ខេត្តកណ្ដាល ៖ ក្រុមអ្នកបើកបររថយន្តធន់ធំប្រមាណ២រយនាក់បានចតរថយន្តចោលតាមផ្លូវ រួចបាននាំគ្នាទៅធ្វើការតវ៉ាទៅកាន់ក្រសួងសាធារណៈការ និងដឹកជញ្ជូនសុំបន្ថែមទម្ងន់ផ្ទុកឲ្យបានច្រើនជាងមុន ព្រមទាំងស្នើសុំកុំឲ្យមានការចាប់ឃាត់រថយន្តរបស់ពួកគាត់ទុករយៈពេល១ឆ្នាំអី គឺឃាត់ត្រឹមធ្វើការផាកពិន័យបានហើយ ។ចំណែកកងកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តកណ្ដាល ក៏ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីសម្រួលមិនឲ្យមានការកកស្ទះចរាចរណ៍ និងទប់ស្កាត់មិនឲ្យមានអំពើហិង្សាណាមួយកើតឡើង ។
កូដកម្មតវ៉ាខាងលើនេះ បានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២០ ខែកក្កដានេះ នៅតាមផ្លូវ៦០ម៉ែត្រត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅក្នុងភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាប់ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រុមអ្នកបើកបររថយន្តធន់ធំទាំងនោះបាននិយាយថា ពួកគាត់លើកគ្នាធ្វើការតវ៉ានាពេលនេះ គឺដើម្បីទាមទារសុំឲ្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបន្ថែមទម្ងន់ផ្ទុកឲ្យបានច្រើនជាងមុន ព្រមទាំងស្នើរសុំកុំឲ្យមានការចាប់ឃាត់រថយន្តរបស់ពួកគាត់ទុករយៈពេល១ឆ្នាំអី គឺឃាត់ត្រឹមធ្វើការផាកពិន័យបានហើយ ។
ព្រោះកន្លងមកក្រុមការងារចម្រុះចល័តដឹកនាំដោយក្រសួងនេះបានឃាត់រថយន្តដឹកលើទម្ងន់បានហើយ មិនព្រមដោះស្រាយផាកពិន័យភ្លាមៗនោះទេ គឺបានទុករហូតដល់រយៈពេល១ឆ្នាំឯណោះទើបដោះស្រាយ ។ ដែលការធ្វើបែបនេះ ផ្អែកទៅលើមូលដ្ឋានច្បាប់ហើយ ប៉ុន្តែគួរតែបន្ធូរបន្ថយដល់ពួកគាត់ផង ព្រោះរថយន្តទាំងនោះពួកគាត់សុទ្ធតែដាក់ប្លង់ដីប្លង់ផ្ទះ ខ្ចីលុយចងការធនាគារមកទិញ ដើម្បីរកស៊ីទេ ហើយបើចាប់បានឃាត់ទុករហូតដល់១ឆ្នាំអញ្ចឹង តើពួកគាត់បានលុយមកពីណាទៅបង់ធនាគារទៅ? ហើយមិនត្រូវធនាគាររឹបអូសយកដីយកផ្ទះអស់ហើយទេ? ។
អ្នកបើករថយន្តខាងលើបានបន្តទៀតថា ដូច្នេះហើយទើបពួកគាត់សម្រេចចិត្តធ្វើការតវ៉ាបែបនេះ សុំឲ្យដោះលែងរថយន្តដែលត្រូវកម្លាំងក្រុមការងារចម្រុះចល័តឃាត់ទុកនោះមកវិញ បានបន្តការរកស៊ីទៀត ។ មិនតែប៉ុណ្ណោះស្នើសុំបន្ថែមទម្ងន់ផ្ទុករបស់រថយន្តចំនួន៤ប្រភេទផងដែរ គឺទី១,ចំពោះរថយន្តកង់៦ ទម្ងន់កំណត់២០តោន សុំបន្ថែម៥តោន រួមទាំងសំបករថយន្ត ទី២,រថយន្តកង់១០ ទម្ងន់កំណត់៣០តោន សុំបន្ថែម៥តោនរួមទាំងសំបក ទី៣,រថយន្តកង់១២ ទម្ងន់កំណត់៤០តោន សុំបន្ថែម៥តោន រួមទាំងសំបករថយន្ត និងទី៤,រថយន្តV1 (វ៉េអង)ទម្ងន់កំណត់៥០តោន សុំបន្ថែម៥តោន រួមទាំងសំបករថយន្ត ទើបរួចថ្លៃប្រេងនិងបានចំណេញខ្លះ ។
