ភ្នំពេញ៖លោកស័ក្តិ៥ ហ៊ីម សំបូរ ជើងខ្លាំង យកកាំភ្លើង មកជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដល់អ្នកភូមិផងរបងជាមួយនោះ បានត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។រហូតមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។
លោកស័ក្តិ៥ ហ៊ីម សំបូរ បានត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០រួបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។យោងតាមពាក្យបណ្តឹង មានភស្តុតាងរូបភាពលោកស័ក្តិ៥ ហ៊ីម សំបូរ កាន់កាំភ្លើង និងវីដេអូឃ្លីប និងបានដាក់ពាក្យបណ្តឹងចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្នុងបទល្មើសជាក់ស្តែង។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ មាន ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបំម្រើការងារនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លីកាន់ដើរមកសំដៅកន្លែងអ៊ុតសក់នាងខ្ញុំ។
ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨:២០នាទីយប់ នៅចំណុចមុខ ផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់កាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ (មួយ) ដើម កាន់ ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ( ជី ជី សាឡន ) ដោយបានធ្វើការ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី។
នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ឹម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំ បានសាងសង់ ផ្ទះ ល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាង ណាដែលបានឈ្លោះជាមួយគេ ហើយសំឡុតនិងបានបោះពាក្យសម្តីថាហែងធ្វើមិនឈ្នះអញទេ ដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ៕
No comments:
Post a Comment