ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមការងារចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូក នៅជំហាន២ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត សមាជិកក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់ពីអង្គប្រជុំ បានស្តាប់របាយការណ៍លទ្ធផល នៃការដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី ១ និងជំហាន២ ទទួលបានលទ្ធផលល្អ ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យក្រុមការងារចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ។គួរបញ្ជាក់ថា៖ អាជីវករក្នុងផ្សារព្រែកដំបូកសរុបចំនួន១១៥នាក់ អ្នកតវ៉ាសុំរុះរើមានចំនួន ៤៧នាក់ ។ លទ្ធផលនៃការសម្របសម្រួលដោះស្រាយទាំងជំហាន១ និងជំហាន២ បានចំនួន១៧នាក់ មកដល់ពេលនេះអ្នកតវ៉ានៅសល់តែ៣០នាក់ ស្មើនឹង២៦% នៃអាជីវករទាំង១១៥នាក់ ៕
No comments:
Post a Comment