កណ្តាល៖លោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបែកធ្លាយសំឡេងអួតក្អេងក្អាង ថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ» និង ពាក់ព័ន្ធករណីយកកាំភ្លើងបាញ់ឆ្កែចំនួន៣គ្រាប់ នោះ ឥឡូវនេះ ត្រូវបានលោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ ថា ករណីនេះ គឺ បាន «ស្នើគោលការណ៍ទៅក្រសួងហើយ អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ» ។
លោកអនុសេនីយ៍ឯក អ៊ុន សំអាត និយាយថា «អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃ មិនមែនដូចអញ១អាទិត្យធ្វើការ តែ១ថ្ងៃ ទេ រកស៊ី៦ថ្ងៃ ព្រលឹមឡើងមកស្អាង ល្ងាចឡើងទៅតាខ្មៅ វិញ» ។ ក្រោយពីទទួលបានព័ត៌មាននេះហើយ ឃើញថា អ្នកលេង Facebook មួយចំនួន ចោទជាសំណួរ ថា «តើលោកប៉ូលិស អ៊ុន សំអាត គួរបន្តធ្វើជាប៉ូលិសទៀតទេ» ? និង សំណូមពរអោយថ្នាក់លើពិនិត្យបញ្ហានេះផង ។
Facebook ឈ្មោះ ជុំសា វឿន សរសេរថា «ប្អូនប្រុសធ្វើប៉ូលិសនៅខេត្តណា ឬ ក្រសួង និងសង្កាត់ណា អីក៏ស្រួលយ៉ាងនេះមួយអាទិត្យ ធ្វើការមួយថ្ងៃ ស្រួលណាស់ប្អូន កូនពូជាមន្រ្តីប៉ូលិសដែរ តែកូនពូបានបំពេញភារកិច្ចជូនរដ្ឋនិងប្រជាជន គ្រប់ពេលវេលា ហើយគោរពភារកិច្ចនិងតួនាទីរបស់ខ្លួន ដែលមេអង្គភាពប្រគល់ជូនបានល្អណាស់ ខុសពីក្មួយមានពេលរកក្រៅបានចាំតែបើកប្រាកខែប៉ូលិសខាងណាលោកអើយ»។
Theara Chhay អ្នកលេង Facebook ម្នាក់ទៀត រិះគន់ថា «១អាទិត្យធ្វើការ១ថ្ងៃ អួតគេក្តែងៗឯងវិញក៏ប៉ូលិសដូចលោកដែរ ធ្វើការគ្មានស្គាល់ចុងសប្តាហ៍មិនហ៊ានទាំងនិយាយផង» ។Facebook មួយទៀតឈ្មោះ Sovannarith Run សរសេរថា «ដេកស៊ី កម្លាំងញើសឈាមរាស្រ្ត ល្មមដកក្បាលចោល សូមថ្នាក់ដឹកនាំមេត្តាពិនិត្យផង» ។ នៅមាន Facebook ជាច្រើនទៀត បានរិះគន់លោក អ៊ុន សំអាត ។
គួររំលឹកថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញផ្សាយនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះដែរថា ក្រោយពីទទួលបានព័ត៌មាន ករណីមន្រ្តីនគរបាលម្នាក់យកកាំភ្លើងបាញ់ឆ្កែចំនួន៤គ្រាប់ ដោយខឹងឆ្កែដេញខាំ បណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះភិតភ័យ , លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្សដែលមានការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីខាងលើ ។
ជាលទ្ធផល ផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា ៖ មន្រ្តីនគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដែលបានប្រើប្រាស់កាំភ្លើងខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌សតូចៗ ០៨គ្រាប់ បាញ់អស់០៣គ្រាប់ នៅសល់០៥គ្រាប់។
តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើតនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោលបំណងទៅយកក្មួយ មកញាំនំនៅផ្ទះម្តាយ លុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុត លោកក៏ជិះម៉ូតូទៅផុតទៅ។
មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។ ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹង បានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់ បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់ តែមិនត្រូវទេ។
បច្ចុប្បន្ន លោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបានសួរនាំ រួមជាមួយកាំភ្លើងខ្លី០១ដើម គ្រាប់ជ័រពណ៌សតូចៗ ០៥គ្រាប់ ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យ ។ ជាមួយគ្នានេះ មានការបែកធ្លាយសំឡេង លោកអនុសេនីយ៍ឯក អ៊ុន សំអាត បម្រើការងារនៅការិយាល័យពិនិត្យភាគនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយបានអួតអាង ថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ» ។
No comments:
Post a Comment