ភ្នំពេញៈ សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ សម្ភារសិក្សា សម្ភារការិយាល័យ រួមទាំងថវិកា មួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀត ត្រូវបានក្រុមការងារ សមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត) ប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះ ដោយទឹកជំនន់ នាពេលកន្លងមក។
លោក ប្រាក់ ចាន់ធី តំណាងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទី៦ នៃសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថាៈ ដោយសារតែយើងមានសុខសន្តិភាព និងមានថ្ងៃនេះ ទើបយើងបានជួបជុំគ្នា ទោះបីជាកូនទាំងអស់គ្នា នៅក្នុងមជ្ឈមណ្ឌល ដែលជាគ្រួសារធំ នេះក៏ដោយ។ អ្វីៗដែលមានសព្វថ្ងៃនេះ កើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ កូនក្មួយទាំងអស់គ្នា គឺគ្មានសេចក្តីសុខ ដើម្បីមករួមរស់ជួបជុំគ្នា ដោយសុខដុមរមនា ដូច្នេះដែរ។
លោកបានបន្តថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែតនិងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ដោយឡែក លោកបានមើលឃើញ ការលំបាករបស់ មជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ដែលរងគ្រោះ ដោយទឹកជំនន់ នាពេលកន្លងមក ទើបក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងសប្បុរសជនដទៃទៀត មកប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលនេះ ដើម្បីដោះស្រាយ ការរស់នៅប្រចាំថ្ងៃ។
លោក រិញ ប៊ុនឈួយ ប្រធានមជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីអំណររីករាយក្រៃលែង និងវានថ្លែងអំណរគុណ ជាអនេកចំពោះការគិតគូរពីសុខទុក្ខ របស់បុគ្គលិក និងក្មួយៗ នៅក្នុងមជ្ឈមណ្ឌលនេះ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងសប្បុរសជនដទៃទៀត ព្រមទាំងក្រុមការងារ សមាគម អ ម ត ។
សូមបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតរួមមាន អង្ករ ៧ តោន ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកសុទ្ធ ៥០កេស សំលៀកបំពាក់កីឡា សម្រាប់ក្មួយៗ ១២៤ កំប្លេ កុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនថតរូបមួយគ្រឿង តុកៅអីការិយាល័យចំនួន ៣ ទូដាក់ឯកសារ ទូដាក់សំលៀកបំពាក់ និងសម្ភារផ្សេង ចំនួន ១៥ មុខ ព្រមទាំងថវិកា ៤ លានរៀល ត្រូវបានក្រុមការងារ សមាគម អ ម ត ប្រគល់ជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០៕/
No comments:
Post a Comment