ក្រសួងរ៉ែនិងថាមពលយល់យ៉ាងណា ករណីប្រធានមន្ទីរខេត្តកំពង់ឆ្នាំងដោះលែងសាឡង់បូមខ្សាច់២គ្រឿង, កាណូតដឹកខ្សាច់ ៦គ្រឿង និងជនសង្ស័យដោយសំអាងថាពួកគេមិនដឹងច្បាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងរ៉ែនិងថាមពលយល់យ៉ាងណា ករណីប្រធានមន្ទីរខេត្តកំពង់ឆ្នាំងដោះលែងសាឡង់បូមខ្សាច់២គ្រឿង, កាណូតដឹកខ្សាច់ ៦គ្រឿង និងជនសង្ស័យដោយសំអាងថាពួកគេមិនដឹងច្បាប់

 


កំពង់ឆ្នាំង÷មិនដឹងថាតើក្រសួងរ៉ែនិងថាមពល យល់ស្របតាមអ្វីដែលជាការលើកឡើងរបស់លោកពៅ ស៊ីម ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងដែរឬយ៉ាងណាទេ ចំពោះករណីដោះលែងជនប្រព្រឹត្តសកម្មភាពល្មើសច្បាប់ នៃការបូមខ្សាច់និងឧបករណ៍សម្ភារៈពាក់ព័ន្ធសម្រាប់ប្រព្រឹត្តល្មើសមួយចំនួននោះ។ តើការសំអាងទៅលើអ្វីដែលលោកពៅស៊ីមអះអាងថា ជនសង្ស័យទើបប្រព្រឹត្តជាលើកដំបូងមិនដឹងអំពីច្បាប់ជាភាពត្រឹមត្រូវដែរឬទេស្របពេលដែលប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុអះអាងថា ពួកឈ្មួញប្រព្រឹត្តល្មើសបានធ្វើ សកម្មភាពបូមខ្សាច់ជាយូរណាស់មកហើយ។លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤នេះឱ្យដឹងថា សាឡង់បូមខ្សាច់ខុសច្បាប់ ២​គ្រឿង,កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពល្មើសច្បាប់នៅតាមស្ទឹងបរិបូណ៌ ក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ លោកបានដោះ លែងទៅវិញហើយ ។ ការដោះលែងទៅវិញនេះ ដោយ សារតែជនសង្ស័យទើបធ្វើ សកម្មភាពលើកទី១ និងមិនបានដឹងពីច្បាប់។


លោក ពៅ ស៊ីម បញ្ជាក់ទៀតថា លោកបានដោះលែងសាឡង់ដឹក​ខ្សាច់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅស្រុកបរិបូណ៌ទៅវិញហើយ ដោយសារតែកន្លងមកការផ្សព្វផ្សាយរបស់មន្ទីររ៉ែ និងថាមពល ពាក់ ព័ន្ធនឹងការបូម​ខ្សាច់ដោយគ្មានច្បាប់អនុញាតិ គឺបានផ្សព្វផ្សាយតែតាមមន្ទីរ ឬច្រកចេញចូល និងនៅតាមបណ្ដាស្រុកតែប៉ុណ្ណោះ ដោយពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបករណីខាងលើនេះ ក្រុមការងាររបស់លោកគ្រាន់តែបានណែនាំដល់ម្ចាស់សាឡង់ទាំង២គ្រឿង ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។លោកប្រធានមន្ទីរបន្តថា នេះជាការណែនាំលើកទីមួយ ប្រសិនបើនៅតែមានការប្រព្រឹត្តជាបន្តទៀតដោយគ្មានច្បាប់ នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ដោយមិនមានការលើកលែងនោះឡើយ។


លោកវរៈសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្តីទីនគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹង​ថា ការបូមខ្សាច់ក្នុងដីរដ្ឋ ដោយគ្មានការអនុញាតិពីសាមីមន្ទីរ គឺជាបទល្មើស ហើយលោកនិងក្រុមការងារលោក ក៏មិនយល់ដែរចំពោះ មន្ទីររ៉ែ និងថាមពលដែលគាត់បានដោះលែងសាឡង់ ២គ្រឿង កាណូត​៦គ្រឿង និងជនសង្ស័យទៅវិញ។លោកថា គួរតែអនុវត្តតាមច្បាប់ទើបត្រឹមត្រូវ ហើយជន សង្ស័យក៏មានការរៀងចាល កុំឱ្យជាគំរូអាក្រក់ដល់ជនដទៃ ឬជនដដែលនេះសាងអំពើខុសច្បាប់ម្តងទៀត។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះ នគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយក្រុមការងារមន្ទីររ៉ែ និងថាមពល ចុះទៅបង្ក្រាបបទល្មើសបូម​ខ្សាច់ខុស ច្បាប់នេះ នៅដងស្ទឹងបរិបូណ៌ ហើយខាងសមត្ថកិច្ចលោកបានប្រគល់វត្ថុតាង និងជនសង្ស័យទាំងអស់អោយទៅមន្ទីរជំនាញ ស្រាប់តែខាងមន្ទីរដោះលែងទៅវិញ។


ករណីនេះលោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលយល់យ៉ាងណាដែរ ចំពោះទង្វើនិងសកម្មភាពដឹកនាំរបស់លោកពៅ ស៊ីម ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងដែលបានដោះលែងទាំងជនប្រព្រឹត្តល្មើសនិងឧបករណ៍សម្ភារៈ? ឬអ្វីដែលជាការថ្លែងរបស់លោកប្រធានមន្ទីរជាការត្រឹមត្រូវ? គេរំពឹងថា ក្រសួងរ៉ែនិងថាមពលនឹងបំភ្លឺចំពោះករណីនេះឲ្យសមស្របទៅនឹងអ្វីដែលប្រជាពលរដ្ឋមើលឃើញនឹងភ្នែកនោះផង។តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងបានឱ្យដឹងថាករណីសាឡង់២គ្រឿងបូម និងដឹកខ្សាច់ខុសច្បាប់នេះ កើតឡើងជាយូរឆ្នាំមកហើយតែមិនឃើញមានការបង្ក្រាបឡើយ ។ ខ្សាច់ដែលបូមបាន គឺពួកគេបានយកមកលក់នៅក្នុងស្រុកកំពង់លែង៕

No comments:

Post a Comment

Pages