រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសព្រមានចំពោះក្រុមហ៊ុនទូរស័ព្ទចល័តណាដែលលក់ស៊ីមកាត មិនយកឯកសារសម្គាល់ ។យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងប្រៃសនីយ៍ នៅថ្ងៃទី១០សីហា ឆ្នាំ២០២១ ស្តីពីចំណាត់ការលើប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តដែលលក់ និងចែកចាយស៊ីមកាតដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ បានលើកឡើងថា ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុនវៀតធេល (ខេមបូឌា) និងក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួនដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ។ក្រសួងថា សកម្មភាពនេះ បង្ហាញឱ្យឃើញនូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួង ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និង សេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ។ក្រសួងថា ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ តាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងសូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងពីរ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្រសួងបន្ថែមថា ក្នុងករណីជនទុច្ចរិតទិញស៊ីមកាត មិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុន ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថា ក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល ។ប្រសិនបើ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងចាត់វិធានការដូចខាងក្រោម ៖ ១. ព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័ត ។ ២. បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ។ ៣. ចាត់វិធានការផ្សេងទៀត ស្របតាមមាត្រា៧៨ នៃច្បាប់ស្ដីពីទូរគមនាគមន៍ ៤.រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះនឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ ។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុសច្បាប់។សូមបញ្ជាក់ផងដែរថា?កាលពីពេលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញប្រកាសពីការចាត់វិធានការ ចំពោះក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងប្រិយណីយ៍ បានរកឃើញថា ក្រុមហ៊ុនមួយនេះ បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរស័ព្ទ ជូនអតិថិជន។
យោងតាមសេចក្តីប្រកាស របស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថាៈ ”នាថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរស័ព្ទ ជូនអតិថិជន ដោយបានកាត់ផ្តាច់ លេខទូរស័ព្ទ របស់អតិថិជន ដែលកំពុងប្រើ ប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្ត ឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រម ពីម្ចាស់ដើម”។យោងតាមលិខិតរបស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាៈ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន សាធារណជន អំពីការចាត់វិធានការ លើក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ដូចខាងក្រោម៖។១. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវធ្វើការសុំទោស ជាសាធារណៈ ដោយចុះផ្សាយ ក្នុងគេហទំព័រផ្លូវការ របស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ ខាងលើ កើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវផ្តល់សំណង នៃការខូចខាត ដល់ម្ចាស់ដើម ចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធី ក្នុងការបិទលេខទូរស័ព្ទ ពីអតិថិជន ដែលកំពុងប្រើប្រាស់។៣.ម្ចាស់ដើមមានសិទ្ធិទទួលបាន លេខទូរស័ព្ទនោះ មកប្រើប្រាស់វិញ។៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណី ខាងលើនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាធរមាន។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទ ចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រង និងនីតិវិធី នៃការចែកចាយ និងលក់ស៊ីមកាត ទូរស័ព្ទចល័ត ឱ្យបានត្រឹមត្រូវ ជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះ កើតឡើង។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹង រ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាធរមាន ចំពោះប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្ត ខុស៕
No comments:
Post a Comment