កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកអង្គវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានា ចំនួន ១០ករណី ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងនៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ក្នុងអង្គវេទិកានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន១០ករណី ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហា សំណង់ផ្ទះត្រចៀកកាំ បញ្ហាប្រមូលសំរាមមិនបានទៀងទាត់ បញ្ហាលួចបូមខ្សាច់នៅពេលយប់ បញ្ហាសណ្តាប់ធ្នាប់នៅជុំវិញផ្សារបឹងកុក ថែមទាំងការយកផ្លូវសាធារណៈធ្វើអាជីវកម្មផ្ញើកង់ ម៉ូតូ និងបញ្ហាក្រុមក្មេងអនាថាបន្ទោបង់ពាសវាលពាសកាល ព្រមទាំងមានការស្នើសុំអំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ សុំបញ្ចុះតម្លៃប្រើប្រាស់ទឹកស្អាត និងសុំថ្មមិចចាក់ផ្លូវដែលកំពុងរងការខូចខាត។ ល។ ដែលត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្តង។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់ របស់សម្តេចមហាបបរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេស រយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង បានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ។ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្តោត សំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្តល់សេវា ពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្តោតទៅលើការងារ ដែលបម្រើសេចក្តីតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ផងដែរ ៕
No comments:
Post a Comment