(ភ្នំពេញ)៖ ព្រោះតែការបន្តរីករាតត្បាតជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាននៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រយុទ្ធជំងឺកូវីដ១៩ ជាង ៣៥០នាក់បន្ថែមទៀត ត្រូវបានជ្រើសរើសយកមកហ្វឹកហ្វឺន ដើម្បីចូលសមរភូមិប្រយុទ្ធជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានប្រកាសប្តេជ្ញាចិត្តដោយអង់អាចថា នឹងបន្តនៅជាមួយប្រជាពលរដ្ឋប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០។គ្រូពេទ្យសម្តេចតេជោប្រយុទ្ធជំងឺកូវីដ១៩ ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩នោះ បានក្លាយទៅជាកងទ័ពអាវសដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីជំងឺនេះបានរាតត្បាតនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០។
ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលមានការរីករាលដាលលឿន និងមានអ្នកឆ្លងច្រើននោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ពួកគេបានចូលរួមយ៉ាងសកម្មលើការងារនេះ ដោយបានជួយព្យាបាល និងជួយចុះទៅយកសំណាករបស់អ្នកពាក់ព័ន្ធអ្នកជំងឺជាដើម។ បច្ចុប្បន្នគ្រូពេទ្យសម្តេចតេជោប្រយុទ្ធជំងឺកូវីដ១៩ ជាង៤០០នាក់ កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីប្រយុទ្ធជំងឺកូវីដ១៩។
ពួកគេបានលះបង់ពេលវេលាជាមួយគ្រួសារ លះបង់ក្តីសុខរបស់ខ្លួនធ្វើការពីព្រលឹមរហូតដល់កប់អាធ្រាត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។លោកស្រី ពេជ ចន្ទមុន្នី ដែលកំពុងដឹកនាំគ្រូពេទ្យសម្តេចតេជោ ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបរាប់ពីវីរភាពរបស់ក្រុមគ្រូពេទ្យទាំងអស់ថា មួយថ្ងៃៗក្រុមគ្រូពេទ្យបានធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១ ម៉ោង២ទៀបភ្លឺ ទើបចូលសម្រាកហើយពេលព្រឹកបានចាប់ផ្តើមធ្វើទៀត។ បើគ្រូពេទ្យពាក់ PPE (សម្លៀកបំពាក់ពេទ្យការពារមេរោគ) វិញ ពេលខ្លះ ៣ម៉ោង ទើបបានផឹកទឹកម្តង។
លោកស្រី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំឃើញក្រុមគ្រូពេទ្យយើងហត់ណាស់ ហត់មែនទែនធ្វើការយកសំណាកមិនមែនតែក្រុមគ្រូពេទ្យពួកខ្ញុំទេ។ ក្រុមគ្រូពេទ្យព្យាបាលនៅជួរមុខនៅមន្ទីរពេទ្យផ្សេងៗក៏គាត់ហត់ខ្លាំងមែនទែន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ និងក្រុមគ្រូពេទ្យតេជោធីតា ដែលបានចូលរួមក្នុងហ្នឹងដែរ ហើយនិងក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យផ្សេងៗ ខ្ញុំសូមអរគុណដល់ពួកគាត់មែនទែន»។
លោកស្រី ពេជ្រ ចន្ទមុន្នី បន្ថែមថា «ខ្ញុំធ្វើការនេះខ្ញុំដឹងខ្លួនឯងថា ពួកគាត់ត្រូវធ្វើការនៅក្នុងហ្នឹង គឺចេញទៅក្រៅអត់បានទេពីរអាទិត្យហ្នឹងគាត់ធ្វើការក្នុងមន្ទីរពេទ្យនឹងជាប់ ចេញទៅក្រៅអត់បាន។ បន្ទាប់មកគាត់ត្រូវតែធ្វើចត្តាឡីស័កខ្លួនឯងពីរអាទិត្យទៀត អ៊ីចឹងគាត់បែកពីប្រពន្ធកូនគាត់ គ្រួសារគាត់ហ្នឹងរយៈពេល១ខែ។ ទាំងក្រុមគ្រូពេទ្យរបស់ខ្ញុំហ្នឹង អ្នកខ្លះមិនដែលបានជួបប្រពន្ធ និងកូនទេ។ ពួកគាត់ហ្នឹងទោះបីហត់នឿយយ៉ាងណា គាត់នៅតែបន្តទៅមុខទៀត ហើយគាត់តែងតែគិតថាចង់ឱ្យការឆ្លងសហគមន៍នេះបានបញ្ចប់ឆាប់ៗ»។
