អាគារកម្ពស់៧ជាន់សង់អត់ច្បាប់នៅក្រុងសំពៅពូនបានកំពុងធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះនៅជាប់ព្រំគ្នាកើតទុក្ខព្រួយយ៉ាងខ្លាំង ខណៈគាត់ប្ដឹងរាប់ខែហើយ រដ្ឋបាលខេត្តកណ្ដាលនៅតែមិនទាន់អាចរកដំណោះស្រាយជូនគាត់បាន! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាគារកម្ពស់៧ជាន់សង់អត់ច្បាប់នៅក្រុងសំពៅពូនបានកំពុងធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះនៅជាប់ព្រំគ្នាកើតទុក្ខព្រួយយ៉ាងខ្លាំង ខណៈគាត់ប្ដឹងរាប់ខែហើយ រដ្ឋបាលខេត្តកណ្ដាលនៅតែមិនទាន់អាចរកដំណោះស្រាយជូនគាត់បាន!

 



(កណ្ដាល)៖ សំណង់អត់ច្បាប់កម្ពស់៧ជាន់បានកំពុងតែបន្តការសាងសង់យ៉ាងសកម្មបែបអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បើទោះបីសំណង់នេះបានកំពុងធ្វើឱ្យម្ចាស់ផ្ទះនៅជាប់ព្រុំគ្នាកើតទុក្ខព្រួយជាខ្លាំងដោយសារតែផ្ទះរបស់គាត់ត្រូវបានប្រេះស្រាំតាមជញ្ជាំង ផ្ទុះការ៉ូ និងស្រុតដី ហើយពិសេសខាតបង់លុយកាក់រាប់ពាន់ដុល្លារក្នុងមួយខែៗពីការជួលផ្ទះនោះឱ្យភ្ញៀវស្នាក់នៅជាបណ្ដោះអាសន្ន ខណៈភ្ញៀវគាត់បានរើចេញ ព្រោះតែមានការរំខានពីការដ្ឋានខាងលើនេះ។ នេះបើប្រភពដែលបណ្តាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ។


ប្រភពបន្តថា ដំបូងឡើយម្ចាស់ផ្ទះរងគ្រោះឈ្មោះ សឿង ផល្លា បានប្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន២៥០០០ដុល្លារអាមេរិក ដែលម្ចាស់សំណង់ថ្មីឈ្មោះ ស៊ុន ចំប៉ី បានសាងសង់សំណង់ធ្វើឲ្យខូចខាតដល់ សំយ៉ាបផ្ទះ ប្រេះការ៉ូ និងបាត់បង់ភ្ញៀវធ្លាប់ជួលផ្ទះរបស់គាត់ក្នុងខែចំនួន២៣០០ដុល្លារអាមេរិក។ ប៉ុន្តែបែរជាឈ្មោះ ស៊ុន ចំប៉ី មិនបានឯកភាពនោះទេ ដោយបានលើកឡើងថា គាត់ធានាជួសជុលឡើងវិញទាំងស្រុង និងសងថ្លៃសំណងខូចខាតបន្ថែមចំនួន២០០០ដុល្លារ។


ប្រភពបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សឿង ផល្លា ធ្លាប់បានប្ដឹងទៅសាលាសង្កាត់សំពៅពូនផង និងរដ្ឋបាលក្រុងសំពៅពូនផង ក៏ប៉ុន្តែគាត់មិនបានទទួលលទ្ធផលអ្វីក្រៅពីការខកចិត្ត និងអស់ក្ដីសង្ឃឹមនោះទេ ហើយគាត់ក៏បានសម្រេចចិត្តប្ដឹង ទៅរដ្ឋបាលខេត្តកណ្ដាល ឱ្យជួយរកយុត្តធម៌ជូនគាត់ ប៉ុន្តែមកទល់ពេលនេះ គាត់នៅតែមិនទាន់ទទួលបានសំណងពីភាគីឈ្មោះ ស៊ុន ចំប៉ី ម្ចាស់សំណង់អត់ច្បាប់នោះនៅឡើយទេ។ប្រភពបានឲ្យដែរថា ទាក់ទិនករណីនេះ លោក ជាង រិទ្ធី នាយកទីចាត់ការអន្តវិស័យសាលាខេត្តកណ្តាល ក៏បានចុះទៅត្រួតពិនិត្យសំណង់អគារខាងលើ និងបានប្រជុំសម្របសម្រួលដោះស្រាយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ផងដែរ តែជាលទ្ធផល ភាគីទាំងពីរពិតជាមិនទាន់ស្រុះស្រួលគ្នានៅឡើយ។ 


ប្រភពបានឲ្យដឹងដែរថា បើតាមលោក សាយ ចាន់តារា ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ខេត្តកណ្ដាល ក៏បានបញ្ជាក់ដែរថា ម្ចាស់អាគារ ឈ្មោះ ស៊ុន ចំប៉ី ត្រូវជាកូនរបស់ឈ្មោះ វ៉ា ព្រិល បានសាងសង់សំណង់អគារកម្ពស់៧ជាន់ ដោយគ្មានលិខិតអនុញ្ញាត លិខិតបើកការដ្ឋាន និងលិខិតបិទការដ្ឋាននោះទេ។បច្ចុប្បន្នសម្រេចការសាងសង់ចន្លោះពី៥០ភាគរយ ទៅ៦០ភាគរយទៅហើយ។ លោកបន្តថា ឈ្មោះ ស៊ុន ចំប៉ី ពេលកំពុងសាងសង់បុកគ្រឹះ បានធ្វើឲ្យមានស្នាមប្រេះដល់សំយ៉ាបផ្ទះរបស់ឈ្មោះ សឿង ផល្លា ដែលជាដើមបណ្ដឹងពិតប្រាកដមែន។ 


ជុំវិញការដ្ឋានខាងលើ ម្ចាស់សំណង់អត់ច្បាប់ឈ្មោះ ស៊ុន ចំប៉ី នៅតែបន្តសាងសង់ ទោះបីក្រុមការងារថ្នាក់ខេត្តកណ្ដាលបានណែនាំឱ្យផ្អាកការសាងសង់ និងមិនអនុញ្ញាតឲ្យកម្មករបម្រើការងារនៅក្នុងការដ្ឋានស្នាក់នៅក្នុងអគារអំឡុងពេលកំពុងសាងសង់ជាដាច់ខាត និងតម្រូវឱ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតបើកដ្ឋាន និងលិខិតបិទការដ្ឋាននៅរដ្ឋបាលក្រុងសំពៅពូន និងរដ្ឋបាលខេត្តកណ្តាលក៏ដោយ។ទាក់ទិនករណីខាងលើនេះ បណ្ដាញសារព័ត៌មានសាន់ដេ មិនអាចសុំការបំភ្លឺពីម្ចាស់ការដ្ឋានកម្ពស់៧ជាន់ដែលគេថា បានសាងសង់អត់ច្បាប់នោះនៅឡើយទេ ព្រោះពុំមានលេខទូរស័ព្ទ ឬបណ្ដាញសង្គមណាដែលអាចទំនាក់ទំនងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មានពេញចិត្តមេឌានៅតែរង់ចាំការបំភ្លឺពីគ្រប់ភាគីនៅរៀងរាល់ម៉ោងធ្វើការ៕











No comments:

Post a Comment

Pages