ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវចំណាយថវិកាប្រមាណ ២០០លានដុល្លារ ក្នុងការនាំចូលបន្លែបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ភាគច្រើនបន្លែទាំងនោះ បាននាំចូលពីប្រទេសវៀតណាម និងថៃ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា នៅតែមានការនាំបន្លែ មួយចំនួនពីខាងក្រៅ ដូចជា ម្ទេស ត្រប់ គល់ស្លឹកគ្រៃ ជីរជាដើម។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញយល់ថា កម្ពុជា មិនអាចបិទការនាំចូលបន្លែទាំងស្រុងពីវៀតណាមនោះទេ ព្រោះកម្ពុជា ក៏ពឹងផ្អែកវៀតណាម ក្នុងការនាំចេញស្រូវដែរ។វិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា មានកំណើនឡើង។ ពលរដ្ឋជាច្រើន បានងាកមកប្រកបរបរកសិកម្ម ខណៈវិស័យផ្សេងរងផលប៉ះពាល់ដោយសារកូវីដ-១៩។ ការណ៍នេះ បានធ្វើឱ្យការផ្គត់ផ្គង់កសិផលក្នុងស្រុកកើនឡើង ប៉ុន្តែការនាំបន្លែចូលពីប្រទេសជិតខាងចូលមកកម្ពុជា នៅតែមិនអាចកាត់ផ្តាច់បាន។កសិករយល់ថា ការបន្តនាំចូលបន្លែពីវៀតណាម ធ្វើឱ្យតម្លៃនៃកសិផលខ្មែរធ្លាក់ចុះ និងមានបញ្ហាទីផ្សារ ហើយកសិករទាំងនោះ ក៏គាំទ្រឱ្យរដ្ឋាភិបាលបិទការនាំចូលបន្លែទាំងស្រុងពីប្រទេសវៀតណាម។
ឆ្លើយតបបញ្ហានេះ លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម លើកឡើងថា កម្ពុជាមិនអាចបិទការនាំចូលបន្លែទាំងស្រុង ពីប្រទេសវៀតណាម នោះទេ ព្រោះកម្ពុជាស្ថិតក្នុងទីផ្សារសេរី ហើយវៀតណាម ជាទីផ្សារនាំចេញស្រូវ ដ៏ធំមួយរបស់កម្ពុជាផងដែរ។អ្នកជំនាញផ្នែកកសិកម្មរូបនេះ បន្តថា៖«ក្នុងបរិបទកូវីដ-១៩ ធ្វើឱ្យវិស័យដទៃជាច្រើនអសកម្ម ពលរដ្ឋងាកមករកវិស័យកសិកម្ម ដើម្បីផលិតដំណាំស្បៀង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ តែយ៉ាងណា កម្ពុជាមិនអាចបិទការនាំចូលពីវៀតណាមទេ ព្រោះវៀតណាមក៏ទិញកសិផលយើងដែរ ដូច្នេះមានតែប្រកួតប្រជែងលើតម្លៃ និងគុណភាព»។ លោក សុភា បន្តថា បើទោះបីកម្ពុជា មិនអាចកាត់ផ្ដាច់លំហូរនៃការនាំចូលបន្លែទាំងស្រុង តែយ៉ាងហោច ក៏អាចកាត់បន្ថយការនាំចូលខ្លះដែរ ហើយនាំចូលតែបន្លែមួយចំនួន ដែលកម្ពុជា មិនអាចដាំបានប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ លោក សុភា នៅតែជំរុញកសិករឱ្យដាំដុះបន្លែបង្ការទៅតាមលទ្ធភាព ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងទទួលបាន ចំណូលបន្ថែម។
ជុំវិញបញ្ហាខាងលើនេះ ក្រុមកសិករខ្មែរនៅទាមទារឱ្យរដ្ឋាភិបាល គួរគិតគូរបិទការនាំចូលបន្លែពីវៀតណាម បន្តទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃទីផ្សារបន្លែក្នុងស្រុក។ កសិករយល់ថា សព្វថ្ងៃនេះ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់បន្លែដោយខ្លួនឯង។លោក ថេង សាវឿន ប្រធានសមាគមកសិករខ្មែរ បានលើកឡើងថា តាមពិតទៅ កម្ពុជា មិនមែនខ្វះលទ្ធភាព ក្នុងការផលិតបន្លែ ដោយខ្លួនឯងនោះទេ តែដោយសារកង្វះការគាំទ្រ ខ្វះបច្ចេកទេស ទុន និងប្រព័ន្ធធារាសាស្រ្ត ជាមូលហេតុនាំឱ្យកសិករមួយចំនួនបោះបង់ការដាំដុះ និងធ្វើឱ្យកម្ពុជា មិនទាន់អាចផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកទាំងស្រុងដោយខ្លួនឯង។
ពិតណាស់ ជាប្រទេសមានទីផ្សារសេរី ដូច្នេះកម្ពុជា មិនអាចបិទការនាំចូលបន្លែទាំងស្រុងភ្លាមៗនោះទេ គឺទាមទារពេលវេលា និងការរៀបចំប្រព័ន្ធគ្រប់គ្រងកសិកម្មជាមុន។ លោក ថេង សាវឿន ប្រធានសមាគមកសិករ បានរៀបរាប់ដូច្នេះ៖«ពិតណាស់ បើសិនកម្ពុជា បិទការនាំចូលបន្លែទាំងស្រុង ពីវៀតណាម ភាគីវៀតណាម អាចនឹងប្រើវិធីនេះ ត្រឡប់មកយើងវិញ។ វាអាចនឹងប៉ះពាល់ ដល់ទីផ្សារនាំចេញស្រូវ ហើយតម្លៃផលិតផល ក្នុងស្រុកនឹងកើនឡើង»។ថ្វីបើ ការបិទការនាំចូលបន្លែ ទាំងស្រុងពីខាងក្រៅ ពិបាកនឹងធ្វើបាន និងមានផលវិជ្ជមានខ្លះចំពោះកសិផលក្នុងស្រុក តែលោក សាវឿន នៅតែចង់ឱ្យកម្ពុជា បិទការនាំចូលបន្លែ ពីខាងក្រៅដើម្បីរក្សាតម្លៃទីផ្សារកសិផលខ្មែរ។
«ខ្ញុំនៅតែគាំទ្រ ឱ្យបិទការនាំចូលបន្លែពីខាងក្រៅ ទោះអាចមានផលអវិជ្ជមានខ្លះ ក៏ដោយ តែខ្ញុំជឿថា វាអាចនឹងប៉ះពាល់ ត្រឹមមួយរយៈពេល ប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់លោក ថេង សាវឿន ដោយលោកបានបន្ថែមថា៖«តែយ៉ាងណា មិនមែនចេះតែអនុវត្តបាននោះទេ គឺទាមទារឱ្យ កម្ពុជា ផ្លាស់ប្ដូរ ប្រព័ន្ធគ្រប់គ្រងកសិកម្ម ជាមុន»។បើទោះបី កម្ពុជា នៅតែបន្តនាំចូលផលិតផលកសិកម្មមួយចំនួន ពីប្រទេសវៀតណាម តែស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ អ្នកជំនាញក្នុងវិស័យកសិកម្មយល់ថា ការនាំចូលផលិតផលកសិកម្ម មានការថយចុះ។ ដ្បិត មិនមានតួលេខ នៃការនាំចូលផលិតផលកសិកម្ម នារយៈពេលចុងក្រោយ តែលោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំ ថា ការនាំចូលបន្លែ សព្វថ្ងៃ ភាគច្រើនជាបន្លែដែលមិនសូវមានអ្នកដាំ ដូចជាការ៉ុត ស្ពៃបូកគោ និងដំឡូងបារាំង ជាដើម។
ក្រៅពីជាប្រភពនាំចូលផលិតផលកសិកម្ម វៀតណាម ក៏ជាទីផ្សារនាំចេញស្រូវ ដ៏សំខាន់របស់កម្ពុជាដែរ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២១ កម្ពុជា បាននាំចេញស្រូវ ជាង ១លានតោន ទៅប្រទេសវៀតណាម។ប៉ុន្តែរយៈពេលជិតកន្លះខែ ដែលភាគីវៀតណាម បិទច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យស្រូវជាច្រើនតោនរបស់កម្ពុជា មិនអាចនាំចេញបាន ថែមទាំងធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃយ៉ាងគំហុក។ កសិករអាចលក់ស្រូវបានក្នុងតម្លៃ៦៥០រៀល ទៅ៧៥០រៀល ក្នុងមួយគីឡូក្រាម ខណៈមុនការបិទច្រកព្រំដែន កសិករអាចលក់ស្រូវឱ្យទៅឈ្មួញវៀតណាម ក្នុងតម្លៃ ១.០៤០រៀល ក្នុងមួយគីឡូក្រាម៕
No comments:
Post a Comment