កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធីផ្សេងៗ ដើម្បីបង្ករការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តត្រូវរៀបចំនូវព្រឹត្តិការណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ ៕
No comments:
Post a Comment