ស្ទឹងត្រែង៖ខណ្ឌរដ្ឋបាលជលផល បានជូនដំណឹងដល់ ប្រជានេសាទទាំងអស់រួចមកហើយ តាមរយៈការផ្សព្វផ្សាយដោយផ្ទាល់ និងឧឃោសនសព្ទ ដោយមិនអនុញ្ញាតឲ្យធ្វើនេសាទ ដែលប្រើឧបករណ៍ល្មើសច្បាប់ហាមឃាត់ទេ គឺដើម្បីការពារ និងអភិរក្សត្រី មេ ពូជក្នុងកំឡុងពេលពងកូនតាមបែបធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង។ក្រុមឆ្មាំទន្លេ បានធ្វើការដកហូតឧបករណ៍នេសាទ ដែលអ្នកនេសាទដាក់នៅក្នុងអន្លង់អភិរក្សចំណុចតំបន់អភិរក្ស និងដកហូត បាននូវឧបករណ៍នេសាទជាច្រើនមានមងបណ្តែតជាដើម។
លោកនាយរងខណ្ឌក៏បានសំណូមពរឲ្យបងប្អូនប្រជានេសាទទាំងអស់បញ្ឈប់ជាបន្ទាន់នូវ ការប្រើឧបករណ៍ ខុសច្បាប់ ដូចជាឆក់ប្រើថ្នាំបំពុល និងគ្រឿងផ្ទុះ ដែលនាំឱ្យបាត់បង់ និងផុតពូជដល់ធនធានជលផល ក៏ដូចជាត្រីមេពូជ ។សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានទន្លេ៤ហូរកាត់ គឺ ទន្លេស្រែពក, ទន្លេសេសាន, ទន្លេសេកុង និងទន្លេមេគង្គ។ ទន្លេ ទាំងនេះ ជាតំបន់ អន្លង់ជ្រៅ ដែលជាជង្រុក និងជាជម្រករបស់ត្រីមេពូជដ៏សំខាន់។
សម្រាប់តំបន់ខេត្តស្ទឹងត្រែងខណ្ឌរដ្ឋបាល ជលផលបានប្រកាសថាការបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ ទោះបី នៅក្នុងកំឡុងពេលបិទរដូវនេសាទក៏ដោយបងប្អូនប្រជានេសាទក៏នៅតែអាច ធ្វើការនេសាទបាន ដោយប្រើឧបករណ៍នេសាទជាលក្ខណៈ គ្រួសារមានដូចជាសៃយ៉ឺន លប សំណាញ់ សន្ទូច ផ្លែ មួយ អង្រុត ចាន់ តុ ម ទ្រូ កញ្ច្រែង ដងត្រី និង ឧបករណ៍ មួយ ចំនួន ទៀត ។
យុទ្ធនាការហាម ឃាត់ក្នុងរដូវបិទនេសាទមន្ត្រីជំនាញបានផ្សព្វផ្សាយអបរំ ណែនាំប្រជានេសាទ ដែលនេសាទដោយប្រើឧបករណ៍មងបណ្តែត ក្នុងរដូវបិទនេសាទចំនួន ២១០នាក់។ ព្រមានដោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះអ្នកនេសាទ ដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន១០៣នាក់ និងធ្វើកិច្ចសន្យាចំពោះអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់ចំនួន ១២នាក់។
ជាមួយនោះក៏បានដកហូតមងបណ្តែត ដែលលួចនេសាទនៅក្នុងរដូវបិទនេសាទ និងតំបន់អភិរក្សសត្វផ្សោត បានប្រវែងប្រមាណ ៣.១៧០ម៉ែត្រ និងសន្ទូចរនងចំនួន ៤២០ផ្លែ, រឹបអូសស្បៃមុងប្រវែង ២០០ម៉ែត្រ, លបប្រើស១០០ ប្រវែង ១៨០ម៉ែត្រ និងសាច់អួនប្រវែង ១៥០ម៉ែត្រ។ មានទាំងធ្វើការផ្សព្វផ្សាយពីរដូវបិទនេសាទឲ្យបានជ្រួតជ្រាបដល់គ្រប់សហគមន៍ទាំងអស់តាមវិទ្យុ ផ្សាយតាមមេក្រូ ខិតប័ណ្ណ បណ្តាញទំនាក់ទំនងសង្គម និងជួបផ្ទាល់តាមខ្នងផ្ទះ។
No comments:
Post a Comment