កូនបង្កើតម្ចាស់កម្មសិទ្ធិដីនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត លោក អ៊ុយ អាឡិចសង់ អះអាងថា ករណីលោក មាស សាវឿន ចែកដីឱ្យប្រជាពលរដ្ឋគឺជាការបោកប្រាស់ និងប្រើប្រាស់ឯកសារសំអាងមិនត្រឹមត្រូវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កូនបង្កើតម្ចាស់កម្មសិទ្ធិដីនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត លោក អ៊ុយ អាឡិចសង់ អះអាងថា ករណីលោក មាស សាវឿន ចែកដីឱ្យប្រជាពលរដ្ឋគឺជាការបោកប្រាស់ និងប្រើប្រាស់ឯកសារសំអាងមិនត្រឹមត្រូវ

 


(បន្ទាយមានជ័យ)៖ លោក អ៊ុយ អាឡិចសង់ ជាកូនបង្កើតរបស់លោក អ៊ុយ វាំងសង់ ជាម្ចាស់កម្មសិទ្ធិដី នៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥បានបំភ្លឺថា «អំឡុងឆ្នាំ២០២៤ លោក មាស សាវឿន លោក តេង ចាន់ភារម្យ លោក យឿន មោះ និងបក្ខពួក បានបំពានយកដីរបស់ពួកលោកក្នុងទំហំជិត១០ហិកតា និងបានចែកដីឱ្យប្រជាពលរដ្ឋបង្កើតជារូបភាពចលនាមហាជន។ ការចែកដីដែលមានតម្លៃថ្លៃ (ប្រហែល ៧០ដុល្លារ/១ម៉ែត្រការ៉េ) ឱ្យប្រជាពលរដ្ឋជាង៣០គ្រួសារ ដោយគ្មានឯកសារសំអាង មិនមែនជាហេតុផលមនុស្សធម៌ទេ។ បន្ទាប់ពីពួកលោកបានចុះទៅរុះរើសំណង់ខុសច្បាប់ចេញពីទីតាំងដី ឥឡូវនេះ បានកៀរគរប្រជាពលរដ្ឋជាថ្មី ឡើងដល់ ៦២គ្រួសារ ហើយបានប្តឹងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ទាមទារយកដីរបស់ពួកលោកដោយអះអាងថា ជាដីដែលលោក មាស សាវឿន ចែកឱ្យ។ កន្លងមក ពួកគេបានឱ្យប្រជាពលរដ្ឋធ្វើខ្ទមមានជញ្ជាំង និងដំបូលបាំងស័ង្កសី (ផ្ទះហោះផ្ទះហើរ) ចំនួន០៣លើក ដោយលើកចុងក្រោយនេះ លួចធ្វើផ្ទះហោះផ្ទះហើរទាំងយប់ ក្នុងថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥។


នៅក្នុងលិខិតបំភ្លឺ លោក អ៊ុយ អាឡិចសង់ បានបញ្ជាក់ថា «ពួកគេបានធ្វើសកម្មភាពរំលោភយកដីរបស់ពួកលោក តាំងពីពាក់កណ្តាលឆ្នាំ២០២៤ មកម៉្លេះ ប៉ុន្តែយើងខ្ញុំមិនបានដឹងទេ ព្រោះក្រុមគ្រួសារពួកលោកទាំងអស់គ្នារស់នៅប្រទេសបារាំង មិនមានអ្នកនៅយាមដីឱ្យទេ។ ដើមឆ្នាំ២០២៤ អាជ្ញាធរបានធ្វើការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ហើយពួកលោកមិនបានដឹងទេ ព្រោះពួកលោកមិនធ្លាប់ទាក់ទងអាជ្ញាធរ ហើយអាជ្ញាធរក៏មិនស្គាល់អាសយដ្ឋានពួកលោកដែរ។ ប្រហែលជាហេតុមិនឃើញមានម្ចាស់ដី ទៅផ្តល់ព័ត៌មានចុះបញ្ជីដីជាប្រព័ន្ធ ទើបលោក មាស សាវឿន សហការជាមួយលោក តេង ចាន់ភារម្យ លោក យឿន ម៉ោ និងបក្ខពួក ឆ្លៀតឱកាសទៅយកដីរបស់ពួកលោកជិត ១០ហិកតា ហើយបង្កើតរូបភាពធ្វើជាចិត្តល្អ ចែកដីឱ្យប្រជាពលរដ្ឋ និងបានធ្វើផ្ទះហោះផ្ទះហើរលើដីជាង ០៣ហិកតា ក្នុងបំណងយកប្រជាពលរដ្ឋជាខែលការពារក្នុងទម្រង់មហាជន។លោកបន្តថា ត្បិតពួកលោកមិនបានដាក់ពាក្យបណ្ដឹងពីដំបូង ប៉ុន្តែរដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យមានការទទួលខុសត្រូវខ្ពស់ ក្នុងការការពារភាពត្រឹមត្រូវ ចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយណែនាំប្រជាពលរដ្ឋកុំឱ្យចាញ់បោក ជនខិលខូចធ្វើជាចិត្តល្អចែកដីឱ្យដោយឥតគិតថ្លៃ។ លោកបន្តថា ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានសម្របសម្រួលជាមួយអាជ្ញាធរ ដោយពិនិត្យលើភាគីដែលត្រឹមត្រូវ មានឯកសារច្បាស់លាស់ និងអន្តរាគមន៍ទប់ស្កាត់មិនឱ្យមានភាពអនាធិបតេយ្យបំពានច្បាប់ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។