មកដល់ថ្ងៃទី១៩ ខែមីនា ជារយៈពេលមួយខែហើយ នៃការឆ្លងក្នុងសហគមន៍២០កុម្ភៈ។ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់ថមថយនៅឡើយទេ។ មកដល់ថ្ងៃនេះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យមនុស្ស ១,០៦២នាក់កើតជំងឺកូវីដ១៩ ហើយអ្នកជំងឺ២នាក់ បានស្លាប់ដោយសារមេរោគកូវីដ១៩ផងដែរ។លោកស្រី ពេជ្រ ចន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត បានមើលឃើញថា ការឆ្លងសហគមន៍នេះ ជាការឆ្លងមួយដ៏ធ្ងន់ធ្ងរ។ សម្រាប់លោកស្រី ការឆ្លងធ្ងន់ធ្ងរបែបនេះ ដោយសារមេរោគនេះ ជាមេរោគបំប្លែងខ្លួនថ្មី និងមួយវិញទៀត ដោយសារមានការធ្វេសប្រហែសពីប្រជាពលរដ្ឋ ដែលគិតថាឆ្លងតែនៅក្នុងសហគមន៍ ឬចង្កោមចិន។ ការធ្វេសប្រហែសហ្នឹង ធ្វើឱ្យការឆ្លងសហគមន៍ខ្លាំងក្លាជាងលើកណាទាំងអស់។
បើទោះបីស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានសភាពស្រួចស្រាវយ៉ាងណាក្តី តែលោកស្រី ពេជ្រ ចន្ទមុន្នី មេទ័ពអាវស នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានប្រកាសអះអាងប្តេជ្ញាចិត្តនៅជាមួយប្រជាពលរដ្ឋ ហើយប្រយុទ្ធរហូតដល់ព្រឹត្តិការណ៍នេះបិទបញ្ចប់ជាស្ថាពរ។«ក្រុមគ្រូពេទ្យយើងខ្ញុំនឹងនៅតែនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីបិទបញ្ចប់នូវការឆ្លងសហគមន៍២០កុម្ភៈនេះជាមួយគ្នាទាំងអស់»។ នេះជាការប្តេជ្ញាចិត្តរបស់លោកស្រី ពេជ្រ ចន្ទមុន្នី។
ទន្ទឹមនឹងការប្តេជ្ញាចិត្តប្រយុទ្ធជំងឺកូវីដ១៩ លោកស្រី ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធជាមួយគ្នា។ សម្រាប់លោក បើក្រុមគ្រូពេទ្យប្រឹងប្រយុទ្ធ តែប្រជាពលរដ្ឋមិនចូលរួម គឺមិនអាចទទួលបានជោគជ័យលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឡើយ។លោកស្រី ពេជ្រ ចន្ទមុន្នី បានថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះ «ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងជួយសហការ។ និយាយរួមទៅស្តាប់តាមរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលយើងនេះ គឺត្រូវពាក់ម៉ាស់ លាងអាល់កុលដៃ និងធ្វើម៉េចឱ្យមានគម្លាត។
បើអាចបានសូមអង្វរហើយអង្វរទៀត សូមសម្រាកនៅផ្ទះ បើមិនចាំបាច់កុំចេញពីផ្ទះ ហើយនរណាគិតថាខ្លួនឯងសង្ស័យហើយ គឺសូមទៅធ្វើតេស្ត ហើយបើក្រោយធ្វើតេស្តវិជ្ជមានសូមប្រាប់ព័ត៌មានឱ្យជាក់លាក់ថាខ្លួនឯងបានទៅកន្លែងខ្លះ ដើម្បីក្រុមការងាររបស់ពួកខ្ញុំទាក់ទងបានទាន់ពេលវេលាកុំឱ្យឆ្លងដល់អ្នកផ្សេងៗទៀតនៅក្នុងសហគមន៍»។វីរភាព និងការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩ បានធ្វើឱ្យពួកគេក្លាយទៅជាជនមានវីរភាពដ៏អស្ចារ្យនាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋបានប្រសិទ្ធនាមឱ្យក្រុមគ្រូពេទ្យទាំងអស់ថា ជាកងទ័ពអាវសលើសមរភូមិសត្រូវគ្មានស្រមោល «កូវីដ១៩»៕
No comments:
Post a Comment