កណ្តាល÷មួយរយះនេះ បណ្តាញសារព័ត៌មាន នៅក្នុងស្រុក បានចេញផ្សាយ ជាបន្តបន្ទាប់ ករណីលក់ដីរួម នៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទំហំ៣,៥ហិចតា ត្រូវបានលក់កាលពីអំឡុងឆ្នាំ២០១៦ ស្ថិតនៅក្រោមអំណាចលោកមេឃុំ និងលោកចៅហ្វាយស្រុកចាស់។ មកដល់ពេលនេះ សូម្បីតែព័ត៌មាន នៃតម្លៃការលក់ដីក្នុង១ម៉ែត្រការ៉េបានតម្លៃប៉ុន្មាន ក៏ត្រូវបណ្ដាជនអ្នកពាក់ព័ន្ធ ព្យាយាមលាក់បាំងយ៉ាងជិតផងដែរ។ យ៉ាងណា ក៏ដោយដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុក ខ្សាច់កណ្ដាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំសន្លុង និយាយថា គឺសួរតែលោកអតីតចៅហ្វាយស្រុក និងមន្ត្រីសុរិយោដីស្រុកខ្សាច់កណ្ដាល គឺដឹងហើយ។ ប្រជាពលរដ្ឋនៅភូមិសន្លុង បានឲ្យដឹងថា ដីរួមឃុំសន្លង ទំហំជាង៣ ហិចតា បានលុយដែលអ្នកខ្លះថា ១២ម៉ឺនដុល្លារនិងខ្លះថាជិត២០ម៉ឺនដុល្លារ ធ្វើឲ្យអ្នកភូមិជ្រួលច្របល់។យ៉ាងណា ក៏ដោយរឿងនេះ អង្ករក្លាយជាបាយទៅហើយ ដីនោះក៏ទៅក្លាយជាប្លង់រឹង កម្មសិទ្ធិ របសលោកឧកញ៉ាចាប ហុងលីទៅហើយផងដែរ។ តែប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ខាងលើ ស្នើឲ្យស្ថាប័នជាតិពាក់ព័ន្ធ ពិសេសស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ គួរត្រួត ពិនិត្យឡើងវិញ ចំពោះអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានទាំងនេះ។
ប្រភពថា អតីតចៅហ្វាយស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បច្ចុប្បន្ន ជាអភិបាលរង ខេត្តកណ្តាល និងលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល ជាអ្នករៀបចំឈុតឆាកនៃការលក់ដីនៅឃុំសន្លុងនោះទាំងមូល។បើតាមលោកមេភូមិ និងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំ របស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិត នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន)ឃុបឃិតលក់ឱ្យលោកឧកញ៉ាចាប ហុងលី បានលុយជិត២០ ម៉ឺនដុល្លារ ចែកគ្នាអស់ហើយ។ មានន័យថា វាជាការឃុប ឃិតគ្នា រវាងអាជ្ញាធរថ្នាក់ស្រុក(អតីតអភិបាលស្រុក) និងប្រធានភូមិបាលស្រុកក្នុងការរៀបចំផែនការលក់ដីរួមរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើនេះ។
លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំ អាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុក នៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មី ជាអ្នកចាត់ចែង ដកចាយវាយ។ បច្ចុប្បន្នដីនេះក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមានប្លង់រឹងរួច អស់ហើយ ស្របពេលដែលប្រជាពលរដ្ឋទើបតែដឹង ក្នុងនរយៈពេលចុងក្រោយនេះហើយខ្សិបតៗគ្នាអំពីភាពមិនប្រក្រតីនៃការលក់ដីរួមនេះ។ ពលរដ្ឋជាអ្នកភូមិសន្លុងបាននិយាយថា ពួកគាត់ពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។ចំពោះបញ្ហាស្នាមមេដៃ ដែលពួកគាត់ផ្ដិតកាលពីពេលកន្លងមកនោះគឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវ។ អ្នកភូមិទាំងនោះនិយាយថា ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង។
