មន្ទីរបរិស្ថានខេត្តកោះកុង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ស្វែងរកមុខជនពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃកោងកាង រាប់រយហិកតានៅក្នុងឃុំព្រែកខ្សាច់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ទីរបរិស្ថានខេត្តកោះកុង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ស្វែងរកមុខជនពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃកោងកាង រាប់រយហិកតានៅក្នុងឃុំព្រែកខ្សាច់

កោះកុង៖ដីព្រៃកោងកាងលិចទឹកប្រមាណជាង២០០ហិកតា លាតសន្ធឹងពីចំណុចភ្នំពយអគ្គីនេត្រដល់ចំណុចព្រែករូងស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ស្ថិតក្នុងដែនដែនឧទ្យានជាតិបុទុមសាគរ ត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថាមានការកាប់បំផ្លាញយកធ្វើកម្មសិទ្ធិពីជនខិលខូច និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកោះកុង ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន ស្វែងរកមុខជនពាកព័ន្ធឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីកិច្ចការពារធនធានធម្មជាតិ។

ប្រជាពលរដ្ឋក្នុងភូមិព្រែកខ្សាច់ បានរាយការណ៍ឲ្យដឹងថា ដីព្រៃកោងកាងលិចទឹកដែលជាព្រៃអភិរក្សនិងការពារដោយច្បាប់ នៅចំណុចភ្នំពយអគ្គីនេត្រ លាតសន្ធឹងដល់ចំណុចព្រែករូង មានទំហំប្រមាណជាង២០០ហិកតា ត្រូវជនខិលខូចសម្រុកចូលកាប់បំផ្លាញកាលពីឆ្នាំ២០២០ ដោយមានមេខ្យល់ដែលជាមន្ត្រីមូលដ្ឋានក្នុងឃុំព្រែកខ្សាច់ ជាអ្នកសម្រប សម្រួលបិទបាំង និងជាអ្នកដើរប្រមូលទិញដីព្រៃកោងកាងទាំងនោះលក់ឲ្យទៅក្រុមឈ្មួញដែលជាមេការក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងតំបន់នោះ និងលក់បន្តឲ្យទៅអ្នកមានលុយផ្សេងៗទៀត ដោយមានការទទួលស្គាល់លើលិខិតទិញលក់ ដោយខុសច្បាប់ ពីអាជ្ញាធរមូលដ្ឋាន។សេចក្តីរាយការណ៍បន្ថែមថា ក្រុមកាប់បំផ្លាញព្រៃកោងកាងទ្រង់ទ្រាយធំនេះ មួយចំនួនជាពលរដ្ឋខិលខូចរស់នៅក្នងឃុំព្រៃកខ្សាច់ មួយចំនួនទៀតជាក្រុមប្រជាការពារឃុំព្រែកខ្សាច់ផ្ទាល់តែម្តង ដោយពួកគេមានមន្ត្រីក្នុងមូលដ្ឋានជាអ្នកនៅពីក្រោយខ្នងឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃកោងកាងនេះតែម្តង។ បន្ទាប់ពីកាប់ព្រៃ និងត្រួសត្រាយព្រំរួចហើយ គឺមានក្រុមមន្ត្រីមូលដ្ឋានដែលមិនមែនជាមន្ត្រីជំនាញផ្នែកដីធ្លី មានសិទ្ធិដើរចុចនិយាមការ ធ្វើលិខិតទិញលក់ឆៅៗក្នុង១ហិកតាតម្លៃចាប់ពី៣០០០ ដល់៤៥០០ដុល្លារក ឲ្យទៅក្រុមអ្នកមានលុយមានអំណាច ។

 ករណីកាប់បំផ្លាញព្រៃកោងទ្រង់ទ្រាយធំបែបនេះនៅក្នងឃុំព្រែកខ្សាច់ ត្រូវបានគណៈកម្មការរដ្ឋបាលខេត្តកោះកុង និងមន្ត្រីជំនាញបរិស្ថានឧទ្យាជាតិបុទុមសាគរចុះទៅពិនិត្យស្រាវជ្រាវ និងរកឃើញថា ជាកាប់កាប់បំផ្លាញព្រៃកោងកាងដោយខុសច្បាប់ ក្នុងដែនឧទ្យានជាតិបុទុមសាគរពិតមែន ប៉ុន្តែនៅមិនទាន់រកមុខជនខិលខូចណាម្នាក់ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់បាននៅឡើយទេ។ ផ្ទុយទៅវិញ ដីព្រៃកោងកាងទំហំជាង២០០ហិតានេះ មួយចំនួនត្រូវគេស្នើសុំកាត់ឆ្វៀលចេញពីឧទ្យានជាតិបុទុមសាគរ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ប្រគល់ឲ្យរដ្ឋបាលខេត្តកោះកុងគ្រប់គ្រងទៅវិញ។លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានប្រាប់អ្មកយកព័ត៌មានតាមទូរស័ព្ទថា លោកបានខិតខំការពារព្រៃកោងកាងក្នុងភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលរបស់លោកខ្លាំងណាស់ ដើម្បីទុកជាប្រយោជន៍រួមមិនដែលធ្វើប្រហែសឡើយ ប៉ុន្តែជនខិលខូចមួយចំនួន នូវតែមានធ្យោបាយអាចលួចកាប់ទន្ទ្រានបានជាដដែល។លោកមេឃុំទទួលស្គាល់ថា កន្លងមកលោកពិតជាបានចុះហត្ថលេខាទទួលស្គាល់លើលិខិតទិញលក់ដីរបស់ពលរដ្ឋពិតមែន ដោយសារពួកគាត់ជាពលរដ្ឋមានឯកសារកាន់កាប់ដីធ្លីដែលមានការទទួលស្គាល់ត្រឹមត្រូវពីអតីតមេឃុំព្រែកខ្សាច់។ 

