៌មានបំផុសបំផុលសំណើរស្តីពីការចែក ដីលំនៅដ្ឋាន៣០ម៉ែត្រ x ៧០ម៉ែត្រ និង ដឹកសិកម្ម៣ហិកតា សម្រាប់១គ្រួសារ ។លិខិតរបស់លោកមេឃុំ ប្រាប់លោកអភិបាលស្រុកថា ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២ ខ្ញុំបាទស៊ើត សារីន មេឃុំប៊ូស្រា ចាត់តាំងលោកកេង ញ៉ក់ ជំទប់ទី១ និងលោកសឺង កាយ ជំទប់ទី២ ឃុំប៊ូស្រា ចុះទៅយក ព៍ត៌មាន។
តាមការឆ្លើយរបស់លោកស្រី មីត ហ្វាតឺម៉ាស់ ហៅយាយម៉ាឡៃ (ខ្មែរឥស្លាម) ដែលមានទីលំនៅ និងកំពុងរស់នៅវ៉ាល់យោង បាននិយាយថា លោកឈិត សុផល តួនាទីនាយករងរដ្ឋបាលខេត្ត បានឲ្យខ្ញុំបាទ/នាងខ្ញុំមីត ហ្វាតីម៉ាស់ និង លោក ឡុង ប្រុស បំផុស បំផុលប្រជាពលរដ្ឋតាមខេត្តនានា ដែលគ្មានដីប្រើប្រាស់ ឲ្យដាក់ពាក្យធ្វើសំណើមក ដោយខ្ញុំទាំងពីរនាក់ ជាអ្នក ទទួលសំណើនេះ ប្រគល់ឲ្យលោកឈិត សុផល ស្នើសុំទៅខេត្តបន្ត ។ សូមបញ្ជាក់ថាៈ មកដល់ថ្ងៃនេះ ទទួលសំណើរពីប្រជាពលរដ្ឋបានចំនួន៥០គ្រួសារហើយ។ប្រភពមន្ត្រីបរិស្ថានអះអាងចោទថា លោក ឈិត សុផលជាអ្នកបំផុសបំផុលឱ្យប្រជាពលរដ្ឋប៉ុនប៉ង យកដីដែនអភិរក្សបរិស្ថានដើម្បីធ្វើជាដីសង្គមកិច្ច មិនតែប៉ុណ្ណោះក៏មានការយកលុយយកកាក់ពីប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងគ្រួសារ២០-៣០ម៉ឺនរៀលនោះទៀតផង។
យ៉ាងណាក៏ដោយលោកកេង ញ៉ក់ ជំទប់ទី១ឃុំប៊ូស្រាអះអាងប្រាប់អ្នកកាសែតថា ឯកសារទាំងឡាយត្រូវបានលោកឈិត សុផល យកទៅអស់ហើយ។ រីឯរឿងយកលុយ១គ្រួសារ២០-៣០ម៉ឺនរៀលនោះ មិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេ ព្រោះវាជាពាក្យចរចាមអារាម។លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ក៏បានប្រាប់អ្នកកាសែតពេញចិត្តមេឌាដែរថា រឿងនេះរដ្ឋបាលស្រុកកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវរកប្រភពឱ្យបានច្បាស់លាស់។ លោកអភិបាលស្រុកទទួល ស្គាល់ថា បានឃើញលិខិតមួយច្បាប់ របស់រដ្ឋបាលឃុំប៊ូស្រាប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋបាលស្រុកនឹងបន្តស្រាវ ជ្រាវដើម្បីឲ្យបានដឹងរឿងច្បាស់លាស់។
លោក ឈិត សុផល ដែលរកការចោទប្រកាន់នេះមិនអាចទាក់ទងសុំការបំភ្លឺលំអិតបាននោះទេ។បើតាមប្រភពពីមន្ត្រីសាលាស្រុកពេជ្រជ្រាដាបានឲ្យដឹងថា តំបន់ដែលប្រជាពលរដ្ឋជនជាតិខ្មែរឥស្លាម កំពុងរស់នៅជាតំបន់ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី។ ទីនេះរងការកាប់បំផ្លាញយ៉ាងមហន្តរាយដែលគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិរកឃើញថា ការកាត់បំផ្លាញរាប់រយ,រាប់ពាន់ហិចតាស្ថិតក្នុងដែនសមត្ថកិច្ចមន្ទីរបរិស្ថាន។ វាក្លាយ ទៅជាដីវាលរហោឋាន ដែលមិនទាន់មានអ្នកទទួលខុសត្រូវនៅឡើយ៕
No comments:
Post a Comment