លោកបញ្ជាក់ថា លោក មាស សាវឿន លោក តេង ចាន់ភារម្យ និងលោក យឿន ម៉ៅ មិនមានឯកសារផ្លូវច្បាប់អ្វីទាំងអស់ ដែលអាចសំអាងបានថា ខ្លួនជាម្ចាស់ដីនោះទេ និងមិនមានហេតុផលយកដីរបស់ខ្លួនទៅចែកឱ្យប្រជាពលរដ្ឋដោយគិតថ្លៃនោះដែរ។កូនប្រុសម្ចាស់កម្មសិទ្ធិដីបន្ថែមថា អំឡុងឆ្នាំ២០០៨ ឪពុករបស់លោកជាខ្មែរអនិកជនបារាំង ជឿទុកចិត្តលើ សម្តេចតេជោ ឃើញថាប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍទើបមកទិញដីទុក ហើយ អ្នកលក់បានផ្ទេរកម្មសិទ្ធិដី មានប្លង់សុរិយោដីស្របតាមនីតិវិធីច្បាប់។ ក្រុមគ្រួសារពួកលោក ជាខ្មែរអនិកជនបារាំង មានសេចក្តីពេញចិត្ត មានភាពកក់ក្តៅ និងកោតសរសើរជាខ្លាំង ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ជាពិសេស ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលបានការពារភាពត្រឹមត្រូវ យកច្បាប់ ជាមូលដ្ឋាន និងដោះស្រាយការងារក្នុងភាពសុចរិតស្អាតស្អំ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ គ្រួសារពួកលោក សុំតែភាពត្រឹមត្រូវមិនទិញដីបំពានយករបស់អ្នកណាទេ ហើយឈរលើជំហរច្បាស់លាស់ និងតឹងតែង។ គិតពីឆ្នាំ២០០៨ ដល់មុនពាក់កណ្តាលឆ្នាំ២០២៤ ពោលជិត១៦ឆ្នាំ មិនដែលមានវិវាទដីធ្លី ហើយក៏មិនដែលមានប្រជាពលរដ្ឋណាមកប្តឹង ឬសាងសង់សំណង់អ្វីលើដីរបស់ពួកលោកដែរ ដូច្នេះច្បាស់ខ្លាំងណាស់ ដីពួកលោកបានទិញជាដីមិនមានវិវាទពីដើមរៀងមក។


លោក អ៊ុយ អាឡិចសង់ បានឲ្យដឹងទៀតថា ពួកលោកសូមសំណូមពរដល់សាធារណៈជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រឡំ តាមការផ្សាយបំភ្លៃខុសពីការពិត របស់សារព័ត៌មានអនឡាញមួយចំនួន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ និងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៥ ដោយផ្សាយខុសពីការពិត ផ្សាយតាមការប្រឌិត រឿងដោយលោក មាស សាវឿន និងបក្ខពួក។ ដូច្នេះ ពួកលោកស្នើសុំ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងព័ត៌មាន មេត្តាចាត់វិធានការតឹងរឹងចំពោះសារព័ត៌មាន ដែលផ្សាយមិនមានវិជ្ជាជីវៈ បំភាន់ការពិត។ជាចុងក្រោយ ពួកលោកសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាអនុវត្តវិធានការច្បាប់ព្រហ្មទណ្ឌឱ្យបានតឹង រឹងបំផុតចំពោះលោក មាស សាវឿន និងបក្ខពួក រួមទាំងក្រុមដែលយកឈ្មោះ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ មកអំណះអំណាងបង្កើតវិវាទដីធ្លីជាបន្តបន្ទាប់។ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ មិនមែនជាសមាគមរបស់ស្ថាប័នជាតិ និងមិនមានសកម្មភាពការងារអ្វីនោះទេ។ លោក មាស សាវឿន បានយកងារជា «ឯកឧត្តម» ទៅប្រើដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋ។


គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មាស សាវឿន និងលោក យឿន ម៉ោះ រួមជាមួយបក្ខពួកមួយចំនួនទៀត ត្រូវបានឈ្មោះ គួច ហ៊ុយខេង ឈ្មោះ អ៊ុយ ហ្សង់លុច ឈ្មោះ អ៊ុយ អាឡិចសង់ និងឈ្មោះ អ៊ុយ អង់កាន់ប្ដឹងទៅកាន់តុលាការខេត្តបន្ទាយមានជ័យពីបទ៖ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (ប៉ះពាល់កម្មសិទ្ធិឯកជន)» តាមបញ្ញត្តិមាត្រា២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាលដែលបានប្រព្រឹត្តបន្តបន្ទាប់ចាប់ពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងអំឡុងខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។នៅក្នុងពាក្យបណ្ដឹងរបស់ឈ្មោះ គួច ហ៊ុយខេង ឈ្មោះ អ៊ុយ ហ្សង់លុច ឈ្មោះ អ៊ុយ អាឡិចសង់ និងឈ្មោះ អ៊ុយ អង់កាន់ មានអាសយដ្ឋាននៅផ្ទះលេខ ១៨៨ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានសុំប្តឹង៖ ១. ឈ្មោះ មាស សាវឿន ភេទប្រុស មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ ២. ឈ្មោះ តេង ចាន់ភិរម្យ ភេទប្រុស កើតឆ្នាំ ១៩៨៤ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 170802907 មានទីលំនៅបច្ចុប្បន្ននៅក្រុមទី៦ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។ ៣. ឈ្មោះ យឿន ម៉ោះ ភេទប្រុស កើតឆ្នាំ ១៩៧៤ មានទីលំនៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 


៤. ឈ្មោះ ជា ម៉ៅ ភេទប្រុស រស់នៅភូមិចន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៥. ឈ្មោះ សុន ភាក់ ភេទប្រុស រស់នៅភូមិចន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៦. និងបក្ខពួក ទៅកាន់ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យពីបទ៖ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (ប៉ះពាល់កម្មសិទ្ធិឯកជន)» តាមបញ្ញត្តិមាត្រា ២៤៨ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល ដែលបានប្រព្រឹត្តបន្តបន្ទាប់ចាប់ពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ និងអំឡុងខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។គួររំលឹកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេចបញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ចប់មុខតំណែងនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនោះឡើយ។ តែប្រភពព័ត៌មានខ្លះ អះអាងថា អាចជាប់ព័ន្ធនឹងការប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន។គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក មាស សាវឿន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


លោក មាស សាវឿន ក៏ធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ ពេលលោកជាអតីតអភិបាលរងខេត្តព្រះវិហារ ដោយសារជាប់ពាក់ព័ន្ធបញ្ហាដីធ្លី។ពាក់ព័ន្ធករណីខាងលើនេះ លោក យឿន ម៉ោះ បានបំភ្លឺឲ្យ ដឹងថា បាទបង បងអ្នកព័ត៌មាន នៅប៉ោយប៉ែត ឬនៅណាវិញបង? លោកបន្តថា អឺ…បំភ្លឺយ៉ាងម៉េចបង បើខ្ញុំមិនដែលស្គាល់គ្នាជាមួយបងឯងផង បំភ្លឺរបៀបម៉េច បើអ្នកនៅប៉ោយប៉ែត គេដឹងគ្រប់គ្នាតើបង។ទាក់ទិនករណីខាងលើនេះ ប្រភពផ្សេងទៀតបានឲ្យដឹងថា តាមព័ត៌មាន អ្នកដែលទៅបំពានយកដី តាមលោក មាស សាវឿន សុទ្ធតែជាមន្ត្រីជាន់ខ្ពស់យោធា២ទៅ៣នាក់​ នៅតំបន់នោះ ជាក់ស្តែងនៅដេីមខែមីនា ឆ្នាំ២០២៥នេះ បានទៅកាងដីឱ្យលោក មាស សាវឿន និងកៀងករប្រជាជនខុសច្បាប់ដោយអអាណាធិបតេយ្យ។ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន(សាន់ដេ) ពុំអាចសុំការបំភ្លឺពីលោក មាស សាវឿន និងអ្នកដែលត្រូវបានគេប្ដឹងខាងលើ ដោយសារពុំមានលេខទូរស័ព្ទឬបណ្ដាញសង្គមដែលអាចធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់បាននោះទេ។ 











No comments:

Post a Comment

Pages