ភ្នំពេញ៖ ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា? កាលពីថ្ងៃទី ៨ កុម្ភៈឆ្នាំ២០២១កន្លងទៅនេះ មានអ៊ុំស្រី០៦នាក់បានមកជួបខ្ញុំនៅវិមានសន្តិភាព ដោយបានរៀបរាប់ពីវិវាទនិងទុក្ខសោករ៉ាំរ៉ៃលើដីទំហំ ៧០អា ដែលពេលនេះកំពុងប្រឈមនឹងការបាត់បង់។ បងប្អូនស្រីបង្កើតទាំង៧នាក់មាន (១) ហ៊ីង ជីន, ២)ហ៊ីង ជីម, ៣)ហ៊ីង ស៊ីម, ៤)ហ៊ីង ហាង, ៥)ហ៊ីង នាង, ៦)ហ៊ីង សំអឿន, ៧)ហ៊ីង ច្រឹប)។ ដី ៧០អា នេះស្ថិតនៅ ភូមិរការ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានវិវាទតាំងពីឆ្នាំ ២០១០ ជាមួយឈ្មោះ នង សឿន ដែលមានមុខរបរជាអ្នកចងការប្រាក់នៅព្រៃវែង។
បើតាមការអះអាងរបស់អុំស្រី បញ្ហានេះបានកើតឡើងគឺដោយសាបងស្រីបង្អស់ឈ្មោះ ហ៊ីង ជីន បានយកដីខាងលើទៅបញ្ចាំខ្ចីលុយ $៦,៥០០ ប៉ុន្តែក្រោយមកបានសងអស់ $១,៥០០ ហើយនៅសល់ $៥,០០០។ ដោយគ្មានលទ្ធភាពបង់សងការប្រាក់ ឈ្មោះ ហ៊ីង ជីន បានយល់ព្រមអោយម្ចាស់លុយទៅធ្វើស្រែប្រមូលផលលើផ្ទៃដី៧០A ដោយម្ចាស់លុយក៏យល់ព្រមមិនយកការប្រាក់ដែរ។ នៅរវាងឆ្នាំ២០១៣ ម្ចាស់លុយបានហៅអុំស្រី ហ៊ីង ជីន មកផ្តិតមេដៃលើលិខិតបន្ថែមមួយទៀតដោយបញ្ជាក់ថានឹងយកទៅដាក់ធនាគារដើម្បីខ្ចីលុយអោយគាត់បន្ថែម $៥០០ ដុល្លា។ អុំស្រី ហ៊ីង ជីន មិនចេះអក្សរទេ គាត់ក៏ផ្តិតមេដៃលើលិខិតខ្ចីបន្ថែម $៥០០។
បន្ទាប់មកម្ចាស់លុយ ឆន សឿន និងប្រពន្ធ នង សឿន បានយកលិខិតនេះទៅបញ្ជាក់ជាមួយមេភូមិអោយចុះហត្ថលេខាទទួលស្គាល់ (ការពិតជាលិខិតលក់ផ្តាច់) ពេលនោះមេភូមិក៏បានចុះហត្ថលេខា ហើយបន្ទាប់មកក៏យកទៅអោយលោកមេឃុំ ឃុន ផន ចុះហត្ថលេខាបញ្ជាក់បន្ថែម។ ប៉ុន្តែលោកមេឃុំបានប្រាប់ម្ចាស់លុយថា ដី៧០អា ខាងលើគឺជារបបរបស់បងប្អូនទាំង៧នាក់ បើលក់ដូរត្រូវតែមានការឯកភាពទាំង៧នាក់ ក្នុងនាមគាត់ជាមេឃុំគឺគាត់មិនព្រមស៊ីញ៉េទេ។ ប៉ុន្តែម្ចាស់ដីនិងមេភូមិបានប្រាប់មេឃុំថាមិនអីទេ គ្រាន់តែធ្វើសម្រាប់យកទៅខ្ចីលុយពីធនាគារតែប៉ុណ្ណោះ ហើយលោកមេឃុំអាចធ្វើលិខិតបដិសេធពេលណាក៏បានដែរបើពិតជាគ្មានការយល់ព្រមពីបងប្អូនទាំង៧នាក់មែន។
