ជាក់ស្តែងកាលពីវេលាម៉ោង ១១និង ៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្រីម្នាក់ ទើបតែមានអាយុ ១ឆ្នាំប៉ុណ្ណោះ បានដាំក្បាល ចូលទៅក្នុងធុងទឹក១បណ្ដាលឲ្យឈ្លក់ស្លាប់ភ្លាមៗ ខណៈដែលស្រ្តីជាម្ដាយរវល់មើលទូរស័ព្ទភ្លេចខ្លួន អត់បានដឹងថា កូនស្រីតូចរូបនេះ ចូលទៅលេងទឹកធុងនៅក្នុងបន្ទប់ទឹក។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បាននិយាយថា សពក្មេងស្រីរងគ្រោះឈ្មោះ វ៉ៅ ស្រីនីត កើតឆ្នាំ២០១៩ និងម្ដាយឈ្មោះណុប គន្ធា សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ។ ចំណែកម្តាយក្មេងបន្ទាប់ពីប្រទះឃើញកូនស្រីឈ្លក់ទឹកបែបនេះ ក៏បានរត់ទៅចាប់លើកកូនស្រីចេញពីក្នុងធុងទឹក រួចបាននាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យ ប្រាប់ថាហួសពេលហើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ដាយបាននៅអង្គុយលេងទូរស័ព្ទនៅមុខបន្ទប់ជួលដែលខ្លួនស្នាក់នៅ។ ចំណែកកូនស្រី បានលេងជាមួយក្មេងៗមួយចំនួនទៀត នៅក្នុងបន្ទប់ ដោយរត់ចុះរត់ឡើងចេញចូលៗ ក្នុងបន្ទប់នោះ។ លុះក្រោយមក ក្មេងៗ ដែលលេងជាមួយបាននាំគ្នាទៅផ្ទះវិញអស់នៅសល់តែក្មេងស្រីរងគ្រោះលេងម្នាក់ឯង បន្ទាប់មក បានទៅលេងនៅក្នុងបន្ទប់ទឹក និងបានលេងទឹកធុងបណ្ដាលឲ្យដាំក្បាលចូលទៅក្នុងធុង ដែលមានទឹកជម្រៅប្រមាណ ២ ទៅ ៣ តឹក ហើយក៏ឈ្លក់ទឹកស្លាប់ភ្លាមៗតែម្ដង។
ក្រុមគ្រួសារជនរងគ្រោះ បន្តទៀតថា មួយសន្ទុះក្រោយ ម្តាយទើបនឹកឃើញដល់កូន ហើយក៏បានដើររកត្រង់នេះ អត់ឃើញ ត្រង់នោះ អត់ឃើញ ក៏ដើរទៅរកមើលនៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញកូនដាំក្បាលចូលទៅក្នុងទឹកធុង និងជើងឡើងលើ ទើបស្រវាចាប់លើកកូនចេញពីក្នុងធុងទាំងការតក់ស្លុតបំផុត។
បន្ទាប់មកដោយមិនអស់ចិត្តថា កូនស្លាប់ ក៏ប្រញាប់ប្រញាល់ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថាហួសពេលទៅហើយ ក៏ដឹកកូនត្រឡប់ទៅផ្ទះវិញ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិនិត្យមើល។ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ដើម្បីរាយការណ៍បន្តទៅនគរបាលជំនាញកោសលវិច័យធ្វើការត្រួតពិនិត្យផងដែរ៕
No comments:
Post a Comment