ករណី យកដីអាករ ឃុំសន្លុង លក់បានលុយជិត២០ម៉ឺនដុល្លារ គ្មានអ្នកទទួលខុសត្រូវ មហាជនសំណូមពរ លោកចៅហ្វាយខេត្ត គួច ចំរើន សូមមានវិធានការ តាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណី យកដីអាករ ឃុំសន្លុង លក់បានលុយជិត២០ម៉ឺនដុល្លារ គ្មានអ្នកទទួលខុសត្រូវ មហាជនសំណូមពរ លោកចៅហ្វាយខេត្ត គួច ចំរើន សូមមានវិធានការ តាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធ

 


កណ្តាល÷ករណីលក់ដីរួមនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលមានចំណោទលើកឡើងថា តើនរណាទទួល ខុសត្រូវនិងនរណាជាដើមគំនិត? រឿងនេះពិតណាស់ ការទទួលខុសត្រូវមិនស្ថិតនៅលើ អ្នកដឹកនាំឃុំ-ស្រុកដែលកំពុងកាន់អំណាចបច្ចុប្បន្ននោះទេ។ ពីព្រោះគេដឹងថា ដីទំហំ៣,៥ហិចតាដែលបានលក់កាលពីឆ្នាំ២០១៦ នោះស្ថិតនៅក្រោមអំណាចលោកមេឃុំ និងចៅហ្វាយ ស្រុកចាស់។ ដូច្នេះគឺអ្នកពាក់ព័ន្ធអាណត្តិចាស់ ជាអ្នក ទទួលខុសត្រូវរួមមានមន្ត្រីសុរិយោដីស្រុកផងដែរ។រហូតមកដល់ពេលនេះ សូម្បីតែព័ត៌មាននៃតម្លៃការលក់ដីក្នុង១ម៉ែត្រការ៉េបានតម្លៃប៉ុន្មាន ក៏ត្រូវបណ្ដាជនអ្នកពាក់ព័ន្ធព្យាយាមលាក់បាំងយ៉ាងជិតផងដែរ។ យ៉ាងណា ក៏ដោយដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុក ខ្សាច់កណ្ដាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំសន្លុងនិយាយថា គឺសួរតែលោកអតីតចៅហ្វាយស្រុកនិងមន្ត្រីសុរិយោដីស្រុកខ្សាច់កណ្ដាលគឺដឹងហើយ។ យ៉ាងណា ក៏ដោយមន្ត្រីទាំងពីរនាក់នេះ គឺជាតួអង្គយ៉ាងសំខាន់ដែលអាចលាតត្រដាងអំពីអាថ៌កំបាំងនានា ពាក់ព័ន្ធនឹងការលក់ដីរួមភូមិជាង៣កន្លះហិចតានៅក្នុងឃុំសន្លុងនោះ ដឹងបានយ៉ាងច្បាស់។


ប្រជាពលរដ្ឋភូមិសន្លុងឲ្យដឹងថា ឧកញ៉ាចាប ហុងលី  ជាមេគំនិតគុបគិតជាមួយរដ្ឋបាលឃុំ ដើម្បីទិញដី ដែលជាអាករឃុំទំហំជាង៣ ហិចតាបានលុយដែលអ្នកខ្លះថា ១២ម៉ឺនដុល្លារនិងខ្លះថាជិត២០ម៉ឺនដុល្លារធ្វើឲ្យអ្នកភូមិជ្រួលច្របល់។ យ៉ាងណា ក៏ដោយរឿងនេះអង្ករក្លាយជាបាយ ហើយដីនោះក៏ទៅក្លាយជាប្លង់រឹង កម្មសិទ្ធិរបស់ឧកញ៉ាចាប ហុងលី ទៅហើយដែរ។ តែប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ខាងលើ ស្នើឲ្យស្ថាប័នជាតិពាក់ព័ន្ធត្រួត ពិនិត្យឡើងវិញចំពោះអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានទាំងនេះ។ ប្រភពថា អតីតចៅហ្វាយស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បច្ចុប្បន្នជាអភិបាលរង ខេត្តកណ្តាលនិងលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់ កណ្ដាល....ជាអ្នករៀបចំឈុតឆាកនៃការលក់ដីនៅឃុំសន្លុងនោះទាំងមូល។បើតាមលោកមេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិត នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន) គប់គិតលក់ឱ្យឧកញ៉ា ចាប ហុងលី បានលុយជិត២០ ម៉ឺនដុល្លារចែកគ្នាអស់ហើយ។ មានន័យថា វាជាការឃុប ឃិតគ្នារវាងអាជ្ញាធរថ្នាក់ស្រុក(អតីតអភិបាលស្រុក) និងប្រធានភូមិបាលស្រុកក្នុងការរៀបចំផែនការលក់ដីរួមរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើនេះ។ ជាពិសេសពួកគេបានក្លែងបន្លំស្នាមមេដៃប្រជាពលរដ្ឋខ្មែរទៀតផង។


លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកចាយវាយ ។ បច្ចុប្បន្នដីនេះក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមានប្លង់រឹងរួច អស់ហើយ ស្របពេលដែលប្រជាពលរដ្ឋទើបតែដឹង ក្នុងនរយៈពេលចុងក្រោយនេះហើយខ្សិបតៗគ្នាអំពីភាពមិនប្រក្រតីនៃការលក់ដីរួមនេះ។ ពលរដ្ឋជាអ្នកភូមិសន្លុងបាននិយាយថា ពួកគាត់ពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។ ចំពោះបញ្ហាស្នាមមេដៃ ដែលពួកគាត់ផ្ដិតកាលពីកន្លង មកនោះគឺដើម្បីស្នើសុំរក្សាការ ពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវ។ អ្នកភូមិទាំងនោះនិយាយថា ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង។


តាមពលរដ្ឋដែលដឹងរឿង ករណីលក់ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺរដ្ឋបាលឃុំបានលក់ឱ្យឧកញ៉ាចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ បច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀលសម្រាប់រយៈពេល១ឆ្នាំម្ដង។ មានន័យថាឧកញ៉ាចាប ហុងលី បានកាន់កាប់ស្របច្បាប់រួចហើយចំពោះដីធ្លីនៅក្នុងមូលដ្ឋានឥឡូវនេះគ្រាន់តែផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានធ្វើស្រែជាបណ្ដោះអាសន្នជាមួយនឹងការជួលក្នុងមួយឆ្នាំ៦០ម៉ឺនរៀល។ដូច្នេះ១ឆ្នាំឧកញ៉ាទទួលបានលុយពីការជួលដីតែ៤០០ដុល្លារប៉ុណ្ណោះ។


លោក ថោង ស្រស់ អតីតមេឃុំសន្លុងនិងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំសន្លុងបានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះដែលជាប់និងទំនប់”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។អតីតមេឃុំសន្លុងបន្ថែមថា ដីនោះ លក់ឱ្យឧកញ៉ា ចាបហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង ១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួននាពេលថ្មីៗនេះដែរទេ។ លោកថា លុយទាំង នោះនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។លោកស្រី ណេង ដាលីស មេឃុំសន្លុង ដែលចូលកាន់តំណែងនៅក្នុងឆ្នាំ២០២២ បានថ្លែងពីប្រទេសកូរ៉េទីដែលលោកស្រីកំពុងព្យាបាលជំងឺឲ្យដឹងថា លោកស្រីបានទទួលប្រាក់យកមករក្សាទុកចំនួន១២ម៉ឺនដុល្លារដោយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឃុំបានមួយចំនួន។ ប្រាក់ដែលនៅសល់គឺតម្កល់ទុកនៅឡើយដោយមានឯកសារចំណូលចំណាយច្បាស់ លាស់។ លោកស្រីបញ្ជាក់ថា មិនពាក់ព័ន្ធនឹងការលក់ដីនោះទេ គឺលោកស្រីមកកាន់តំណែងក្រោយដីនោះលក់បាន៥-៦ ឆ្នាំហើយ។


រដ្ឋបាលឃុំសន្លុងបានចេញសេចក្តីបំភ្លឺមួយដែលមាន ខ្លឹមសារថា កាលពីឆ្នាំ២០១៦ លោកអតីតមេឃុំសន្លុង និងអតីត ជំទប់ទី១ឃុំសន្លុង ព្រមទាំងសមាជិកក្រុម ប្រឹក្សាឃុំសន្លុងអាណត្តិទី៤ បានប្រជុំពិភាក្សាគ្នាដើម្បីធ្វើការលក់ដី អាករឃុំមួយកន្លែងមានទំហំ៣.៣ហិកតា លក់ម៉ៅឱ្យទៅឈ្មួញ ក្នុងតម្លៃ១២០,០០០ដុល្លារអាមេរិក(ដប់ពីរម៉ឺន ដុល្លារអាមរិក) ប៉ុន្តែមិនទាន់បានលុយ ហើយអតីតមេឃុំសន្លុង បានទទួលមរណៈភាព នៅឆ្នាំ២០២០ បន្ទាប់មក លោក ថោង ស្រស់ បានឡើងជាមេឃុំស្តីទី រហូតដល់ឆ្នាំ២០២២។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើវិញ ហាក់ ដូចជាមិនអស់មិនហើយ ចំពោះការដែលអាជ្ញាធរឃុប ឃិតគ្នាលក់ដីសហគមន៍ ដោយមិនមានការយល់ព្រម ឬធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជាមុនសិន។ ករណីនេះអាជ្ញាធរថ្នាក់ជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធគួរតែមានការស៊ើបអង្កេតឡើងវិញ ទៅលើមន្ត្រីពាក់ព័ន្ធនៃការផ្ដើមគំនិតលក់ដីរួមនេះ៕ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរ ដល់លោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល សូមបើកការស៊ើបអង្កេតឡើងវិញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធ ដែលបានយកដីសម្បត្តិរបស់រដ្ឋលក់។

No comments:

Post a Comment

Pages