ភ្នំពេញ៖ស្រ្តីម្នាក់រស់នៅក្នុងបុរី ហ្គ្រែនភ្នំពេញ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលចុះទៅនាំខ្លួនកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រោយស្រ្តីរូបនេះ បានឡាយនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដោយចោទប្រកាន់សមត្ថកិច្ចនៅ តាមគោលដៅ មិនអនុញ្ញាតឲ្យគាត់ទៅព្យាបាលរបួសដៃ។
តែតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចនៅតាមគោលមិនបានហាមឃាត់គាត់នោះឡើយ ប៉ុន្តែដោយសារផ្លូវចូលបុរី «ហ្គ្រែនភ្នំពេញ» មានការកកស្ទះខ្លាំង ទើបសមត្ថកិច្ចសុំឲ្យគាត់ថយក្រោយ និងវាងតាមផ្លូវផ្សេងវិញ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្ត្រីរូបនេះមានឈ្មោះ ជុង អង្គបូរមី បានប្រើប្រាស់គណនី Fabebook ឈ្មោះ «Jo Jo Beauty for All»។
ស្រ្តីរូបនេះ បានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចបុរី «ហ្គ្រែនភ្នំពេញ» ដោយបានចោទប្រកាន់ខុសពីការពិតមកលើសមត្ថកិច្ច កំពុងអនុវត្តសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ នៅគោលដៅមុខបុរី ហើយក៏ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះទៅនាំខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបានបន្តថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់គាត់ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណជនចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជា ប្រជាពលដ្ឋទាំងអស់ ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ និងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
No comments:
Post a Comment