ប្រភពដដែលនោះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងពេលធ្វើការតវ៉ានោះ ក្រុមអ្នកបើកបររថយន្តរួមទាំងប្រពន្ធរបស់ពួកគាត់មួយចំនួនផង បានកាន់រូបថតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ស្រែកសុំឲ្យសម្ដេចទាំងទ្វេរជួយដល់ពួកគាត់ព្រមទាំងមានសរសេរបដារទាមទារបិទនៅលើក្បាលរថយន្តថែមទៀតផង។អ្នកបើររថយន្តទាំងនោះក៏បានអះអាងផងដែរថា រថយន្តរបស់ខ្លួនសុទ្ធតែទ្រុងហ្ស៊ីន ប៉ុន្តែនៅតែខាងក្រសួងថា ដឹកលើទម្ងន់ទៀត ហើយចាប់ឃាត់ទុកដល់១ឆ្នាំ ដែលបានធ្វើឲ្យអត់លុយបង់ធនាគារ ពេលនេះ ពួកគាត់លែងខ្លាចជញ្ជីងហើយ គឺខ្លាចធនាគាររឹបអូសផ្ទះទៅវិញទេ ដូច្នេះទើបនាំគ្នាទាមទារឲ្យមានការបន្ធូរបន្ថយខ្លះ ហើយរថយន្តដែលត្រូវឃាត់ប៉ុន្មានថ្ងៃកន្លងមកនេះ សុំឲ្យផាកពិន័យរួចដោះលែងវិញ ដើម្បីចេញរកស៊ីបន្តទៀត ។
សូមជម្រាបថា កន្លងមកថ្មីៗនេះ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការថែទាំដងផ្លូវសាធារណៈឲ្យប្រើប្រាស់បានយូរអង្វែងនោះ ក្រុមការងារចម្រុះចល័តដឹកនាំដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបានឆ្មក់ធ្វើការត្រួតពិនិត្យលើយានយន្តដែលផ្ទុកលើសទម្ងន់នៃកម្រិតកំណត់ ហើយបានឃាត់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន៦គ្រឿង ដែលក្នុង១គ្រឿងៗ ដឹកលើសទម្ងន់ចាប់ពី៥តោន រហូតដល់២១តោន ។ក្នុងនោះដែរ រថយន្ត២គ្រឿង ដែលដឹកលើសទម្ងន់រហូតដល់២០% នៃទម្ងន់ដែលបានអនុញ្ញាតត្រូវបានយកមករក្សាទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រាទី៦០ និងយោងតាមសេចក្ដីជូនដំណឹងលេខ០៤៩ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវថ្នល់ ។
ក្រសួងក៏បានក្រើនរម្លឹកដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់សារជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ ។ក្រោយពេលមានការតវ៉ាបែបនេះ ខាងមន្ត្រីមន្ទីរសាធារណៈការសុំឲ្យក្រុមអ្នកបើកបររថយន្តទាំងនេះជ្រើសរើសតំណាងរបស់ខ្លួនចំនួន៥ទៅ៦នាក់ ដើម្បីទៅចូលរួមជជែកដោះស្រាយគ្នានៅឯមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាលដែរ ។ ប៉ុន្តែភ្លាមៗនោះពួកគាត់មិនព្រមដោយបាននិយាយថា បើចង់ដោះស្រាយ គឺត្រូវដោះស្រាយនៅនឹងកន្លែងដែលពួកគាត់កំពុងតវ៉ានេះតែម្ដង លុះក្រោយមកទើបក្រុមកូដករយល់ព្រមរំសាយបន្ទាប់ពីមន្ត្រីប្រចាំការ នៅទីនោះទទួលយកសំណើរបញ្ជូនទៅកាន់ថ្នាក់លើ ដើម្បីរកដំណោះស្រាយជូនដល់ពួកគាត់ទាំងអស់គ្នានោះ៕
No comments:
Post a Comment