ចាប់ផ្សឹកអនុគណស្រុកដំណាក់ចង្អើរ លួចមានស្រីស្នេហ៍ អ្នកភូមិជាង ៥០០នាក់ ចេញមុខតវ៉ាឲ្យបង្ហាញភស្តុតាង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចាប់ផ្សឹកអនុគណស្រុកដំណាក់ចង្អើរ លួចមានស្រីស្នេហ៍ អ្នកភូមិជាង ៥០០នាក់ ចេញមុខតវ៉ាឲ្យបង្ហាញភស្តុតាង


image

កែប៖ពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង ៥០០នាក់ បានចេញមុខការពារព្រះតេជគុណព្រះនាម ម៉ៅ សើយ មានព្រះជន្ម ៣៣ព្រះវស្សា ជាព្រះចៅអធិការវត្តភ្នំលាវ និងអនុគណស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោយប្រធានមន្ទីរធម្មការ និងសាសនាខេត្ត រួមជាមួយបក្សពួកបង្ខំឲ្យព្រះអង្គសឹក ដោយចោទប្រកាន់ថា លួចមានស្នេហាជាមួយស្ត្រីមេម៉ាយកូនមួយនៅក្បែរវត្ត។

ក្រុមប្រជាពលរដ្ឋដែលគោរពស្រឡាញ់ចៅអធិការវត្តខាងលើ បានទាមទារឲ្យមានដំណោះស្រាយមួយជូនព្រះអង្គ ដោយបង្ហាញមុខអ្នកដែលបានចោទប្រកាន់ព្រះអង្គ និងភស្តុតាង ព្រមទាំងស្នើឲ្យ លោក មៀច អែម ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោក ពេជ្យ ប្រធានការិយាល័យសាសនា នៃមន្ទីរធម្មការ ចេញមុខស្រាយបំភ្លឺឲ្យពុទ្ធបរិស័ទបាត់ឆ្ងល់ ក្នុងករណីដែលក្រុមលោក បានបង្ខំឲ្យព្រះសង្ឃខាងលើ សឹកដោយឯកតោភាគី មិនមានការជូនដំណឹងដល់គណៈកម្មការវត្ត អាចារ្យវត្ត និងសំអាងតែលើភស្តុតាងតែម្ខាង។រឿងរ៉ាវនៃការបង្ខំផ្សឹកព្រះសង្ឃមិនបានជោគជ័យ ក្រោយពីក្នុងវត្តមានការទូងស្គរ ប្រកាសឲ្យពុទ្ធបរិស័ទមកជួបជុំគ្នានេះ បានកើតឡើងតាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ ដោយមកទល់ពេលនេះ មិនទាន់មានការបំភ្លឺដល់មហាជននៅឡើយ ពីសំណាក់អាជ្ញាធរ និងមន្ទីរធម្មការ និងសាសនាខេត្ត។ ពលរដ្ឋបានឆ្លាស់វេនគ្នា មកយាមនៅវត្តអារាមទាំងយប់ទាំងថ្ងៃ ខ្លាចក្រែងមានការចាប់ព្រះកាយព្រះសង្ឃទៅដោយប្រការណាមួយ។    អ្នកស្រី សៅ ទូច ជាអ្នកគោរពស្រឡាញ់ព្រះសង្ឃ បានឲ្យដឹងថា?ក្រោយមានរឿងចោទលោកគ្រូចៅអធិការវត្តមក អ្នកស្រីបានមកវត្តទាំងយប់ទាំងថ្ងៃ ដើម្បីចង់ដឹងរឿងពិត និងការពារព្រះអង្គ ដោយបារម្ភខ្លាចក្រែងមានការចាប់ព្រះកាយព្រះអង្គទៅដោយមិនមានមូលហេតុ។ 

