SHARE- TWEET
ភ្នំពេញ៖មហាជនច្បាស់ជាបានដឹងហើយអំពីសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់បុរសម្នាក់ពីសំណាក់មន្ដ្រីនគរបាលពាក់ស័ក្កិ៤ឈ្មោះ កេត ផារ៉ែន នៅចំណុចផ្លូវ៣៧១ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បើគិតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានរយៈពេល១ខែកន្លងមកហើយ តែសមត្ថកិច្ចនៅមិនទាន់តាមចាប់ខ្លួនជនដៃដល់បាននៅឡើយទេ ទោះស្គាល់អត្តសញ្ញាណច្បាស់លាស់ក៏ដោយ ។
មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជួយរកយុត្តិធម៌ជូនដល់ជូនរងគ្រោះ ។សូមជម្រាបថា បទល្មើសបាញ់នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះ នៅកន្លែងកើតហេតុ(ផ្លូវ៣៧១)។
លុះមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នា តែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាកហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ម្នាក់ទៀត រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញ ដែលនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ហើយជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើខ្លួនដែលនៅផ្លូវម្ខាង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចក៏បើករថយន្តគេចខ្លួនបាត់ ។
ជនរងគ្រោះបន្តថា រូបគាត់ក៏ប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងលាងរបួស មួយសន្ទុះក្រោយមករូបគាត់បានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកផ្ដិតយករូបភាព និងLive ទើបដឹងឮ ដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់កន្លែងកើតហេតុ។
No comments:
Post a Comment