កំពង់ចាម÷នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបញ្ជាការឯងភាពខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៧ និងពិនិត្យការរៀបចំកែលម្អ នៅតាមដងផ្លូវសាធារណៈ ដើម្បី ក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា៩ កក្កដា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នេះ ។
នាឱកាសនោះដែរ ឯកឧត្តអភិបាលខេត្ត បានណែនាំ ដល់ក្រុមហ៊ុន ក៏ដូចជា ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលស្គន់ មកដល់ចំណុចត្រើង សូមជួយបំពេញបន្ថែម លើចំណុចផ្លូវខ្វះខាត ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់ថ្នាក់ដឹកនាំ ជាពិសេស ប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើញទៅកាន់ទីតាំងប្រារព្ធពិធី ។ ជាមួយនោះ អាជ្ញាធរមូលដ្ឋាន ចាប់ពីចំណុចស្រុកបាធាយ រហូតដល់ទីតាំងប្រារព្ធពិធី ក៏ត្រូវធ្វើការកែលម្អតាមដងផ្លូវ ដោយណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ តុបតែងលម្អ ដោយចងទង់ជាតិ ទង់ជ្វាលា ជាដើម ដើម្បី ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ គ្រប់សមាសភាព ផងដែរ ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ក្រុមការងារគ្រប់គ្រងបរិស្ថាន ត្រូវយកចិត្តទុកដាក់លើអនាម័យ និងសម្អាតបរិស្ថាន ក៏ដូចជា នៅតាមដងផ្លូវ ឲ្យមានសោភណ្ឌភាព និងសណ្តាបធ្នាប់ល្អ ដើម្បី ទទួលបដិសដ្ឋារកិច្ចព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំង ប្រតិភូជាតិអន្តរជាតិ ដែលអញ្ចើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ផងដែរ ។សូមជម្រាបថា នាថ្ងៃទី០៩ កក្កដា ឆ្នាំ២០២៥ នេះ ទិវាជាប្រវត្តិសាស្ត្រ «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) នឹងប្រារព្ធធ្វើឡើង នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕
No comments:
Post a Comment