លោកជំទាវ ខុង លីសុីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប បានប្រគល់ថវិការ ២៨.០០០ ដុល្លាអាមេរិក ជូនទៅកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយជនក្រីក្រ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជំទាវ ខុង លីសុីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប បានប្រគល់ថវិការ ២៨.០០០ ដុល្លាអាមេរិក ជូនទៅកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយជនក្រីក្រ

ភ្នំពេញ៖នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាថវិកាចំនួន 28,000 ដុល្លារអាមេរិក ពីលោកជំទាវ ខុង លីស៊ីអាណា ឌួងងៀប អគ្គនាយកក្រុមហ៊ុន ឌីអិនជី គ្រុប ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ខុង លីស៊ីអាណា ឌួងងៀប និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពទាំង ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ឱ្យបានគ្រប់ចំនួន ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនេះ គឺជាការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែ សម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនថា កាកបាទក្រហមកម្ពុជា នឹងរៀបចំពិធីប្រគល់-ទទួលផ្ទះ ជាជំហានទី១ ចំនួន ៥០ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

ជាកិច្ចឆ្លើយតប លោកជំទាវ ខុង លីស៊ីអាណា ឌួងងៀប បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ 270ដុល្លារអាមេរិក៕







No comments:

Post a Comment

Pages