៥ឆ្នាំចាំទទួលប័ណ្ណកម្មសិទ្ធិដីធ្លីយ៉ាងអន្ទះសារពីរដ្ឋបាលខេត្តកំពង់ស្ពឺ ពលរដ្ឋរាប់រយគ្រួសារក្នុងឃុំត្រែងត្រយឹង បាត់ជំនឿលើមន្ត្រីជំនាញ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

៥ឆ្នាំចាំទទួលប័ណ្ណកម្មសិទ្ធិដីធ្លីយ៉ាងអន្ទះសារពីរដ្ឋបាលខេត្តកំពង់ស្ពឺ ពលរដ្ឋរាប់រយគ្រួសារក្នុងឃុំត្រែងត្រយឹង បាត់ជំនឿលើមន្ត្រីជំនាញ

ខេត្តកំពង់ស្ពឺៈ ពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងរាប់រយគ្រួសារ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់អស់រយៈពេល៥ឆ្នាំ ពីរដ្ឋបាលខេត្ត បន្ទាប់ពីគណៈកម្មការសុរិយោដីខេត្ត ចុះទៅវាស់វែង ចេញបង្កាន់ដៃចុងសន្លឹកឲ្យពលរដ្ឋកាលពីឆ្នាំ២០១៦កន្លងទៅ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រែងត្រយឹង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពួកគាត់បានកាន់អាស្រ័យផលជាក់ស្តែងលើដីរបស់ខ្លួនតាំងឆ្នាំ១៩៩៤ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមានទាំងបង្កាន់ដៃទទួលស្គាល់ដោយ ការិយាល័យកសិកម្មស្រុកភ្នំស្រួចទៀតផង។ការកាន់កាប់អាស្រ័យផលរបស់ពួកគាត់តាំងពីឆ្នាំ១៩៩៤គឺពុំដែលមានទំនាស់ទេ ស្រាប់តែនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ លេចមុខក្រុមហ៊ុនដាំដំណាំឧស្សាហកម្ម អ៊ុក ឃុន ដែលមានលោកស្រី សុខ សុភាព ជានាយកក្រុមហ៊ុន ថាដីទាំអស់នោះ ជាដីរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរដ្ឋាភិបាល ឲ្យវិនិយោគដាំដំណាំឧស្សាហកម្មទៅវិញ។

ជាស្តែងកាលពីឆ្នាំ២០១៦ ទំនាស់ដីធ្លីរវាងពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង ជាមួយក្រុមហ៊ុនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ស្ទើក្លាយជាសង្គ្រាមបង្ហូរឈាមទៅហើយ។ កាលនោះលោកស្រី សុខ សុភាព បានប្រើប្រាស់កម្មកររបស់ខ្លួនរាប់សិបនាក់ ប្រដាប់ដោយកាំបិត ពូថៅ ដំបងគ្រប់ដៃ និងគ្រឿងចក្រ ប្រើហិង្សាបង្ខំឲ្យពលរដ្ឋម្ចាស់ដីឲ្យចាកចេញ ដោយធ្វើការឈូសឆាយផ្ទះសម្បែង ផលដំណាំរាបដល់ដី ដើម្បីបំបាត់ភស្តុតាង។ ពលរដ្ឋម្ចាស់ដីបាននាំគ្នាចេញមកតវ៉ា ប៉ុន្តែត្រូវបានក្រុមកម្មកររបស់ក្រុមហ៊ុន វាយដំជ្រាំធាក់ រហូតដល់មានអ្នកភូមិស្លាប់ដោយអំពើហិង្សារបស់កម្មករក្រុមហ៊ុនយ៉ាងអយុត្តិធម៌ទៀតផង។ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងលេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ សម្រេចដកហូតដីវិនិយោគទាំងអស់វិញពីក្រុមហ៊ុន ដោយប្រគល់ដីដំណាំស្វាយចន្ទីទំហំត្រឹមតែ៥២ហិកតា ឲ្យទៅលោកស្រី សុខ សុភាព (នាយកក្រុមហ៊ុនដាំដំណាំឧស្សាហកម្ម អ៊ុក ឃុន)ជាអ្នកគ្រប់គ្រង ជាដីសម្រាប់សម្បទានសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងឆ្នាំ២០១៦ លោកស្រី សុខ សុភាព បែរជាហ៊ានផ្គើននឹងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ទៅវិញ។

