បាត់ដំបង ៖ ក្រុមជនខិលខូច បានបើកល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅចំកណ្តាលក្រុងបាត់ដំបង ខណះអាជ្ញាធរនិងសមត្ថកិច្ច មិនចាត់ការនិងបង្ក្រាប តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ប្រភពដែលទុកចិត្តបំផុត បានបង្ហើបអោយដឹងថា ទីតាំងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅចំនុច ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុង-ខេត្តបាត់ដំបង បានបើកលេងដំណើរការយ៉ាងរលូន។
ក្នុងនោះក្រុមអ្នកញៀនល្បែង បាននាំគ្នាពពាក់ពពូន សម្រុកចូលទៅលេង ដូចគេនាំគ្នាសម្រុកចូលទៅមើលកុនល្ខោន ដោយមិនញញើតទោសទណ្ឌបន្តិចណាទាល់តែសោះ។ប្រភពបានបង្ហើបអោយដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ បានបើកដំណើរការជាយូរខែឆ្នាំណាស់មកហើយ គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ក្រុង.ខេត្តបាត់ដំបង ចុះមកទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ(ពោល)បណ្តែតបណ្តោយ ឲ្យទីតាំងល្បែងស៊ីសង ខាងលើនេះបើកដំណើរការដោយរលូន គ្មានការទប់ស្កាត់និងបង្រ្កាបសោះឡើយ។
មហាជនរិះគន់ និងដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើទំនងអាចជាឆ្នាំងបាយរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់នោះអស់ហើយទេដឹង? បានជានាំគ្នាសម្ងំបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវិត្ថភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ មិនតែប៉ុណ្ណោះទីតាំងល្បែងស៊ីសងខាងលើនេះប្រឆាំងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោយកន្លងមកសម្តេចធ្លាប់ចេញបទបញ្ជាយ៉ាងដាច់ណាត់ដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាបរាល់បនល្បែងសុីសងនៅក្នុងមូលដ្ឋានត្រូវតែបង្រ្កាបឱ្យខានតែបាន។
បច្ចុប្បន្ននេះល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខាងលើ បើទោះបីជាមានការ រិះគន់ជុំទិស ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងណាក៍ដោយ អាជ្ញាធរធូរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែមិនចាត់វិធានការ ដោយបន្តបើកដៃឲ្យលេងយ៉ាងគគ្រឹកគគ្រេង បានពង្វក់ក្មេងចាស់ប្រុស-ស្រី ឱ្យចូល លេងយ៉ាងអានាធិបតេយ្យជាទីបំផុត។ ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង មានការព្រួយ បារម្ភ ភ័យខ្លាច បញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច.ចោរឆក់.ចោរប្លន់.ចោរ គាស់តូប.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីកន្លែងល្បែងសុីសងនេះ។
ពាក់ព៍ន្ធជុំវិញករណីខាងលើនេះ មហាជនសំណូមពរដល់លោកសុខ លូ ចៅហ្វាយខេត្តបាត់ដំបង និងលោកដាញ់ អេងប៊ុនចាន់ស្នងការខេត្តបាត់ដំបង សូមមេត្តាជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប ទីតាំងល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញ ខាងលើឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថភាពដែលរាជរដ្ឋាភិបាលដើម្បីរក្សា សុវត្ថិ ភាពជូនប្រជាពលរដ្ឋ៕
No comments:
Post a Comment