ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក


  ភ្នំពេញ ៖ ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលឱ្យសាលាខណ្ឌព្រែកព្នៅចុះត្រួតពិនិត្យនិងផ្សព្វផ្សាយនៅតាមទន្លេដែលមានផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

  ក្នុងខណៈដែលសាលាខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅតាមទន្លេដែលមានផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាបក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ លោកចៅ វាសនា បានលើកឡើងថា ក្នុងនាមប្រធានភូមិក្រួស និងប្រជាពលរដ្ឋទាំងអស់សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញនេះ ដែលមកដល់បច្ចប្បន្ននេះមានបងប្អូនច្រើនជាតិសាសន៍ដែលមកតាំងទីលំនៅក្នុងទឹកទន្លេ បានបង្កឱ្យខាតប្រយោជន៍ជាតិខ្លាំងណាស់។យើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាសន៍ចង់ឃើញទីក្រុងស្អាត បរិស្ថានល្អ ច្រាំងស្អាតទាក់ទាញទេសចរ ពិសេសតំបន់ខណ្ឌព្រែកព្នៅជាតំបន់មួយដែលត្រូវរៀបចំទទួលភ្ញៀវមកទស្សនាស៊ីហ្គេមឆ្នាំ២០២៣នាពេលខាងមុខនេះ។

លោកបន្តថា បច្ចុប្បន្នប្រជាជនដែលរស់នៅលើទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីមិនមែនមានតែមួយជនជាតិទេ ហើយការរស់នៅបែបនេះគឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅភាគច្រើនក្នុងរាជធានីព្រោះបានបំពុលបរឹស្ថានធ្ងន់ធ្ងរ ដោយបន្សល់កាកសំណស់រឹង និងរាវចូលទន្លេមួយថ្ងៃម្នាក់ប៉ុន្មានដង ហើយប៉ុន្មាននាក់ ប៉ុន្មានគ្រួសារ? ហើយនរណាហូបទឹកទន្លេនេះខ្លះ? ពិសេសតំបន់ព្រែកព្នៅកាកសំណល់មនុស្សផងនិងកាកសំណល់ត្រីសាច់ដែលលក់សល់ហើយខូចគេយកមកធ្វើប្រហុក ផ្អកហើយទម្លាក់កាកសំណល់ចូលក្នុងទន្លេមិនថារដូវត្រីទេគឺគ្រប់រដូវ ព្រោះត្រីចិញ្ចឹមនិងត្រីយកមកពីក្រៅគឺធ្វើរាល់ថ្ងៃតែម្តង។

  ចំណែកលោកហម សោភ័ណ្ឌ ប្រជាពលរដ្ឋក្នុងភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅវិញបានលើកឡើងថា ខ្ញុំសុំគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលការធ្វើនេះមិនសំដៅតែទៅលើជនជាតិមួយណានោះទេ មិនថាបងប្អូនខ្មែរ ឬជាតិសាសន៍ណាក៏ដោយឱ្យតែរស់នៅបំពុលបរិស្ថានបែបនេះត្រូវតែចាកចេញ។ ប្រទេសយើងក៏ដូចប្រទេសជិតខាងយើងឬប្រទេសដទៃទៀតក្នុងពិភពលោកគ្មាននរណាអនុញ្ញាតឱ្យពលរដ្ឋរស់នៅបំពុលបរិស្ថានបែបនេះទ។  ប្រទេសយើងកាន់តែជឿនលឿន ទីក្រុងយើងកាន់តែស្រស់ស្អាត ដូចនេះយើងត្រូវរួមគ្នាជួយសម្អាតទាំងលើគោកនិងលើទឹក ដើម្បីការរស់នៅមានបរិស្ថានល្អ ផាសុកភាព និងដម្បីមុខមាត់ប្រទេសជាតិយើងផងដែរ។

លោកបន្តថា សាលារាជធានីភ្នំពេញធ្វើនេះមិនមែនប្រឆាំងជាតិសាសន៍ណាទេ គឺធ្វើដើម្បីទាំងអស់គ្នាទូទៅ គឺទីក្រុងត្រូវស្អាតសម្រាប់ទាំងអស់គ្នា សម្រាប់ទាំងអស់គ្នាត្រូវតែស្អាតសម្រាប់ទីក្រុង សម្រាប់គ្រប់ជាតិសាសន៍ដែលនៅក្នុងទីក្រុងរួមទាំងទេសចរផងដែរ ហើយយើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាសន៍ចង់ឃើញទីក្រុងស្អាត បរិស្ថានល្អ ដើម្បីសុខភាពល្អទាំងមនុស្សនិងសត្វ។

  គួរបញ្ជាក់ថា តាមការស្រង់ស្ថិតិរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាមមានចំនួន២៩២ខ្នងផ្ទះ និងមានចំនួន៣០៨គ្រួសារនៅក្នុងភូមិក្រួសនៃសង្កាត់សំរោង និងក្នុងភូមិឌួង ភូមិពោធិមង្គល ភូមិផ្សារលិច និងភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ ដែលបានមកសង់ផ្ទះ បែចិញ្ចឹមត្រីរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះ និងបែត្រីទាំងនោះបណ្តែតមកថ្ពក់គ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង៕

      

No comments:

Post a Comment

Pages