SHARE- TWEET
ភ្នំពេញ៖តំណាងក្រុមហ៊ុនណាលីហុងស៊ុយ ដែលគ្រោងជួបអាជ្ញាធរខណ្ឌឫស្សីកែវ នៅម៉ោង ៣ រសៀលថ្ងៃទី៨មករានេះ ត្រូវបានលើកពេល។ នេះបើតាមមន្ត្រីសាលាខណ្ឌឫស្សីកែវបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៨មករានេះ។ការលើកពេលដោយមិនបានប្រាប់មូលហេតុច្បាស់លាស់នេះ ត្រូវបានមន្ត្រីសាលាខណ្ឌដដែលបញ្ជាក់ដោយខ្លីថា ព្រោះមិនបានឃើញតំណាងក្រុមហ៊ុនមកជួប។
កាលពីថ្ងៃទី៤មករាមានមនុស្សផ្អើលឈូរឆទៅយកស្ទីគ័ររូបកណ្តុរកាត់ឆុង នៅមុខក្រុមហ៊ុនណាលីហុងស៊ុយយ៉ាងច្រើន ខណៈរដ្ឋាភិបាលរិតបន្តឹងការជួបជុំ ដើម្បីការពារការឆ្លងកូវីដ ១៩។ បន្ទាប់ពីអ្នកគ្រូហុងស៊ុយ ឡុង ណាលីអគ្គនាយិការស្ថាប័នម៉ាស្ទ័រណាលីហុងស៊ុយ បានប្រកាសតាមបណ្តាញផ្សព្វផ្សាយ អំពីអ្នកជាប់សែស្រឡាយចិនមានឆ្នាំឆុងចំនួន ៤ ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនជិតមកដល់ ស្រាប់តែមានអ្នកមានជំនឿរាប់រយពាន់នាក់ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ ទៅ ៥ជួរដើម្បីយកស្ទីឃ័រ(កាត់ឆុង) រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាពឬហានីភ័យការឆ្លងកូវីដ១៩ឡើយ។
អាជ្ញាធរដែនដីខណ្ឌឫស្សីកែវបានអញ្ជើញក្រុមហ៊ុន ដើម្បីណែនាំពីវិធានការរបស់ក្រសួងសុខាភិបាល ដោយសារការប្រមូលផ្តុំមនុស្សច្រើនកុះករ អាចបង្កការឆ្លងរាលដាលកូវីដ ១៩៕
No comments:
Post a Comment