ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ ជនជាតិអាមេរិកកាំង នៅចំណុចសណ្ឋាគារ អាខ្វារៀស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាព វាយកម្ទេចទូ អេធីអឹម ( ATM ) របស់ធនាគារភ្នំពេញពាណិជ្ជ។
សមត្ថកិច្ច បានបញ្ជាក់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថាៈ កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដែលជាប្រធានសាខា ធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ធនាគារភ្នំពេញពាណិជ្ជ ទូ ATM ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ឆ្លងតាមការសាកសួរ , ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន វាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ពិតប្រាកដមែន ។បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការ តាមនីតិវិធី ៕
No comments:
Post a Comment