តាមពលរដ្ឋដែលដឹងរឿង ករណីលក់ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺរដ្ឋបាលឃុំបានលក់ឱ្យឧកញ៉ាចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ បច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀលសម្រាប់រយៈពេល១ឆ្នាំម្ដង។ មានន័យថាឧកញ៉ាចាប ហុងលី បានកាន់កាប់ស្របច្បាប់រួចហើយចំពោះដីធ្លីនៅក្នុងមូលដ្ឋានឥឡូវនេះគ្រាន់តែផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានធ្វើស្រែជាបណ្ដោះអាសន្នជាមួយនឹងការជួលក្នុងមួយឆ្នាំ៦០ម៉ឺនរៀល។ដូច្នេះ១ឆ្នាំឧកញ៉ាទទួលបានលុយពីការជួលដីតែ៤០០ដុល្លារប៉ុណ្ណោះ។លោក ថោង ស្រស់ អតីតមេឃុំសន្លុង និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។អតីតមេឃុំសន្លុងបន្ថែមថា ដីនោះ លក់ឱ្យឧកញ៉ា ចាបហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង ១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួននាពេលថ្មីៗនេះដែរទេ។
លោកថា លុយទាំង នោះនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។លោកស្រី ណេង ដាលីស មេឃុំសន្លុង ដែលចូលកាន់តំណែងនៅក្នុងឆ្នាំ២០២២ បានថ្លែងពីប្រទេសកូរ៉េទីដែលលោកស្រីកំពុងព្យាបាលជំងឺឲ្យដឹងថា លោកស្រីបានទទួលប្រាក់យកមករក្សាទុកចំនួន១២ម៉ឺនដុល្លារដោយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឃុំបានមួយចំនួន។ ប្រាក់ដែលនៅសល់គឺតម្កល់ទុកនៅឡើយដោយមានឯកសារចំណូលចំណាយច្បាស់ លាស់។ លោកស្រីបញ្ជាក់ថាមិនពាក់ព័ន្ធនឹងការលក់ដីនោះទេ គឺលោកស្រីមកកាន់តំណែងក្រោយដីនោះលក់បាន៥-៦ ឆ្នាំហើយ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ រដ្ឋបាលឃុំសន្លុង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងអ្នកនិយមលេង បណ្តាញសង្គមហ្វេសបុកមេត្តាជ្រាបថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មានគេហទំព័រហ្វេសបុកដើមរាំង បាន ចុះផ្សាយថា “ជីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុងលក់ឱ្យឈ្មួញ បានលុយជិត២០ម៉ឺនដុល្លារអាមេរិក។រដ្ឋបាលឃុំសន្លុង សូមធ្វើការបំភ្លឺដូចតទៅ កាលពីឆ្នាំ២០១៦ លោកអតីតមេឃុំសន្លុង និងអតីត ជំទប់ទី១ឃុំសន្លុង ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសន្លុងអាណត្តិទី៤ បានប្រជុំពិភាក្សាគ្នាដើម្បីធ្វើការលក់ដី អាករឃុំមួយកន្លែងមានទំហំ៣.៣ហិកតា លក់ម៉ៅឱ្យទៅឈ្មួញ ក្នុងតម្លៃ១២០,០០០ដុល្លារអាមេរិក(ដប់ពីរម៉ឺន ដុល្លារអាមរិក) ប៉ុន្តែមិនទាន់បានលុយ ហើយអតីតមេឃុំសន្លុងបានទទួលមរណៈភាព នៅឆ្នាំ២០២០ បន្ទាប់មក លោក ថោង ស្រស់ បានឡើងជាមេឃុំស្តីទី រហូតដល់ឆ្នាំ២០២២។ លោកស្រី មេឃុំបច្ចុប្បន្ន ដែលជាមេឃុំជាប់ឆ្នោត អាណត្តិទី៥ ចូលមកកាន់តំណែង ទើបបានទទួលលុយ ពីការលក់ដីអាករឃុំក្នុងឆ្នាំ២០២៣ ដើម្បីគ្រប់គ្រង កាន់កាប់បន្ត រហូតដល់បច្ចុប្បន្ន។
