(កណ្ដាល)៖ រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំជាប់មាត់ទន្លេបាសាក់ស្ថិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយដែលបានទាក់ទាញយុវជន-យុវនារីជាច្រើនឲ្យចូលមកទទួលទានកាហ្វេ និងអាហារជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះ បានសង់សំណង់ថ្មរឹងមាំខុសច្បាប់លយចូលដីចំណីមាត់ទន្លេបាសាក់យ៉ាងធំជ្រងោលៗ ហាក់កំពុងបង្អួតអាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាលខ្លួនអាចធ្វើអត់ច្បាប់បានឬយ៉ាងណា?។
ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះ ស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា «ឃ្រូសំរោង» ដែលបានសាងសង់សំណង់រឹងមាំហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំការពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំងស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេអាចមានមួយចំនួនជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។
ទាក់ទិនករណីខាងលើនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅមិនអាចបំភ្លឺបានទេ ដោយលោកបានឆ្លើយយ៉ាងខ្លីតាមទូរស័ព្ទថា «លោកជាប់រវល់មានភ្ញៀវ»។ជុំវិញករណីសំណង់ខុសច្បាប់ខាងលើនេះដែរ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឆ្លើយតបថា «លោកមិនច្បាស់ទេ ចាំលោកពិនិត្យមើលឯកសារសិន ការងារច្រើន ចាំមិនអស់ទេ»។ពាក់ព័ន្ធសំណង់ហាងកាហ្វេ «ឃ្រូសំរោង» បណ្ដាញសារព័ត៌មាន សាន់ដេ នៅមិនទាន់បានការបំភ្លឺពីលោក ឌឹម បូរ៉ា អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលនៅឡើយ ព្រោះទូរស័ព្ទលោកខលចូលតែពុំមានមនុស្សលើកនោះទេ។
គួរជម្រាបជូនថា សំណង់នៅទីនោះ ត្រូវបានគេកត់សម្គាល់ឃើញថា មានច្រើនប្រភេទដែលជាអាគារដ៏រឹងមាំ។ គេមិនដឹងថា តើអាជ្ញាធរក្រុងតាខ្មៅនិងសមត្ថកិច្ចជំនាញបានដឹងអំពីបញ្ហាសំណង់ខុសបទដ្ឋានបច្ចេកទេសសង់រំលោភចូលនៃទន្លេបាសាក់នេះដែរឬយ៉ាងណានោះទេ? គេរំពឹងថា អាជ្ញាធរក្រុងតាខ្មៅក៏ដូចជាស្ថាប័នជំនាញនឹងចុះត្រួតពិនិត្យមើលអំពីភាពស្របច្បាប់នៃសំណង់មួយនេះផង៕
No comments:
Post a Comment