ភ្នំពេញ÷ទីតាំងល្បែងខុសច្បាប់១កន្លែង កំពុងដំណើរការក្រោមស្លាកអក្សរចិន ដោយមានអ្នកចូលលេងច្រើនកុះករ ជាធម្មតា។ យ៉ាងណាក៏ដោយ មិនរំខានដល់អាជ្ញាធរខណ្ឌ ចំការមននោះឡើយ បើទោះបីជាល្បែងស៊ីសងនេះខុស ច្បាប់ប្រទេសក៏ដោយ។ ប្រភពបានឱ្យដឹងថា ទីតាំងនេះទាក់ទាញបានអ្នកចូលលេងល្បែងស៊ីសងមានទាំងជន បរទេសនិងជនជាតិខ្មែរ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងដែលមានស្លាកយីហោ «ជីនសាហ៊យ» ស្ថិតនៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងលេង ល្បែងស៊ីសងខុសច្បាប់ដ៏ធំបានយ៉ាងរលូន ដោយគ្មានការរំខានដល់អាជ្ញាធរមូលដ្ឋាន។ ប្រភពបានបន្ថែមថា នេះជាល្បែងស៊ីសងប្រភេទបាញ់ត្រី ដែលល្បែងនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជនយុវនារីខ្មែរហើយចូលលេងយ៉ាងច្រើនកុះករ។ប្រភពពីយុវជន ដែលធ្លាប់ចូលលេងនៅទីនោះបានឲ្យ ដឹងថា ទីតាំងល្បែងខាងលើនេះមានទាំងជនជាតិចិនចូលលេងជាចំហនិងជនជាតិខ្មែរក៏ចូលលេងបានដែរ។ ប្រភពបញ្ជាក់ថា មិនឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបឬរំខានដើរលេងល្បែងនៅទីតាំងខាងលើនេះទេ។ មាន ន័យថាគេអាចលេងល្បែងបាញ់ត្រី នៅទីតាំងខាងលើដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទ បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីមូលដ្ឋាន បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់។ ផ្ទុយទៅវិញមន្រ្តីអាជ្ញាធរខណ្ឌ ចំការមន លោក កៀង ល័ក្ស អភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌចំការមន កំពុងតែបណ្តោយឲ្យមានវត្តមានល្បែងស៊ីសងខុសច្បាប់ បើកដំណើរការយ៉ាងរលូនទៅវិញ។ ភាពព្រងើយកន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ធ្វើឲ្យប្រជាពលរដ្ឋមានមណ្ឌលសង្ស័យ។ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ី សងខុសច្បាប់ខាងលើនេះផង៕
No comments:
Post a Comment