លោក ហ៊ុន ម៉ារាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះថា មន្ត្រីឧទ្យានុរក្សបុទុមសាគរ ក្រោយចុះពិនិត្យស្រាវជ្រាវ ពិតជាបានរកឃើញថា មានការកាប់បំផ្លាញព្រៃកោងកាងនៅក្នុងដែនឧទ្យានជាតិដោយខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើ ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរពិតមែន ប៉ុន្តែទំហំជាក់ស្តែងមិនដូចការលើករបស់ពលរដ្ឋនោះទេ។ លោកបន្តថា ដីព្រៃកោងកាងទាំងនេះ មួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិបុទុមសាគរ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុងរួចទៅហើយ ក្រោយក្រសួងបរិស្ថានបានកាត់ឆ្វៀលចេញ។ លោកឲ្យដឹងដែរថា  មន្ទីរបរិស្ថានខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីឲ្យអាជ្ញាធរជួយស្វែងរកមុខជនខិល ខូច យកមកទទួលខុសត្រូវចំពោះមុខច្បាប់រួចហើយ។លោក ហ៊ុន ម៉ារ៉ាឌី បន្តថា លោករីករាយស្វាគមន៍រាល់ការសហការផ្តល់ព័ត៌មាន ពីគ្រប់មជ្ឈដ្ឋានដល់មន្ទីបរិស្ថាន បើពលរដ្ឋរកឃើញថាមានការលួចកាប់បំផ្លាញព្រៃឈើក្នុងដែនអភិរក្សយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ដើម្បីចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់យើងទាំងអស់គ្នា។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកខ្សាច់លើកឡើងថា ពួកគាត់គ្មានជំនឿលើអាជ្ញាខេត្តកោះកុង ថាអាចស្វែងមុខរកជនខិលខូច ដែលកាប់បំផ្លាញព្រៃកោងកាងទ្រង់ទ្រាយធំសម្បើមខាងលើ ដើម្បីយកទៅទទួលទោសចំពោះមុខច្បាប់បាននោះទេ ដោយសារការកាប់បំផ្លាញព្រៃកោងកាងក្នងឃុំព្រែកខ្សាច់នេះ គឺពលរដ្ឋតូចតាចមិនអាចធ្វើបានឡើយ បើគ្មានអ្អ្នកមានលុយមានអំណាចនៅពីក្រោយខ្នងនោះ។ និយាយរួមគឺមានការឃុបឃិតជាលក្ខណៈប្រព័ន្ធ ដើម្បីទន្ទ្រានដីព្រៃកោងកាងរបស់រដ្ឋក្នុងឃុំព្រែកខ្សាច់យកធ្វើកម្មសិទ្ធិ ជ្រកក្រោមហេតុផល អាជ្ញាធរមូលដ្ឋានស្នើកាត់ឆ្វៀលដីកាន់កាប់អាស្រ័យផលរបស់ពលរដ្ឋ ហើយចុងបញ្ចប់ដីព្រៃកោងរបស់រដ្ឋទាំងអស់នោះ នឹងក្លាយជាដីកម្មសិទ្ធិស្របច្បាប់របស់បុគ្គលដ៏មានលុយនិងមានអំណាចដែលជាអធិរាជដីធ្លីប្រចាំតំបន់ស្រុកគិរីសាគរ ជាក់ជាមិនខាន ដោយសាបុគ្គលម្នាក់នេះមានអំណាចគ្របសង្កត់លើមន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឲ្យធ្វើអ្វីៗខុសច្បាប់តាមដែលគេចង់បាន។ពួកគាត់បន្តថា វាងាយស្រួលណាស់បើអាជ្ញាធរខេត្តកោះកុងមានឆន្ទះពិតរឹបអូសដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញ និងចង់ស្វែងរកមុខអ្នកទទួលខុសត្រូវនោះ ដោយសារដីព្រៃកោងកាងទាំងអស់នោះ ត្រូវបានក្រុមឈ្មួញដីដ៏មានឥទ្ធិពល បានឃុបឃិតរៀបឯកសារទិញលក់បន្តគ្នា និងសុទ្ធតែមានលិខិតទិញលក់ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានទៀតផង៕










No comments:

Post a Comment

Pages