បើកម៉ូតូរត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីគ្រោះត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចជាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បើកម៉ូតូរត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីគ្រោះត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចជាប់


ភ្នំពេញ៖  ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោចាប់ខ្លួនបាន ក្រោយឆក់កាបូបនារីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ២១៧ បានសំរេច ហើយព្យាយាមបើកម៉ូតូរត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ចបានដកហូត ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក​លេខ​ភ្នំពេញ 1IG-4658 មានលេខតួ និងលេខម៉ាស៊ីន9000898, កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) និងទូរស័ព្ទដៃម៉ាកVIVO ពណ៌ក្រហមចំនួន០១គ្រឿង ។

បើតាមការឱ្យដឹងពីស្ត្រីរងគ្រោះ និងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1P-8565 ចេញពីកន្លែងលក់ដូរ នៅផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចក្បែរស្តុបការ៉េប្រាំបី ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម បានជិះម៉ូតូ០១ គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រួច ពាក់ស្លាកលេខ ភ្នំពេញ1IG-4658 ម្នាក់ឯងស្របទិសជាមួយជនរងគ្រោះ បានធ្វើសកម្មភាព​ឆក់​យកកាបូបលុយដែលជនរងគ្រោះ ក្រវ៉ាត់ចង្កេះពីខាងមុខ ដែលក្នុងកាបូបនោះមានលុយ ខ្មែរចំនួន ១៦០,០០០ រៀល (មួយលានហុកសិបម៉ឺនរៀល), ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហមចំនួន០១គ្រឿង, និងឯកសារផ្សេងៗ រួចបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូង។

ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កំពុងជិះម៉ូតូល្បាតលើផ្លូវ២១៧ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ ដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងដែលនៅតាមគោលដៅឈរជើងផ្សេងៗជួយស្ទាក់ពីមុខ ហើយជនសង្ស័យខាងលើ បានបើកម៉ូតូគេចខ្លួនដល់ ចំណុចបុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនបាន រួមនិងវត្ថុតាង តែម្តងយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេជាជនសង្ស័យ ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមករូបគេ ក៏ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត។ ក្រោយសាកសួរ ជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕





No comments:

Post a Comment

Pages