ភ្នំពេញ: សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលថ្លើមធំ ចាប់សិស្សស្រីបង្ខាំងទុកនៅក្នុងបន្ទប់ផ្ទះសំណាក់ រួចចាប់រំលោភ និងជំរិតទារប្រាក់ចំនួន ១០លានរៀល ពីឪពុកម្តាយក្មេងស្រីជនរងគ្រោះ។ បុរសរូបនេះ ត្រូវបានចាប់ខ្លួន នៅចំណុចផ្លូវបេតុងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ សៅ ប្រុស ហៅបញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ការចាប់ខ្លួននេះ បានធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ អ ឧ ស អាយុ ១៦ឆ្នាំ ជាសិស្សនៅខេត្តកំពង់ឆ្នាំង ទើបមកភ្នំពេញរយៈពេលប្រហែលកន្លះខែ ដើម្បីមកលេងផ្ទះម្តាយនៅខណ្ឌពោធិ៍សែនជ័យ។ លុះនៅថ្ងៃកើតហេតុខាងលើមានមិត្តភក្តិស្រីម្នាក់ឈ្មោះ ច ស ន ជិះម៉ូតូមកឌុបក្មេងស្រីរងគ្រោះទៅដើរលេងម្តុំវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ហើយក៏ជិះមកឈប់អង្គុយលេងក្បែរផ្លូវរថភ្លើងក៏បានជួបជនសង្ស័យមិនដែលស្គាល់គ្នាដែលកំពុងអង្គុយលេងលើផ្លូវរថភ្លើង ហើយជនសង្ស័យក៏សួរនាំក្មេងស្រីទាំង២នាក់នោះនឹងចាប់ផ្តើមស្គាល់គ្នាតែម្តង។
បន្ទាប់មកក្មេងស្រីទាំង២នាក់បម្រុងជិះម៉ូតូចេញទៅលេងវត្តជន្លង់ម្លូក៏ជនសង្ស័យផ្ញើលុយតាមរយៈពួកគេទាំង២នាក់ឱ្យទិញទឹកសុទ្ធ០២ដបឱ្យផងបើត្រឡប់មកវិញ។ លុះបន្ទាប់មកក្មេងស្រីទាំង២នាក់ក៏បានជិះម៉ូតូ មកលេងនៅវត្តជន្លង់ម្លូបានមួយសន្ទុះ ក៏ត្រឡប់មកនៅចំណុចផ្លូវរថភ្លើងវិញដោយបានទិញទឹកសុទ្ធឱ្យជនសង្ស័យ០២ដប។ នៅពេលនោះជនសង្ស័យក៏ល្បួងជនរងគ្រោះថា ឱ្យលុយ២ម៉ឺនរៀលបើឌុបខ្លួនទៅយកដងសម្រាប់ថតទូរស័ព្ទនិងជូនទៅកន្លែងធ្វើការហើយក្មេងស្រីរងគ្រោះក៏យល់ព្រម។
ក្មេងស្រីរងគ្រោះឈ្មោះ អ ឧ ស ក៏ជិះម៉ូតូឌុបជនសង្ស័យចេញទៅ ដោយទុកមិត្តភក្តិម្នាក់ឈ្មោះ (ច ស ន )ឱ្យនៅចាំកន្លែងផ្លូវរថភ្លើងកន្លែងកើតហេតុ លុះពីពេលនោះមកមិត្តភក្តិក៏បានអង្គុយចាំមិនឃើញក្មេងស្រីរងគ្រោះត្រឡប់មកវិញ។ ស្រាប់តែក្រោយមកឪពុកក្មេងស្រីរងគ្រោះ ក៏បានតេទូរស័ព្ទមកប្រពន្ធឲ្យដើររកកូនស្រី ដោយមានទូរស័ព្ទប្រាប់ថា បើចង់បានកូនស្រីយកទៅវិញឱ្យផ្ញើលុយ ១០លានរៀល។ ម្តាយជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកន្លែងសមត្ថកិច្ច។
កម្លាំងនគរបាលក៏បានចេញស្រាវជ្រាវស៊ើបអង្កេត នៅថ្ងៃខាងលើឈានទៅបង្ក្រាបបានជនសង្ស័យនិងដកហូតទូរស័ព្ទដៃ០១គ្រឿងសម្រាប់តេទារជំរិតប្រាក់រួមម៉ូតូ០១គ្រឿង។ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពពិតជាបង្ខាំងមនុស្សជំរិតទារប្រាក់ និងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ៥ដង។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ៕
No comments:
Post a Comment