កំពង់ចាម÷នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ជារៀងរាល់ឆ្នាំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តែងតែប្រារព្ធពិធីនេះ ដើម្បីរំឭកឡើងវិញនូវជ័យជម្នះ ការតស៊ូ របស់ស្ដ្រីកម្ពុជា ដែលជ័យជម្នះនេះ បានក្លាយទៅជា " ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី"។
ទិវាអន្តរជាតិនារី៨មីនាសម្រាប់ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទស្ដីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប សម្រាប់ជាគោលគំនិតក្នុងការពិភាក្សា និងជួយពង្រឹង ការអប់រំចំពោះយុវវ័យនៅក្នុងសង្គម ក៏ដូចជាដើម្បីដាស់តឿន និងកែលម្អឥរិយាបថរបស់យុវវ័យ។ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានឧបត្ថម្ភ និងចែកជូនដល់កងកម្លាំងនារីចំនួន២៨៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤មុឺនរៀល និងសារុងចំនួន១ សរុបជាថវិកាចំណាយចំនួន ១៥,២៥០,០០០រៀល ៕
No comments:
Post a Comment