បន្ទាប់មកដោយឃើញមានតម្រូវការចាំបាច់មួយចំនួនរបស់ប្រជាពលរដ្ឋ និង ជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃុំ ជាក់ស្តែងមូលដ្ឋានឃុំសន្លុងមានស្ថានភាព ទឹកលិចភូមិដោយទឹក ភ្លៀង ជាពិសេសក្នុងភូមិឈូក និងភូមិសន្លុង ដោយពិនិត្យឃើញបែបនេះ ទើបក្រុមប្រឹក្សាឃុំ និងមេភូមិទាំង៦ បានពិភាក្សាគ្នាបង្កើតជាគណៈកម្មាធិការមួយសម្រាប់គ្រប់គ្រង និងប្រើប្រាស់ថវិកានេះយកមកធ្វើការជួសជុល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានតាមការចាំបាច់របស់ប្រជាពលរដ្ឋ។ចំពោះថវិកាដែលទទួលបាន និងគ្រប់គ្រងដោយលោកស្រីមេឃុំគឺ លោកស្រីមេឃុំ បានប្រជុំ ពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និង មេភូមិគ្រប់ភូមិដើម្បីយកលុយពីការលក់ដីអាករឃុំនេះសម្រាប់ធ្វើការជួស ជុល និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ក្នុងនោះរដ្ឋបាលឃុំបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖១. លូរំដោះទឹកភ្លៀងមាន៣ខ្សែ។ខ្សែទី១ មុខសាលាឃុំមុខកាត់១ម៉ែត្រ ប្រវែង៤០ម៉ែត្រ,។ខ្សែទី២ មុខកាត់ ០.៦០ ម៉ែត្រ ភូមិសន្លុង និងភូមិឈូក ប្រវែង៤៣០ម៉ែត្រ,ខ្សែទី៣ មុខកាត់ ០,៦០ ម៉ែត្រ ភូមិសន្លុង ប្រវែង៩០ម៉ែត្រ។២. លូដាក់កាត់ផ្លូវ។ភូមិសន្លុងលូមុខកាត់១ម៉ែត្រប្រវែង១២ម៉ែត្រ និងលូកាត់០,៦០ម៉ែត្រ ៣កន្លែង ប្រវែង២៤ម៉ែត្រ,ភូមិឈូក លូមុខកាត់០,៦០ម៉ែត្រ ប្រវែង១២ម៉ែត្រ។៣. សាងសង់ខ្លោងទ្វាចំនួន៣កន្លែងរួមមាន ៖
សាងសង់ខ្លោងទ្វារសាលាឃុំ,សាងសង់ខ្លោងទ្វាសាលាបឋមសិក្សាសន្លុង,សាងសង់ខ្លោងទ្វាសាលាអនុវិទ្យាល័យសន្លុង។៤. សាងសង់និងជួសជុលសាលាឃុំ។
បញ្ជារព័ត៌មាន១,បន្ទប់ទឹក១ខ្នង មាន២បន្ទប់ទឹក, ចាក់បេតុងក្នុងទីធ្លាសាលាឃុំ, រៀបចំប្រព័ន្ធលូរំដោះទឹក ក្នុងទីធ្លាសាលាឃុំប្រវែង៦៨ម៉ែត្រ, រៀបចំដងទង់ជាតិ និងសួនច្បារមុខសាលាឃុំនិងធ្វើរបងសាលាឃុំប្រវែង១០ ម៉ែត្រ។៥. ហេដ្ឋារចនាសម្ព័ន្ធ។
ចាក់ដីជួសជុលផ្លូវភូមិសន្លុង និងភូមិឈូក, ជួសជុលផ្លូវបេតុងភូមិសន្លុង, ចាក់ដីផ្លូវចូលសាលារៀន បឋមសិក្សា និងអនុវិទ្យាល័យ, ចំពោះថវិកានៅសល់ពីការអភិវឌ្ឍន៍ យើងខ្ញុំនឹងបន្តធ្វើកាអភិវឌ្ឍន៍តាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋជាក់ស្តែងក្នុងមូលដ្ឋានឃុំសន្លុងបន្តទៀត។
ការផ្សាយរបស់គេហទំព័រហ្វេសបុកដើមរាំងបាន ចុះផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយនោះឡើយហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមេឃុំ និងក្រុមប្រឹក្សា ឃុំសន្លុងទាំងមូលផងដែរ។រដ្ឋបាលឃុំសន្លុង សូមធ្វើការបដិសេដទាំងស្រុងចំពោះព័ត៌មានបានចុះផ្សាយខាងលើ សូម សាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំទាន់អាលវាយតម្លៃក្នុងន័យអវិជ្ជមាន តែសូមបន្តតាម ដានលើការដឹកនាំគ្រប់គ្រងជាក់ស្តែងរបស់មេឃុំ និងក្រុមប្រឹក្សាឃុំសន្លុងយើងខ្ញុំ៕ជុំវិញព័ត៌មានដ៌រសើបខាងលើនេះ មហាជនបានសំណូមពរដល់ស្ថាប័ន អង្គភាពប្រឆាំង អំពើពុករលួយ គួរបើកការស៊ើបអង្កេត ដើម្បីមានវិធានការតាមផ្លូវច្បាប់។
No comments:
Post a Comment