ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកនិងនំចម្រុះជាច្រើនគីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្តនាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ស្ថិតនៅសង្កាត់/ក្រុង/ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឱ្យដឹងថា លោកបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។
ដោយនៅព្រឹកនេះក្រុមត្រួតពិនិត្យ និងមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន១៧គំរូ និងបន្លែ នំ បង្អែមចំនួន២៧គំរូទៀតយកមកធ្វើតេស្តពិសោធន៍នៅមន្ទីរពិសោធន៍ខ្នាតតូចដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែកចំនួន១៤គីឡូក្រាម មាន ( គីមីBorax )និងនំចម្រុះចំនួន៣២គីឡូក្រាមហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោកផឹង និលបានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕
No comments:
Post a Comment