លោក តូច ឆេង មេភូមិ១ ឃុំត្រែងត្រយឹងបានឲ្យដឹងថា ពលរដ្ឋក្នុងភូមិ១ជាម្ចាស់ដីជាង៣០០គ្រួសារ ទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំងពីក្រុមហ៊ុនដាំដំណាំឧស្សាហកម្មរបស់លោកស្រី សុខ សុភាព។លោកបន្តពលរដ្ឋម្ចាស់ដីទាំងអស់ សុទ្ធតែបានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៤ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងការិយាល័យកសិកម្ម ស្រុកភ្នំស្រួច។លោក តូច ឆេង ឲ្យដឹងដែរថា ក្រុមហ៊ុនដាំដំណាំឧស្សាហកម្មឲ្យកម្មករប្រើហិង្សាឈូសឆាយផលដំាណាំ ផ្ទះសម្បែង និងបណ្តេញទាំងបង្ខំ ឲ្យពលរដ្ឋម្ចាស់ដីឲ្យចាកចេញ ហើយកាន់កាប់យកធ្វើកម្មសិទ្ធិកាលពីឆ្នាំ២០១៦ ដោយមានបណ្តឹងរាប់មិនអស់នៅតុលាការខេត្តកំពង់ស្ពឺ ប៉ុន្តែលោកស្រី សុខ សុភាព ទំនងមានបុគ្គលមានអំណាច ចាំការពារពីក្រោយខ្នង ទើបមកដល់ពេលនេះពុំទាន់មានចំណាត់ការផ្លូវច្បាប់នៅឡើយ។ 

លោកមេភូមិបន្ថែមថា នៅក្នងឆ្នាំ២០១៦ដដែលនេះ ដោយយោងតាមបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល និងដោយយោងតាមសេចក្តីជូនដំណឹងលេខ៩៥៦ របស់រាជរដ្ឋាភិបាល គណៈកម្មការសុរិយោដីខេត្តកំពង់ស្ពឺ បានចុះមកវាស់វែងដីទំនាស់ ស្រង់ស្ថិតិក្បាលដី ចំនួនពលរដ្ឋកំពុងកាន់កាប់អាស្រ័យជាក់ស្តែងដែលមានទំនាស់ជាមួយក្រុមហ៊ុន និងបានចេញបង្កាន់ដៃចុងសន្លឹកឲ្យពលរដ្ឋរងគ្រោះរួចហើយដែរ ប៉ុន្តែបើគិតមកដលពេលនេះរយៈពេល៥ឆ្នាំហើយ ពលរដ្ឋរង់ចាំទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់ យ៉ាងអន្ទះសារ ដើម្បីបានចូលទៅដាំដំណាំឡើងវិញសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ បច្ចុប្បន្នដីទំនាស់ទាំងអស់នោះ គឺស្ថិតនៅក្រោមការកាន់កាប់គ្រប់គ្រងរបស់កម្មករក្រុមហ៊ុននៅឡើយ។

លោក តូច ឆេង ក៏ដូចជាពលរដ្ឋជាង៣រយគ្រួសារ រស់នៅភូមិ១ ឃុំត្រែងត្រយឹង សំណូមពរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្តម វុី សំណាង អភិបាលខេត្ត ដែលតែងយកចិត្តទុក្ខដាក់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ មេត្តាជួយពន្លឿនការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ដល់ពលរដ្ឋរងគ្រោះក្នុងឃុំត្រែងត្រយឹងរាប់រយគ្រួសារ ដែលកំពុងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេល៥ឆ្នាំមកហើយ ដើម្បីបានចូលទៅបង្កបង្កើនផលដូចដើមវិញ៕



































No comments:

Post a Comment

Pages