អ្នកស្រីថា ព្រះចៅអធិការវត្តអង្គនេះ តាំងតែពីដើមមកជាមនុស្សស្លូតត្រង់ ហើយកំឡុងពេលធ្វើជាចៅអធិកាវត្តគិតតែតែខិតខំកសាងវត្តឲ្យរីកចម្រើន ចេះជួយអ្នកភូមិពេលមានទុក្ខ ហើយក្នុងអំឡុងពេលកូវីដផ្ទុះដំបូងៗ ដើម្បីសងថ្លៃជាង លោកបានឲ្យអ្នកផ្ទះ លក់ដីដែលជាកេរមរតករបស់ពុកម្តាយ ដើម្បីបង្គ្រប់ឲ្យជាងជាដើម។ អ្នកស្រីបន្តថា ប្រសិនបើព្រះចៅអធិការអង្គនេះ បានប្រព្រឹត្តិដូចការចោទប្រកាន់មែន អ្នកស្រីក៏ដូចជាអ្នកភូមិដទៃទៀត មិនស្តាយស្រណោះនោះទេ គឺទុកឲ្យច្បាប់វិនិច្ឆ័យចុះ តែសូមបំភ្លឺឲ្យពលរដ្ឋបាត់ចម្ងល់ផង។ ដោយឡែកអ្នកស្រី មី អ៊ីន បានលើកជាសំណួរថា មកទល់នឹងថ្ងៃនេះទៅហើយ ហេតុអីបានគ្មានដំណោះស្រាយឲ្យលោក បើលោកខុសបង្ហាញភស្តុតាងមក ឲ្យអ្នកភូមិបានស្រឡះចិត្ត។ អ្នកស្រីបានលើកឡើងថា ការដែលអ្នកស្រី និងអ្នកភូមិឯទៀត មកនាំគ្នាមកដេកនៅវត្តទាំងថ្ងៃទាំងយប់នេះ រយៈពេល ៣ថ្ងៃមកនេះ ដោយសារខ្លាចគេមកចាប់លោកយកទៅសឹក ដោយគ្មានមូលហេតុច្បាស់លាស់។ អ្នកស្រីបន្តថា អ្នកភូមិចង់ឲ្យមានដំណោះស្រាយលាងភាពស្អាតស្អំជូនដល់ព្រះចៅអធិការវត្តអង្គនេះវិញ ដើម្បីឲ្យលោកអាចនៅកសាងវត្តបន្តទៀត។ 

ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស់នេះ ស្រ្តីឈ្មោះ ទប (កន្ទប់) ជាម្តាយរបស់នារីដែលគេអះអាងថាជាអ្នកដាក់ពាក្យបណ្តឹងនោះ បានចេញមកបដិសេធចំពោះការលើកឡើងទាំងនេះ ដោយអ្នកស្រីថា កូនរបស់គាត់ពិតជាមេម៉ាយ កូន១ប្រាកដមែន និងធ្វើការនៅកាស៊ីណូ ព្រែកចាក តែមួយរយៈកូវីដ កូនអ្នកស្រីបានឈប់ពីការងារនេះ ហើយទៅធ្វើការនៅភ្នំពេញ ប៉ុន្តែស្រាប់តែនៅថ្ងៃកើតហេតុនោះលេចលឺ ព័ត៌មានថា កូនរបស់គាត់ជាអ្នកដាក់ពាក្យបណ្តឹងប្តឹងចៅអធិការវត្ត ម៉ៅ សើយ។  អ្នកស្រីរៀបរាប់ថា ដើម្បីស្រាយបំភ្លឺ កូនអ្នកស្រីក៏បានត្រឡប់ពីភ្នំពេញមកបញ្ជាក់ឲ្យព្រះសង្ឃ និងអ្នកភូមិបានដឹង តែមកមិនទាន់ដល់វត្តផង គឺមានកម្លាំងនគរបាល នាំខ្លូនកូនស្រីគាត់ នៅពាក់កណ្តាលផ្លូវ ទៅកាន់ស្នងការនគរបាលខេត្តកែបបាត់ទៅហើយ។ កូនស្រីអះអាងប្រាប់អ្នកស្រីថា មិនបានពាក់ព័ន្ធស្នេហាជាមួយព្រះសង្ឃ ម៉ៅ សើយ ឡើយ ហើយរឿងដាក់ពាក្យបណ្តឹងក៏រឹតតែមិនដឹងទៅទៀត។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ព្រះចៅអធិការវត្តព្រះនាម ម៉ៅ សើយ បានមានថេរដីការឲ្យដឹងថា មកទល់ពេលនេះព្រះអង្គមិនទាន់បានដឹងនៅឡើយថា អ្នកណាជាអ្នកប្តឹង ហើយក៏មិនដែលធ្លាប់បានទាក់ទងជាមួយនារីណាមួយនោះដែរ។ 