ដោយបានបញ្ជាក់ច្បាស់លាស់ពីមេភូមិ និងម្ចាស់លុយរួចហើយ លោកមេឃុំក៏ស៊ីញ៉េលើលិខិតលក់ផ្តាច់នោះទៅ។ ដោយក្តីបារម្ភថារឿងនេះមិនពិត លោកមេឃុំ ឃុន ផន បានរូតរះមកបញ្ជាក់ជាមួយបងប្អូនអុំស្រីទាំង៧នាក់ ដែលបានបញ្ជាក់ច្បាស់ថាដី ៧០អា នេះ មិនបានលក់ផ្តាច់ទៅអោយ ឆន សឿន និងប្រពន្ធ នង សឿន ជាម្ចាស់លុយទេ។ ភ្លាមៗនោះលោកមេឃុំក៏ចេញលិខិតបដិសេធនិរាករណ៍ចោលលើលិខិតដែលគាត់បានចុះហត្ថលេខា (លិខិតលក់ផ្តាច់) ចោលទៅ ដោយមានបញ្ជាក់ក្នុងកំណត់ហេតុដែលលោកមេឃុំបានឆ្លើយបំភ្លឺទៅតុលាការផងដែរ។
បងប្អូនទាំង៧នាក់ក៏ត្រូវប្រឈមរឿងក្តីនៅតុលាការ ហើយបានឈ្នះក្តីនៅសាលាឧទ្ធរណ៍ តែបន្ទាប់មកក៏ចាញ់នៅតុលាការកំពូល។ ដោយមិនមិនសុខចិត្តលើសេចក្តីសម្រេចរបស់តុលាការកំពូលបាន អុំស្រីទាំង៧នាក់បានបន្តដាក់ពាក្យស្នើសុំទៅក្រសួងយុត្តិធម៌សុំអោយមានការជំនុំជំរះរឿងក្តីនេះសារជាថ្មីឡើងវិញ។ ពួកគាត់ទាំង៧នាក់បានដាក់ពាក្យរក្សាការពារដី៧០អា ហើយមកដល់ពេលនេះអាជ្ញាសាលាក៏ពុំទាន់មានចុះអនុវត្តន៍នៅឡើយដែរ។ ប៉ុន្តែបងប្អូនទាំង៧ នាក់បានទួញយំនៅចំពោះមុខខ្ញុំថាសុខចិត្តស្លាប់នៅលើដី៧០អា ខាងលើ ព្រោះពួកគាត់មានតែដីធ្លីប៉ុណ្ណឹងទេសម្រាប់ជីវិតចុងក្រោយទាំង៧នាក់។
អាណិតនោះគឺខ្លោចចិត្តទៅហើយ អ្វីដែលខ្ញុំអាចជួយគាត់ចំពោះមុខបានជាដំបូងគឺផ្តល់លុយកាក់ សោហ៊ុយធ្វើដំណើរនិងអង្ករ (អំណោយសប្បុរសជន) ជូនលោកអុំទាំងទាមង៧នាក់ដើម្បីដោះស្រាយក្រពះរស់រានមានជីវិតមួយរយៈសិន។ ខ្ញុំបានខលជួបលោកមេឃុំហើយ គឺគាត់អាណិតអុំស្រីទាំង៧នាក់ ហើយគាត់នៅតែធានាអះអាងដូចក្នុងកំណត់ហេតុគាត់ទៅតុលាការដដែល។ខ្ញុំនឹងស្វែងរកការពិតលើករណីនេះ ហើយសិក្សាផ្លូវច្បាប់អោយបានល្អិតល្អន់ ព្រោះសំណុំរឿងនេះតុលាការកំពូលកាត់សេចក្តីរួចហើយ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment