បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីលេចឮថាដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ រួមទាំងដីប៉ុស្តិ៍នគរបាលត្រូវបានគេគុបគិតគ្នាលក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីលេចឮថាដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ រួមទាំងដីប៉ុស្តិ៍នគរបាលត្រូវបានគេគុបគិតគ្នាលក់

 ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១​នេះ​ បន្ទាប់ពីលេចឮថា ដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)រួមទាំងដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានលក់ផ្ដាច់ឱ្យឈ្មួញស្ងាត់ៗបានលុយជិត១លានដុល្លារមកនោះ លោកអភិបាលស្រុកល្វាឯមបានចាត់ឱ្យលោកផៃ ចាន់សុភី អភិបាលរងចុះដឹកនាំកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងករណីដីខាងលើនេះ ។ អភិបាលស្រុកល្វាឯមលោក កន សុខកាយ បានឱ្យដឹងថា ករណីលេចឮថាដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ រួមទាំងដីប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលត្រូវបានគេគុបគិតគ្នាលក់នោះ លោកបានបញ្ជាឱ្យលោក ផៃ  ចាន់សុភី អភិបាលរងចុះដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកមុិញនេះ(ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១​)ដោយហៅខាងជំនាញពាក់ព័ន្ធនិងគណ:កម្មការវត្តចូលរួមដើម្បីបើកការស្រាវជ្រាវជុំវិញករណីលក់ដីខាងលើ។លោក កន សុខកាយ មិនទាន់បញ្ជាក់ថាដីខាងលើលក់ឱ្យទៅឈ្មួញឈ្មោះអី ?និងលក់បានតម្លៃប៉ុន្មាននៅឡើយទេ តែលោកបានអះថាបើដីសម្បត្តិរដ្ឋខាងលើត្រូវគេលក់មែនលោកនឹងរាយការណ៍សុំគោលការណ៍ពីលោកអភិបាលខេត្តកណ្តាលដើម្បីមានវិធានការទាំងអ្នកលក់និងអ្នកទិញរួមទាំងអ្នកគុបគិតតាមច្បាប់។

ទាក់ទិនទៅនឹងពត៌មានលេចឮថាដីប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ត្រូវបានគេឃុបឃិតគ្នាលក់នោះដែរ លោក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានឱ្យដឹងថា ដីស្នាក់ការប៉ុស្តិ៍អរិយក្សត្រចាស់នគរបាលពុំបានលក់ទេ ព្រោះជាដីសុំពីព្រះសង្ឃនៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយថ្មីៗនេះប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រត្រូវបានក្រសួងកសាងឱ្យនៅកន្លែងផ្សេងដែលមានប្លង់និងតាមស្តង់ដារត្រឹមត្រូវ។  យោងតាមការអះអាងរបស់គណៈកម្មការវត្ត សុវណ្ណសាគរ(ហៅវត្តបន្ទាយ) កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២១បានឱ្យដឹងថា ដីវត្តនិងដីសាលាក្នុងមួយកន្លែងៗ មានតម្លៃជិតកន្លះលានដុល្លារ សរុបទាំង២ប្លង់គឺជិត១លានដុល្លារឯណោះ ខណៈដែលនាយកសាលាបឋមសិក្សាសុវណ្ណសាគរដកយកលុយ ចំណែកលុយដីវត្តគឺប្រគល់ឱ្យវត្តត្រឹមតែ២៧ម៉ឺនដុល្លារសម្រាប់ទុកកសាងវត្តប៉ុណ្ណោះ ។ រីឯដីប៉ុស្តិ៍នគរបាលអរិយក្សត្រចាស់ត្រូវបានលក់ស្របពេលគ្នា ពោលគឺរួមបញ្ចូលធ្វើប្លង់តែមួយ ប៉ុន្តែនាយកសាលាខាងលើមិនបានដកភាគរយដូចដីវត្តឡើយ ។ 

គណៈកម្មការវត្តសុវណ្ណសាគរបានបញ្ជាក់ថា ដីគរុភណ្ឌរបស់វត្តមានក្បាលដីប្រវែង៤០ម៉ែត្រ ស្ថិតនៅទល់មុខសាលាបឋមសិក្សាសុវណ្ណសាគរខាងជើងទល់នឹងសាលាឃុំអរិយក្សត្រ ខាងត្បូងទល់នឹងប៉ុស្តិ៍នគរបាលអរិយក្សត្រ, ខាងកើតទល់នឹងផ្លូវកៅស៊ូ និងខាងលិចទល់នឹងដីអូរ ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដីនេះលក់ផ្ដាច់ឱ្យទៅឈ្មួញក្នុងតម្លៃ៤០ម៉ឺនដុល្លារកាលពីឆ្នាំ២០២០។គណៈកម្មការវត្តដដែលបន្តថា ដីប៉ុស្តិ៍នគរបាលអរិយក្សត្រដែលនៅជាប់គ្នា ខាងត្បូងទល់និឹងផ្លូវកំពង់ដអរិយក្សត្រក៏ត្រូវបានលក់ផ្ដាច់ឱ្យឈ្មួញដូចគ្នាក្នុងពេលតែមួយ ហើយបច្ចុប្បន្នគេធ្វើប៉ុស្តិ៍ថ្មីនៅខាងលិចទីតាំងចាស់ក្បែរនោះ។បើតាមការបញ្ជាក់របស់លោក សុខ គា គណៈកម្មការវត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)បានប្រាប់ឱ្យដឹងថា ដីប៉ុស្តិ៍នគរបាលអរិយក្សត្រកន្លែងចាស់ រួមនឹងដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ គឺពិតជាបានលក់ផ្ដាច់ឱ្យឈ្មួញប្រាកដមែន។

ដោយគណៈកម្មការ វត្តបានផ្ដិតមេដៃដឹងឮឯកភាពគ្រប់ៗគ្នា ព្រោះមានព្រះគ្រូ អនុគណស្រុកល្វាឯម រួមនឹងមន្ទីរធម្មការនិងសាសនាខេត្តកណ្ដាល ជាអ្នកអនុញ្ញាតឱ្យលក់។ទន្ទឹមនឹងនោះលោក ជា ប៉ុន ប្រធានគណៈកម្មការវត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)បញ្ជាក់ប្រាប់ថា៖ ដីគរុភណ្ឌរបស់វត្តគឺបានលក់ប្រាកដមែន ក្នុងតម្លៃ៤០ម៉ឺនដុល្លារ។ ប៉ុន្តែវត្តទទួលបានតែ២៧ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈខាងសាលាបឋមសិក្សាសុវណ្ណសាគរ បានយកអស់១៣ម៉ឺនដុល្លារដោយប្រាប់ថា ដើម្បីកសាងសាលារៀន ប៉ុន្តែមិនឃើញកសាងអ្វីទេ?។ លោក ជា ប៉ុន បញ្ជាក់ថា គ្រូដែលយកលុយចំនួន១៣ម៉ឺនដុល្លារពីការលក់ដីវត្តនោះ មានគ្រូភី និងគ្រូផល្លា រីឯលោក ពៅ ម៉ារ៉ា នាយកសាលាបឋមសិក្សាសុវណ្ណសាគរ បានបដិសេធថា លោកមិនបានទទួលលុយចំនួន១៣ម៉ឺនដុល្លារទេ។ លោកបន្តថា ការលក់ដូរដីគរុភណ្ឌនោះ មានការលាក់បាំងមិនឱ្យរូបលោកដឹងទៀតផង។

លោក នូ វិសុទ្ធ ប្រធានការិយាល័យអប់រំស្រុកល្វាឯម បានថ្លែងថា លោកមិនបានដឹងទេរឿងលុយចំនួន១៣ម៉ឺនដុល្លារនោះព្រោះខាងសាលាមិនបានរាយការណ៍មកលោកឡើយ។ចំណែកលោក ខ្លូត សំអឿន មេភូមិអរិយក្សត្រ បានទទួលស្គាល់ថា ដីគរុភណ្ឌរបស់«វត្តសុវណ្ណសាគរ» គឺពិតជាបានលក់ផ្ដាច់ឱ្យឈ្មួញប្រាកដមែនដោយមានប្លង់នឹងស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរភូមិ.ឃុំ ទៀតផង ។ លោកបញ្ជាក់ថា ទាំងដីកន្លែងស្នាក់ការប៉ុស្តិ៍នគរបាលអរិយក្សត្រ រួមនឹងដីខាងជើងប៉ុស្តិ៍ពោលគឺពីផ្លូវកំពង់ដ ទល់និងសាលាឃុំអរិយក្សត្រក្នុងប្លង់តែមួយ ត្រូវបានលក់រួមគ្នាអស់ហើយ ។ ប៉ុន្តែលោក ឌុច ចាន់ មេឃុំអរិយក្សត្រ បានបដិសេធថា លោកមិនដឹងទេរាល់ការទិញលក់ដីគរុភណ្ឌទាំងនោះ។

No comments:

Post a Comment

Pages