កណ្តាល៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអញ្ជើញជាអធិបតី ពិធីជួបជុំអាហារសាមគ្គី និង លេងល្បែងប្រជាប្រិយ៍ខ្មែរ ជាមួយអ្នកសារព័ត៌មាន និងសិស្សនិស្សិតប្រមាណ១០០នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដែលរៀបចំដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅទីស្នាក់ការរបស់ខ្លួនក្នុងសង្កាត់ព្រែកអំពិល នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។លោក ចាន់ តារា បានមានប្រសាសន៍សំណេះសំណាល និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌ចូលរួមផ្សព្វផ្សាយសមិទ្ធិផល និងព័ត៌មានពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោកអភិបាលក្រុង ចាន់ តារា បានឧបត្ថមថវិកា១០០$ និង ភេសជ្ជៈ១០កេស ព្រមទាំង ឧបត្ថមសិស្សនិស្សិត៣៥នាក់ ក្នុងម្នាក់ៗចំនួន ១៥,០០០រៀល។បន្ទាប់មក លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង បានប្រកាសគាំទ្រ និងចូលរួមយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!" "Say No to Fake News" និងបានចែកកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណោយរបស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនអ្នកសារព័ត៌មាន និងសិស្សនិស្សិត រួចហើយ ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន បានពន្យល់អំពីខ្លឹមសារសំខាន់ៗ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
បន្ទាប់ពីពិសារអាហារជុំគ្នារួច សមាគមបាននាំអ្នកសារព័ត៌មាន និង ក្មួយៗសិស្សានុសិស្សជាច្រើននាក់ លេងល្បែងប្រជាប្រិយ៍ខ្មែររួមមាន៖ វ៉ៃក្អម រាំដណ្តើមកៅអី ដណ្តើមស្លឹកឈើ អមដោយក្រុមឆៃយ៉ាំកំដរយ៉ាងអធិកអធមផងដែរ៕
No comments:
Post a Comment