ព្រះអង្គរំលឹកពីហេតុការណ៍ថា កាលពីថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងជាង៨ ព្រឹក មានខាងមន្ទីរធម្មការ និងសាសនា ចំនួន ៤នាក់មកហៅព្រះអង្គ ឲ្យឡើងលើកុដហើយបានដាក់ជម្រើសឲ្យព្រះអង្គ ២យ៉ាង ទី១ គឺសឹក ទី២ បើពុំព្រមសឹកទេ នឹងមានអាជ្ញាធរ មកដោះស្រាយបញ្ហានេះ ពេលព្រះអង្គសួររកហេតុផល ខាងមន្ទីរថា មានស្ត្រីម្នាក់បានប្តឹង ហើយពុំបានបញ្ជាក់ពីអត្តសញ្ញាណ និងភស្តុតាំងអ្វីឡើយ។ព្រះចៅអធិការវត្តមានថេរដិការរៀបរាប់ទៀតថា បន្ទាប់មក ខាងមន្ទីរ បានតម្រូវឲ្យព្រះអង្គផ្តិតមេដៃលើក្រដាសកិច្ចសន្យាមួយសន្លឹក ស្ថិតក្រោមស្ថានភាពលក្ខណៈបង្ខំ ហើយព្រះអង្គក៏ព្រមផ្តិត ទាំងមិនដឹងថា ក្នុងនោះគេសរសេរពីអ្វី ហើយខាងក្រុមមន្ទីរជំនាញក៏មិនបានអានកិច្ចសន្យានោះឲ្យព្រះអង្គស្តាប់ដែរ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ(សាន់ដេ) មិនអាចស្វែងរកការបកស្រាយពីប្រធានមន្ទីរធម្មការ និងសាសនាខេត្តកែប និងមន្ត្រីពាក់ព័ន្ធ បាននោះទេ នៅពេលនេះ បើទោះបីជាភ្នាក់ងាររបស់យើង បានចុះទៅដល់មន្ទីរផ្ទាល់ដ៏ដោយ ខណៈមន្ត្រីមន្ទីររុញដាក់គ្នាទៅវិញទៅមក ចំណែកលោកប្រធានមន្ទីរ ក៏ពុំអនុញ្ញាតផ្តល់បទសម្ភាសនោះដែរ។លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា កាលពីដំបូងពេលក្រុមមន្ត្រីនៃមន្ទីរធម្មការចុះមកធ្វើការ គឺមិនបានសហការ ឬជូនដំណឹងដល់សាលាស្រុកនោះឡើយ ប៉ុន្តែក្រោយពេលមានការប្រមូលផ្តុំគ្នាឡើងរបស់ប្រជាពលរដ្ឋទើបលោកស្រីបានទទួលដំណឹងនេះ។លោកស្រីបញ្ជាក់ថា អ្វីដែលអាជ្ញាធរព្រួយបារម្ភនោះ គឺបញ្ហាជំងឺកូវីដ១៩ ដោយសារមានការប្រមូលផ្តុំគ្នាច្រើនរបស់ប្រជាពលរដ្ឋ។ ហើយថា ចំពោះបញ្ហានេះ ខេត្តកំពុងតែស្រាវជ្រាវបន្ត៕

No comments:

Post a Comment

Pages