ខេត្តកំពង់ឆ្នាំង៖ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាប្រគល់ឈើដែលគាត់បានទិញមកពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់ផ្ទះឡើងវិញ ហើយត្រូវរដ្ឋបាលព្រៃឈើ សង្កាត់បរិបូណ៌ ចាប់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ប្រគល់ឈើឱ្យគាត់វិញដោយក្តីអនុគ្រោះ។លោកតា តឹក គឹមឡាយ អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២១ កន្លងទៅថាផ្ទះរបស់គាត់មានទំហំ៧ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុង មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ។
លោកតាបញ្ជាក់ទៀតថា ផ្ទះដែលត្រូវបានភ្លើងឆេះនេះរស់នៅទាំងអស់៥គ្រួសារ ដែលមានសមាជិកទាំង អស់ជាង១០នាក់ បន្ទាប់ពីផ្ទះត្រូវភ្លើងឆេះអស់ ក្រុមគ្រួសា ររបស់លោកតា ក៏ត្រូវស្នាក់នៅក្រោមដំបូលស័ង្កសីមួយផ្ទាំងដែលភ្លើងមិនបានឆេះជាបណ្ដោះអាសន្នលើដីចាស់នេះ ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារលោកតា សប្បុរសជនជិតឆ្ងាយរួមទាំងអាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាជាបន្តបន្ទាប់ ។លោកតាបានឲ្យដឹងទៀតថា បន្ទាប់ពីបានប្រាក់ដែលសប្បុ រសជនបានជួយឧបត្ថម្ភ លោកតាក៏បានសុំអនុញ្ញាតិច្បាប់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីទៅរកទិញឈើនៅខេត្តពោធិ៍ សាត់យកមកសង់ផ្ទះថ្មី ខណៈនោះដែរអាជ្ញាធរឃុំ និងរដ្ឋបាលស្រុកបរិបូណ៌ បានចេញលិខិតមួយច្បាប់ ដោយអនុញ្ញាតឱ្យលោកតាទិញឈើចំនួន១០គីប ពីខេត្តពោធិ៍ សាត់ ដើម្បីយកមកសង់លំនៅឋានថ្មីដើម្បីរសនៅ ។
ពេលដែលបាន ការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចហើយ លោកតា ក៏បានជួលគោយន្តពីរគ្រឿងទៅរកទិញឈើ ដោយទិញបានឈើចំនួន៨ម៉ែត្រគីប នៅរ៉ាបំណក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលដឹកឈើមកវិញ ត្រូវឆ្លងកាត់សមត្ថកិច្ច ខេត្តពោធិ៍ សាត់ ដែលឈរជើងតាមគោលដៅជាច្រើនកន្លែង ពេល នោះលោកតាក៏បានបង្ហាញលិខិតអនុញ្ញាតទៅមន្ត្រីឈរ ជើងគ្រប់គោលដៅ តែមិនមានការឃាត់ឃាំងអ្វីឡើយ។លុះមកដល់ចំណុច ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចាប់ឃាត់គោយន្តដឹកឈើទុក បើទោះជាលោក តា បានបង្ហាញលិខិតអនុញ្ញាតពីអាជ្ញាធរស្រុកបរិបូណ៌យ៉ាងណាក៏ដោយ ។
មកដល់ពេលនេះការចាប់ឈើរបស់លោ កតាខាងលើនេះ មានរយៈពេលជិត២០ថ្ងៃមកហើយ ឥឡូ វនេះ លោកតាត្រូវការឈើដើម្បីយកមកសង់លំនៅដ្ឋាន សម្រាប់ជាទីជម្រកដល់ក្រុមគ្រួសារដែលមានសមាជិកទាំងក្មេងទាំងចាស់ មានរហូតដល់ជាង១០នាក់ដែលកំពុងខ្វះទីជម្រកដើម្បីជ្រកកោនឡើងវិញ។ ហេតុនេះ លោកតានិងក្រុមគ្រួសារបាន លើកម្រាមដៃដប់សំពះអង្វរសុំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញ សូមលោកមេត្តាអនុញ្ញាតប្រគល់ឈើមកឱ្យលោកតាវិញដោយក្តីអនុគ្រោះ ដើម្បីនឹងបានសង់ទីជម្រកសម្រាប់កូនចៅតូចៗព្រោះបច្ចុប្បន្នពួកគាត់កំពុងជ្រកក្រោមដំបូលជញ្ជាំងស័ង្កសីមួយផ្ទាំង ដែលសល់ពីភ្លើងឆេះនោះពេញមួយរដូវវស្សានេះហើយ។
ជុំវិញករណីខាងលើនេះ ប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានឲ្យដឹងនៅវេលាម៉ោង៤និង៣១នាទីរសៀលថ្ងៃទី៤តុលា២០២១នេះថា ករណីខាងលើនេះ លោកបានចាត់ឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ តាំងពីលំនៅឋានរបស់គាត់ រហូតដល់ទីតាំងដែលគាត់បានទៅទិញឈើ ពោលគឺបានធ្វើកិច្ចការនេះរួចរាល់ហើយ ដោយពិនិត្យឃើញថា គ្រួសារលោកតាខាងលើ ពិតជាបានទទួ លរងគ្រោះដោយសារភ្លើងឆេះផ្ទះប្រាកដមែន ហើយឈើដែលគាត់ទៅទិញពីពោធិ៍សាត់ នោះគឺយកមកធ្វើផ្ទះពិតប្រាកដណាស់ មិនមែនយកមកជួញដូរអ្វីនោះទេហើយករណីនេះ លោកក៏បានដាក់សំណើជូនទៅលោកអភិបាលខេត្តរួចហើយដែរ ដោយរង់ចាំតែចំណារពីលោកអភិបាលខេត្តតែប៉ុណ្ណោះ ដើម្បីលោកនឹងអោយមន្ត្រីជំនាញប្រគល់ឈើនោះឲ្យទៅម្ចាស់គាត់វិញ៕
No comments:
Post a Comment