កណ្ដាល៖ បន្ទាប់ពីបណ្ដាញសារព័ត៌មាន The Mirror News បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា «លោក ឈាន ម៉ាណ្ណារី បានសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមជាយូរឆ្នាំមកហើយ គ្មានអាជ្ញាធរមូលដ្ឋានរូបណាហ៊ានចេញមុខបង្ក្រាប ខណៈលោកមានតួនាទីជាអនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯម»។ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆុកា ឆ្នាំ២០២៤ លោក ឈាន ម៉ាណ្ណារី បានបំភ្លឺនិងអះអាងថា ការសាងសង់ខាងលើនេះមិនបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវទឹក និងចរាចរផ្លូវគោកឡើយ។ ដោយលោកបន្ថែមថា ក្រុមគ្រួសាររបស់លោកសូមសន្យាថា ប្រសិនបើរដ្ឋធ្វើការអភិវឌ្ឍក្នុងតំបន់នេះ គ្រួសាររបស់លោកមិនជំទាស់ឡើយ។
ជុំវិញករណីនេះទៀតលោក ឈាន ម៉ាណ្ណារី បានបំភ្លឺឲ្យដឹងបន្ថែមទៀតពីប្រវត្តិដីរបស់លោកស្រី វ៉ាន ណារ៉ាដែលត្រូវជាប្រពន្ធរបស់លោកថា «ក្នុងអំឡុងឆ្នាំ១៩៨០-១៩៨១ រដ្ឋអំណាចបានចែកដីនេះមកឲ្យពីរគ្រួសារ ក្នុងនោះមានគ្រួសារ លោក ឱ វ៉ាន និងលោកស្រី វ៉ាត វាន្នី ត្រូវជាម្តាយរបស់លោកស្រី វ៉ាន ណារ៉ា ហើយគ្រួសាររបស់លោកបានសាងសង់លំនៅដ្ឋានជាផ្ទះឈើ។ ក្នុងកំឡុងឆ្នាំ១៩៩៥ ដោយគ្រួសារទាំងពីរជាបុគ្គលិករដ្ឋ ដូច្នេះរដ្ឋអំណាចបានចែកដីមួយកន្លែងទៀតជូនទៅលោក ឱ វាន ដើម្បីបំបែកគ្រួសារ។ លុះរហូតដល់ក្នុងអំឡុងឆ្នាំ១៩៩០ ដោយសារច្រាំងបាក់ខ្លាំងពេកទើបគ្រួសាររបស់លោកបានកាប់ដើមឬស្សី និងដើមឈើមកទប់ច្រាំងនោះ ដើម្បីកុំឲ្យបាក់ដល់លំនៅដ្ឋានពួកគាត់។
លោកអនុប្រធានការិយាល័យភូមិបាលស្រុកល្វាឯមបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩៥ ដោយសារឬស្សីនិងឈើពុកបាក់ទើបគ្រួសាររបស់លោករៀបចំជួសជុលឡើងវិញដោយប្រើឥដ្ឋ១០។ ហើយនៅក្នុងអំឡុងឆ្នាំ២០០៨ ក្រុមគ្រួសាររបស់លោកបានរុសរើផ្ទះឈើ មកសាងសង់ផ្ទះថ្មវិញ។ លុះកំឡុងឆ្នាំ២០១៧-២០១៨ ច្រាំងបានបាក់ម្តងទៀតទើបគ្រួសាររបស់លោកបានសម្រេចចិត្តជួសជុលម្តងទៀតដោយខ្នងចាក់គ្រឹះរឹងមាំមកដល់សព្វថ្ងៃ៕
No comments:
Post a Comment