កំពង់ចាម៖យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា?នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទីកន្លងទៅ នៅចំណុចកោះស្វា ស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លីបណ្តាលឱ្យរងរបួស) បង្កឡើងដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពយកអាវុធខ្លីម៉ាករ៉ូឡូបាញ់ជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឱ្យរងរបួស ត្រង់ចំណុចក្បាលជង្គង់ ផ្នែកខាងស្តាំ០១កន្លែង (បង្កមកពីទំនាស់ពាក្យសសំដី) ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវស៊ើបអង្កេត និងចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការការតាមនីតិវិធី។នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យចូលខ្លួន លេខ០៤ អ យ ឃ/២១ ចេញដោយលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។
២-ចំពោះការចុះផ្សាយរបស់គេហទំព័រសាព័ត៌មាន ថា "មានមនុស្សជាច្រើន តែងតែប្រមូលផ្ដុំគ្នាទៅលេងល្បែងស៊ីសង (បញ្ជល់មាន់និងអាប៉ោង)ជាប្រចាំ ក្នុងចម្ការកៅស៊ូ កោះស្វា នៅកន្លែងកើតហេតុនោះ យើងខ្ញុំសូមបញ្ជាក់ជូនថា តាមការបំភ្លឺពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអាជ្ញាធរក្នុងមូលដ្ឋានបានបំភ្លឺថា ទីតាំងនោះពិតជាមានការលួចលេងល្បែងសុីសងជល់មាន ម្ដងម្កាលពិតមែន ប៉ុន្តែមិនមានទ្រុងទ្រាយជាសង្វៀននោះឡេីយ ហេីយក្រុមអ្នកញៀនល្បែងទាំងនោះ ភាគច្រើន ជាអ្នកមកពីចម្ងាយ ។
ក្រុមការងារព័ត៌មាន និងប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំចំពោះការអនុវត្ដគោលការណ៍ជំនាញ និងនីតិវិធីរបស់សមត្ថកិច្ច និងស្នើសុំកិច្ចសហការពីបណ្តាសារព័ត៌មាន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ក្នុងការផ្តល់ព័ត៌មានមកសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីយើងខ្ញុំមានមូលដ្ឋាន ក្នុងការចាត់វិធាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។
No comments:
Post a Comment