ភ្នំពេញ៖ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ នេះ ខ្ញុំបានជួយសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ រវាងភាគី ឡាយ យ៉ារិទ្ធ ភេទស្រី អាយុ ៣៩ឆ្នាំ និង លោក សឿន ប៊ុនធី អាយុ ៤៦ឆ្នាំ ដែលជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី។ តាមពិតទៅភាគីទាំង២គឺជាមនុស្សរាប់អានគ្នាស្និទ្ធស្នាល ពីព្រោះប្តីរបស់ ឡាយ យ៉ារិទ្ធ ក៏ធ្លាប់បានទៅសិក្សានៅប្រទេសអូស្រ្តាលី ហើយត្រូវបាន លោក សឿន ប៊ុនធី រាប់អាននិងជួយទំនុកបម្រុងមួយរយៈក្នុងពេលស្នាក់នៅ និងសិក្សានៅទីនោះ។
ដោយមានទំនុកចិត្តគ្នាខ្លាំង និងដោយអំណោយផលទីផ្សាអចលនទ្រព្យនៅប្រទេសកម្ពុជា លោក សឿន ប៊ុនធី បានទម្លាក់ថវិកាជាង៤០ម៉ឺនដុល្លារមកអោយភាគី ឡាយ យ៉ារិទ្ធ ទិញដីសម្រាប់សាងសង់ផ្ទះល្វែងលក់យកចំណេញចែកគ្នា។ ប៉ុន្តែភាគីទាំងពីរមិនបានធ្វើកិច្ចសន្យាប្រកបអាជីវកម្មជាមួយគ្នាទេ គ្រាន់តែនិយាយគ្នាដោយមាត់ទទេរ។ រីឯការទូទាត់ប្រាក់មួយចំនួនក៏មិនមានវិក្ក័យប័ត្រប្រគល់ទទួលទៀតផងព្រោះតែទំនុកចិត្តគ្នាខ្លាំង។
មិនយូរប៉ុន្មានក៏មានរឿងរ៉ាវកើតឡើង ហើយក៏មានការប្តឹងផ្តល់គ្នាឡើងតុលាការ។ រីឯអចលនទ្រព្យមួយចំនួនក៏ត្រូវបានប្តឹងដាក់រក្សាការពារ និងមួយចំនួនទៀតត្រូវបានភាគីម្ខាងយកទៅបញ្ចាំយកលុយដោយមិនអោយភាគីម្ខាងទៀតដឹង ទើបធ្វើអោយរឿងរ៉ាវនេះកាន់តែស្មុគ្រស្មាញដោះស្រាយមិនចេញ ទើបភាគីម្ខាងសម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។
ក្រោយពីខ្ញុំបានយកករណីនេះមកសិក្សាពិនិត្យល្អិតល្អន់ហើយក៏បានសម្របសម្រួលភាគីទាំង២ ក្រៅប្រព័ន្ធតុលាការដែលបានឈានដល់ចុះកិច្ចសន្យាសះជាបញ្ចប់វិវាទនៅថ្ងៃនេះក្រោមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ ភាគីម្ខាងមានរយៈពេល៦ខែ ដើម្បីដាក់លក់អចលនទ្រព្យទាំងអស់ប្រគល់ប្រាក់ដើមទៅភាគីម្ចាស់លុយ រីឯប្រាក់ចំណេញ គឺចែកជាពីរចំណែកស្មើគ្នា។
ខ្ញុំសូមណែនាំ និងរំលឹកដល់ភាគីទាំងឡាយដែលកំពុងប្រកបអាជីវកម្ម ឬមានគំនិតចង់ប្រកបអាជីវកម្មរួមជាមួយគ្នាលើវិស័យអចលទ្រព្យឬវិស័យផ្សេងៗ ទោះបីកម្រិតទឹកប្រាក់តិចតួចឬច្រើនក្តី ហើយទោះបីគោរពស្រឡាញ់ទុកចិត្តគ្នាក្នុងកម្រិតណាក៏ដោយ គឺត្រូវតែមានកិច្ចព្រមព្រៀងជាមួយគ្នាអោយបានច្បាស់លាស់ពីដំបូង។ រាល់នូវការទូទាត់ប្រាក់ (ភាគហ៊ុន បើកប្រាក់ចំណេញ ឬបង្វិលប្រាក់សង គឺត្រូវតែមានវិក្ក័យប័ត្រ ឬរបាយការណ៍ធនាគារ (Bank Statement) ឬឯកសារប្រគល់ទទួលជាមួយស្នាមមេដៃអោយបានត្រឹមត្រូវ។
ត្រូវមានការតម្កល់ទុកនូវឯកសារ ប្លង់ដីច្បាប់ដើមនៅ ភាគីណាមួយ ត្រូវមានលិខិតស្នាមធានាផ្សេងៗដែលមានសាក្សីដឹងលឺ ឬអជ្ញាធរទទួលស្គាល់ថាជាអចលទ្រព្យនេះជាកម្មសិទ្ធិឯកជន ឬ សហកម្មសិទ្ធិ ឬ កម្មសិទ្ធិអវិភាគជាដើម។ បើពុំនោះទេពេលមានរឿងរ៉ាវកើតឡើង គឺពុំមានភ័ស្តុតាងអ្វីបញ្ជាក់ការពិតជូនសមត្ថកិច្ច ឬតុលាការឡើយ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment